ព្រឹតិ្តការណ៍ថ្មីៗ

ឧ​ត្ត​ម​សេនីយ៍​ឯក ​ហ៊ុន ម៉ា​ណែ​ត ៖ ​​ការការពារ​ប្រទេសជាតិ​ គឺ​មិន​ចាំបាច់​តែ​ច្បាំង​នៅ​លើ​សមរភូមិ​នោះទេ ​ការ​ការពារ​សុខ​សន្តិភាព​ ស្ថេរភាព ​របស់​ថ្នាក់ដឹកនាំ​គឺជា​ការងារ​សំខាន់

7 ខែ មុន 33 តូ សុផល

ភ្នំពេញ ៖ ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ​ហ៊ុន ម៉ា​ណែ​ត ​ ​បានថ្លែងថា យោធភូមិភាគ​ពិសេស​គឺជា​ភូមិភាគ​មួយ បើ​ប្រៀប​ធៀប​ជាមួយ​យោធភូមិភាគ​ផ្សេងទៀត​គឺមាន​ការងារ​ច្រើនជាងគេ ​នៅ​ក្នុង​ដំណាក់​កាល​សន្តិភាព ​គឺ​ដើរតួនាទី​ពិសេស​ក្នុង​ថែរក្សា​សេចក្តីសុខ​ប្រជាពលរដ្ឋ សុវត្ថិភាព​សំរាប់​ប្រមុខ​ថ្នាក់ដឹកនាំ​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខងារ មេបញ្ជាការ មេបញ្ជាការរង និង​នាយសេនាធិការ ​នៃ​យោធ​ភូមិភាគ​ពិសេស នៅ​ទីបញ្ជាការ​យោធភូមិភាគ​ពិសេស រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី​១៩ មីនា ២០១៩ ​ម្សិលមិញនេះ ។

ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ​ហ៊ុន ម៉ា​ណែ​ត ​អគ្គមេបញ្ជាការ ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ​ ​មាន​ប្រសាសន៍ទៀត​ថា ​​ការការពារ​ប្រទេសជាតិ​ គឺ​មិន​ចាំបាច់​តែ​ច្បាំង​នៅ​លើ​សមរភូមិ​នោះទេ ​ការ​ការពារ​សុខ​សន្តិភាព​ ស្ថេរភាព​របស់​ថ្នាក់ដឹកនាំ​គឺជា​ការងារ​សំខាន់​។ ​ក្រៅពីនេះ ​ភូមិភាគ​ក៏បាន​ដើរតួនាទី​សំខាន់​នៅក្នុង​ទំនាក់ទំនង​ជាមួយ​ និង ​បណ្តា​ប្រទេស​ផ្សេងៗ ​និង​ជាមួយ​ភាគី​មិត្ត​នៅតាម​តំបន់​ព្រំដែន​។

ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត ​បន្ថែមថា​ ការតែងតាំង ការ​ទទួល​បាន​នូវ​មុខងារ​នេះ ​មិន​មែនជា​ការ​ផ្ទេរសិទ្ធិ ឬ ផ្ទេរ​អំណាច​នោះទេ​ ប៉ុន្តែ​វា​ជា​ការ​ផ្ទេរ​នូវ​ការទទួលខុសត្រូវ​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​អោយ​មាន​សិទ្ធិ ​មានអំណាច​នៅ​ក្នុង​ការធ្វើ​ការដឹកនាំ ​ហើយ​ការទទួលខុសត្រូវ​គឺ​ត្រូវតែ​ខ្ពស់​ដាច់ខាត​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ការងារ​ជូន​កងទ័ព​ទាំងអស់​។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បន្តថា ​ការ​សម្រេចបាន​លទ្ធផល​ទាំងអស់នេះ​ គឺជា​ការ​ឆ្លុះបញ្ចាំង​អំពី ការដឹកនាំ ​សមត្ថភាព ឆន្ទៈ ​និង​ការ​ច្នៃប្រឌិត​នៅក្នុង​ការដឹកនាំ ​ការ​គៀងគរ​កម្លាំង​អោយ​បាន​គ្រប់គ្រាន់​ នៅក្នុង​ការ​បំពេញ​បេសកកម្ម ​ទោះបីជា​ក្នុង​កាលៈទេសៈ​លំបាក​ និង​កាលៈទេសៈ​ស្មុគស្មាញ ​ពេលខ្លះ ​កើតមានឡើង​ទាំង​ការងារ​នយោបាយ និង​ទាំង​ការងារ​យោធា​។

ឯកឧត្តម ហ៊ុន ម៉ាណែត ​បាន​សម្តែង​ការកោតសរសើរ ​ចំពោះ​ការ ខិតខំ​ប្រឹងប្រែង​នៃ​ការ​កសាង នៅ​ក្នុង​អង្គភាព​កន្លងទៅ​ចាប់តាំងពី​ការលំបាក​ និង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ ​គឺ​យើង​តែងតែ​ខិតខំ​ឆ្នៃប្រឌិត បំពេញភារកិច្ច​បាន​គ្រប់​វិស័យ​ទាំង​ការ​កសាង​ជុំរុំ​ជម្រក ​ការហ្វឹកហ្វឺន​ក៏ដូចជា​ការ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាមួយ​អង្គភាព​ផ្សេងទៀត បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​។ ជា​ការ​ឆ្លើយតប​ចំពោះ​គុណូបការៈ គុណបំណាច់ ​និង​ស្នាដៃ​របស់ ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនី​យ៍​ ​ក្នុង​ភារកិច្ច​បម្រើ​ជាតិ ​និង​ប្រជាជន ​នាពេល​កន្លងមក​ ដែល​ជា​ទំនុក ចិត្ត​សម្រាប់​ប្រមុខ​ថ្នាក់ដឹកនាំ​លោក​បាន​តម្លើង​ឋានន្តរសក្ដិ​នេះ ​គឺជា​ការ​សមស្រប​បំផុត ​ជាការ​ទទួលស្គាល់ ​និង​ជា​ការ​លើកទឹកចិត្ត ចំពោះ​បុព្វហេតុ​ជាតិ​មាតុភូមិ ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម​៕

បន្ថែមយោបល់របស់អ្នក

យោបល់