ព្រឹតិ្តការណ៍ថ្មីៗ

ប្លែកណាស់! ជនជាតិជប៉ុន២នាក់ ជាឃាតក ក្នុងករណី អារក ប្លន់យករថយន្ត នៅសៀមរាប

6 ខែ មុន 104 តូ សុផល

សៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកពួក ចាប់ខ្លួនជនជាតិជប៉ុន ២នាក់ នៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី ១៧ ខែមីនា

ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីធ្វើសកម្មភាព អារ ក សម្លាប់អ្នកបើករថយន្តរត់តាក់ស៊ី បណ្តាលឲ្យស្លាប់ភ្លាមៗ រួចរុញសពជនរងគ្រោះទម្លាក់មកលើផ្លូវ និងបានបើករថយន្តគេចខ្លួន។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហាយឡិនឌឺ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ ២AB ៥២១៨ បានបើកមកឈប់នៅកន្លែងកើតហេតុ រួចក៏ស្រាប់តែគេឃើញមានការប្រតាយប្រតប់គ្នា រវាងអ្នកបើករថយន្ត និងអ្នកជិះ ហើយបន្តិចក្រោយមក ក៏ឃើញអ្នកបើករថយន្តដែលខ្លួនប្រាណប្រលាក់ជោគដោយឈាម ត្រូវគេទម្លាក់ចេញពីរថយន្ត រួចមនុស្សដែលនៅក្នុងរថយន្ត ក៏បើករថយន្តគេចចេញពីកន្លែងកើតហេតុ ឆ្ពោះមកទិសខាងកើត ក្នុងបំណងចូលក្រុងសៀមរាប តែចៃដន្យអាក្រក់រថយន្តនោះបើករត់បានប្រមាណចម្ងាយប្រហែល៣០០ម៉ែត្រ បានបុកជាមួយគោយន្ដកន្រ្ដៃយ៍ដឹកស្រូវ ស្របទិសគ្នាទៅមុខលែងរួច បន្ទាប់មកជនសង្ស័យទាំង២នាក់ បានចុះរត់កាត់វាលស្រែ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ។

ប្រភពបានឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានប្រពន្ធឈ្មោះ សុខ ចាន់ធឿន អាយុ៣៨ឆ្នាំ មានកូន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ ទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំណែកជនសង្ស័យទាំង០២នាក់ ជាជនជាតិជប៉ុន គឺ១.ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ និង២.ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ តាមច្រកប៉ោយប៉ែត។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូបានកម្លាំងសមត្ថកិច្ចនាំមកសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ