ព្រឹតិ្តការណ៍ថ្មីៗ

William Guang៖ មានការឃុបឃិត ពុករលួយគ្នាជាប្រព័ន្ធរបស់មន្ត្រីថា្នក់ក្រោមជាតិ រឿងដី១៦៣គ្រួសារ នៅភូមិរោងចក្រ១ ត្រូវ រដ្ឋបាលខណ្ឌសែនសុខ បដិសេធចោលទាំងស្រុង

4 ខែ មុន 585 តូ សុផល

រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូន ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ចំពោះករណី វិវាទដីធ្លីរបស់ប្រជាពលដ្ឋទាំង១៦៣គ្រួសារ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សូមបំភ្លឺករណីនេះ ជូនដូចតទៅ៖ ដីរបស់ប្រជាពលរដ្ឋ១៦៣គ្រួសារ ខាងលើមានទីតាំងនៅភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានទំហំ៩៩៩២ ម៉ែត្រក្រឡា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ១៦៣គ្រួសារតាមរយៈសាលដីកាតុលាការកំពូលលេខ៧៥ “ឈ” ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១១។

ក្រោយពីការអនុវត្តសាលដីការបស់តុលាការ រួចមកក៏កើតមានវិវាទរវាងភាគីលោកស្រី ជា សារ៉ុម និងភាគីលោកស្រី ព្រីង សុជាតិ ដែលអះអាងថាជាសមាជិកក្នុងចំណោមប្រជាពលរដ្ឋទាំង១៦៣គ្រួសារ។ កន្លងមកអាជ្ញាធរបានព្យាយាមផ្សះផ្សារភាគីទាំងពីរដើម្បីបញ្ចប់វិវាទនេះ ប៉ុន្តែភាគីទាំងពីរ មិនអាចរកដំណោះស្រាយរួមគ្នាបាន។
រហូតមកដល់បច្ចុប្បន្ន ដីនេះត្រូវបានចុះបញ្ជីក្បាលដីលេខ១២០៨០១០៦-៣៣៣៨ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដីរាជធានីភ្នំពេញ ជាទ្រព្យអវិភាគរបស់ប្រជាពលរដ្ឋ ទាំង១៦៣គ្រួសារ ដែលមានលោកស្រី ព្រីង សុជាតិ ជាតំណាង។

ការចុះបញ្ជីក្បាលដីនេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានអនុវត្តត្រឹមត្រូវទៅតាមនីតិវិធីសុរិយោដី ហើយបច្ចុប្បន្ន រដ្ឋបាលខណ្ឌ ក៏កំពុងបន្តដោះស្រាយ និងសម្របសម្រួលវិវាទនេះជូនភាគីទាំងពីរផងដែរ។

ដូចនេះ រដ្ឋបាលខណ្ឌសែនសុខ សូមធ្វើការបដិសេធ ចោលទាំងស្រុង ចំពោះការលើកឡើងនៅក្នុង Facebook Page William Guang ដែលបានសរសេរថា “….ករណីនេះ យើងខ្ញុំពិនិត្យឃើញថា ពិតជាមានភាពមិនប្រក្រតី ដែលបង្ហាញពីការឃុបឃិត ពុករលួយគ្នាជាប្រព័ន្ធរបស់មន្ត្រីថា្នក់ក្រោមជាតិ…”។ អាស្រ័យនេះ សូម ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង មេត្តាជ្រាប។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!