ព្រឹតិ្តការណ៍ថ្មីៗ

ករណី ដកលុយពី ម៉ាស៊ីន ATM ធនាគារ ABA ចេញដុល្លារ COPY លាតត្រដាង ការពិតហើយ!

6 ថ្ងៃ មុន 147 តូ សុផល

ABA Bank៖ អតិថិជន និងបងប្អូនអ្នកគាំទ្រធនាគារ ABA ជាទីគោរព!កាលពីថ្ងៃទី១៣ ខែ មីនា ថ្មីៗនេះ យើងខ្ញុំបានឃើញសារក្នុង Facebook មួយដែលបង្ហោះដោយឈ្មោះ Sokunthea Ly ជំនួសមិត្តរួមការងាររបស់ខ្លួនឈ្មោះ Thou Ratha និង Sophea Phanut ដោយបានអះអាងថាពួកគេបានដកប្រាក់ពីទូ ATM របស់ ABA ចំក្រដាសប្រាក់ដែលមានពាក្យ COPY។ Thou Ratha និង Sophea បានដកប្រាក់ពីទូ ATM នៅយប់ថ្ងៃទី 12 ខែ មីនា ឆ្នាំ2019។ ទឹកប្រាក់សរុបដែលពួកគាត់បានដក មានក្រដាសប្រាក់ 100ដុល្លារចំនួន 1សន្លឹក និងក្រដាសប្រាក់ 10ដុល្លារចំនួន 3សន្លឹក។ លុះដល់ថ្ងៃបន្ទាប់ (១៣ មីនា) Thou Ratha មើលឃើញថា ក្រដាសប្រាក់នោះ មានពាក្យ COPY ចំណែកឯក្រដាសប្រាក់ 10ដុល្លារ 3សន្លឹករបស់ Sophea Phanut ឃើញ2សន្លឹកមានពាក្យ “លុយសែន” និង ពាក្យ COPY ដូចមានបង្ហាញក្នុងរូបភាពខាងក្រោម។

ភ្លាមៗ ក្រោយពីបានឃើញសារនេះ ក្រុមការងារពាក់ព័ន្ធរបស់ធនាគារ បានធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់។ នៅថ្ងៃនេះ យើងខ្ញុំបានជួបជាមួយ Sokunthea Ly, Thou Ratha និង Sophea Phanut ហើយបានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនោះ។ ក្នុងពេលជួបជាមួយពួកគាត់ យើងខ្ញុំបានបង្ហាញលេខមាលា (serial numbers) ក្រដាសប្រាក់របស់ធនាគារ ដែលបានដាក់ចូលម៉ាស៊ីន ATM ព្រមទាំងបង្ហាញវីដេអូពេលដែលអតិថិជនកំពុងដកប្រាក់ពី ATM របស់យើងខ្ញុំ។ ក្នុងកំណត់ត្រារបស់យើងខ្ញុំ មិនមានលេខមាលាក្រដាសប្រាក់ដែលអតិថិជនចោទប្រកាន់នោះឡើយ។ វីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្រដាសប្រាក់ទាំងអស់របស់យើងខ្ញុំ ជាក្រដាសប្រាក់ពិត ដោយគ្មានសន្លឹកណាមួយមានពាក្យថា “លុយសែន” ឬ ពាក្យ COPY សោះឡើយ។

ផ្អែកតាមវីដេអូនេះ យើងឃើញថា អតិថិជនបានធ្វើការពិនិត្យពិច័យទាំងផ្នែកសងខាងនៃក្រដាសប្រាក់ 100ដុល្លារនោះយ៉ាងល្អិតល្អន់បំផុត។ ពេលពិនិត្យមិនឃើញមានសញ្ញាថាក្លែងក្លាយ ទើបគាត់ដាក់ចូលក្នុងកាបូបរបស់ខ្លួន។ អតិថិជនម្នាក់ទៀត ក៏បានធ្វើការពិនិត្យមើលរូបរាងនៃក្រដាកប្រាក់ 10ដុល្លារ ម្ដងមួយសន្លឹកៗ ជាពិសេស គាត់បានយកម្រាមដៃច្បូតលើផ្ទៃទឹកថ្នាំគ្រើម ដែលបង្ហាញថាជាក្រដាសប្រាក់ពិត។ ក្រោយពីពិនិត្យឃើញថាមិនមានបញ្ហាក្លែងក្លាយនោះ ទើបគាត់ដាក់ប្រាក់ចូលក្នុងកាបូបរបស់ខ្លួនដែរ។

ជាលទ្ធផល ក្រោយពីបានឃើញភ័ស្តុតាងច្បាស់លាស់ អតិថិជនព្រមទទួលស្គាល់ការពិត ហើយធ្វើការសុំទោសធនាគារ ABA ជាលាយលក្ខណ៍អក្សរដូចខាងក្រោម សម្រាប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ពួកគាត់។

យើងខ្ញុំ សូមរំលឹកជាថ្មីទៀតថា រាល់ការផ្សព្វផ្សាយនានាតាមអនឡាញ ដែល ចោទថាធនាគារ ABA មានចែកចាយ ឬប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ គឺជារឿងមួលបង្កាច់សុទ្ធសាធ មិនមានការពិតឡើយ។ យើងខ្ញុំជឿជាក់ថា ការមួលបង្កាច់នេះ គឺជាផែនការទុច្ចរិត។ យើងខ្ញុំក៏សូមរំលឹកដល់អតិថិជនផងដែរថា រាល់បញ្ហានានាដែលមានការសង្ស័យ ឬមិនច្បាស់លាស់ សូមទាក់ទងមកធនាគារជាមុនសិន មុនធ្វើការបង្ហោះសារតាមអនឡាញ។ បើមិនដូច្នេះទេ យើងខ្ញុំចាត់ទុកថា ការផ្សព្វផ្សាយនោះ គឺជាទង្វើមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ធនាគារ ហើយយើងខ្ញុំនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីធ្វើចំណាត់ការតាមផ្លូវច្បាប់។

សូមអរគុណ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!