ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគម្រោងស្តារស្ទឹង និង គម្រោងផ្គត់ផ្គង់ទឹកស្អាត

6 ថ្ងៃ មុន 9 តូ សុផល

សៀមរាប ៖ នាព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៩នេះ នៅសាលាខេត្តសៀមរាប មានធ្វើកិច្ចប្រជុំមួយ ស្តីពីគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ និង គម្រោងផ្គត់ផ្គង់ទឹកស្អាត អនាម័យក្រុង ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម បុង ប៊ុនហួន អនុរដ្ឋលេខាធិការ ក្រសួង សាធារណការនិងដឹកជញ្ជូន និង លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួម អន្តរក្រសួងនិង មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ និង ក្រុមហ៊ុនអនុវត្តគម្រោងទាំងពីរផងដែរ ។ 

តាមការបញ្ជាក់របស់លោកប្រធានគ្រប់គ្រងគម្រោងបានឲ្យដឹងថា កិច្ចប្រជុំនេះ  បានផ្តោតទៅលើគម្រោងជីកខួងបង្កប់បំពង់ ក្រោមដីបង្ហូរទឹកកង្វក់ ដែលមានមុខកាត់ ១ម៉ែត្រ ដែលជាបច្ចេកទេសថ្មី និង គម្រោងស្តារស្ទឹងសៀមរាបជំហាន២ នៅផ្នែកខាងក្រោម ដែលមានសារៈសំខាន់បំផុតនៅក្រុងសៀមរាប ក្នុងការបញ្ជៀសការលិចជំនន់ទឹកភ្លៀង ។ បច្ចុប្បន្ននេះ ការបម្រែបម្រួល អាកាសធាតុ និង មានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យប៉ះពាល់ជន់លិចក្រុងសៀមរាប និង ពាក់ព័ន្ធទៅនឹងសោភណ្ឌភាពដងស្ទឹង ដែល ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង ទទួលបាននូវបរិស្ថានល្អបរិសុទ្ធ  ព្រមទាំងកែប្រែសោភណ្ឌភាពនៅតាមដងស្ទឹង ឲ្យប្រែក្លាយជា តំបន់បៃតង ក្នុងការបម្រើដល់វិស័យទេសចរណ៍ និង បរិស្ថាន ដើមី្បឆ្លើយតបទៅនិងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍នៅក្រុង សៀមរាប ។ 

មានប្រសាសន៍នោះដែរលោក ពិន ប្រាកដ ក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រសួងសាធារណការ និង ដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំគម្រោង ដែលបានធ្វើការដោះស្រាយបញ្ហាគ្រប់យ៉ាង«សម្រាប់គម្រោងស្តារស្ទឹងសៀមរាប ជំហាន២ និង គម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យក្រុង» ជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងដល់ខេត្តសៀមរាប  ដែលកន្លងមកជួបការលំបាកនិងគ្រោះទឹកជំនន់ ការខ្វះខាតផ្គត់ផ្គង់ទឹកស្អាត ការខ្វះខាតនូវប្រព័ន្ធលូ ប្រឡាយ រំដោះទឹកភ្លៀងនិងទឹកកខ្វក់ និងការជួបវិបាកផ្នែកបរិស្ថាននិងសោភណ្ឌភាពតាមដងស្ទឹងជាដើម ។  លោកបានបន្តទៀតថា ក្រោមកិច្ចសហការ និងឧបត្ថម ជំនួយកម្ចីឥណទានជាបន្តបន្ទាប់ពី ធនាគារអភិវឌ្ឍន៍ អាស៊ី ADB នៅឆ្នាំ២០១០ បានសាងសង់ប្រព័ន្ធលូ ប្រឡាយនៃផ្នែកកណ្តាលក្រុង និង ធនាគារអាហរ័ណនីហរ័ណនៃសាធារណរដ្ឋកូរ៉េ (កូរ៉េ អិចស៊ីមបែង)និង EDCFនៅឆ្នាំ២០១៤  ដែលមានទឹកប្រាក់សាងសង់សរុបប្រមាណ ២៦,១០លានដុល្លាអាមេរិក ក្នុងនោះបានស្តារស្ទឹងសៀមរាបប្រវែង៣,៥៧គីឡូម៉ែត្រ កំណាត់ផ្នែកខាងលើ ដងស្ទឹង និងបានគាំទ្របច្ចេកទេស និងកិច្ចការអភិវឌ្ឍន៍ជូនដល់ខេត្តសៀមរាប  ។ ក្រុងសៀមរាប គឺជាបេះដូងនៃខេត្តសៀមរាប ស្ថិតនៅលើតំបន់វាលរាបផ្នែកខាងលើនិងខាងជើងបឹងទន្លេសាប ដែលជាមជ្ឈមណ្ឌលទេសចរណ៍វប្បធ៌មដ៏ល្បីល្បាញ ដែលសំបូរទៅដោយប្រាង្គប្រាសាទជាកេរ្តិ៍តំណែល មរតក សម្បត្តិវប្បធ៌មរបស់បុព្វបុរសខ្មែរយើង ពិសេសប្រាងអង្គរវត្តដែលជាសម្បត្តិបេតិកភ័ណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិនិងពិភពលោក ។  ក្នុងនោះដែរលោកអភិបាលរងខេត្ត សូមឲ្យមន្ទីរជំនាញ ធ្វើការ ពិនិត្យនូវបច្ចេកទេសសាងសង់ស្ពាននៅវត្តពោធិបន្ទាយជ័យ ដែលព្រះសង្ឃកំពុងសាងសង់ ដើមី្បជៀសវាងការប៉ះពាលដល់ការស្តារ ស្ទឹងពេលខាងមុខនេះ ។ 

ឆ្លងតាមបទបង្ហាញរបស់ទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុនសំណង់ Dongsung Engineering Co, Ldt. សម្រាប់គម្រោងស្តារស្ទឹង សៀមរាប ជំហាន២  និង បទបង្ហាញរបស់ក្រុមហ៊ុនសាងសង់ BUCG សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យក្រុងសៀមរាប ព្រមទាំងការលើកឡើងនូវសំណួរមួយចំនួន ដែលពាក់ព័ន្ធការស្តារស្ទឹង និង ការខួងដាក់បំពុងបង្ហូរទឹកកង្វក់ក្នុងក្រុង និង មានការប៉ះ ពាល់នូវបណ្តាញប្រព័ន្ធបង្ហូរទឹកកង្វក់របស់ប្រជាពលរដ្ឋ ព្រមទាំងការធ្វើស្ពានឆ្លងស្ទឹងឲ្យមានរចនាបទពីបុរាណផងដែរ ។ តាមការបក ស្រាយបញ្ជាក់របស់ក្រុមហ៊ុនសំណង់ Dongsung Engineering Co, Ldt.បានឲ្យដឹងថា គម្រោងស្តារស្ទឹងជំហាន២នេះ ប្រើប្រាស់ ទឹកប្រាក់សរុប ១៣លាន៣០៣ពាន់ដុល្លា ប្រើរយៈពេលសាងសង់៣៣ខែ ក្នុងនោះមានធ្វើស្ពានឆ្លងស្ទឹង៥កន្លែង និងប្រឡាយស្រោច ស្រពកសិកម្ម និង ទ្វារទឹកផងដែរ ។ ចំពោះក្រុមហ៊ុនសាងសង់ BUCG សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និង អនាម័យក្រុងសៀមរាប រយៈពេលសាងសង់ពី៦ខែ ទៅ១២ខែ ក្នុងការខួងដាក់លូបង្ហូរទឹកកង្វាក់ ។

មានប្រសាសនោះឯកឧត្តម បុង ប៊ុនហួន បានគូសបញ្ជាក់ថា គម្រោងស្តារស្ទឹងសៀមរាប ត្រូវបានអនុវត្តដោយ ចយកា កូរ៉េ នៅក្នុងជំហាន១ ហើយនិងត្រូវអនុវត្តនូវជំហាន២ផងដែរ ។   ម៉្យាងទៀតក្នុងគម្រោងទី២នេះ រាជរដ្ឋាភិបាល ក៏បានធ្វើការដោះស្រាយ នូវផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមមាត់ស្ទឹង បានរួចរាល់ផងដែរ ។ ក្នុងជំហាន២នេះ ដោយក្រុមហ៊ុនបាន ទទួលនូវបទពិសោធន៍ពីជំហាន១កន្លងមក ដើមី្បធ្វើការអនុវត្ត ។ ក្នុងនោះឯកឧត្តមក៏បានចោទជាចំណោទបញ្ហាមួយចំនួន ទៅលើ បញ្ហាបរិស្ថាន នៅពេលដែលក្រុមហ៊ុនអនុវត្តគម្រោង ស្តារស្ទឹង ចំពោះភក់ ទឹកល្បាប់ ត្រូវមាននីតិវិធីយ៉ាងណា ក្នុងការដឹកជញ្ជូន ដើម្បីជៀសវាងនូវផលប៉ះពាល់ ក្នុងការបំណុលបរិស្ថាន ដោយសារគម្រោងនេះ ។  កត្តាសំខាន់នោះដោយស្របតាមដងស្ទឹងនេះ បម្រើដល់វិស័យទេសចរណ៍ ក្នុងការធ្វើចរាចរណ៍ទៅមករបស់ភ្ញៀវទៅកាន់បឹងទន្លេសាប ។ ក្នុងនោះឯកឧត្តមក៏បានផ្តោតចំពោះបញ្ហា ប្រឡាយទឹកស្រោចស្រព ដីស្រែប្រជាកសិករ និង ការធ្វើទំបន់បង្ហៀរទឹកពីកៅស៊ូ ដែលគួឲ្យមានការព្រួយបារម្ភអំពីគុណភាពប្រើប្រាស់ ។  ក្នុងនោះឯកឧត្តមក៏សុំឲ្យក្រុមហ៊ុនធ្វើការសាងសង់ស្ពានកាត់ស្ទឹង ឲ្យបានទទឹងស្ពាន ១១ម៉ែត្រ មានលក្ខណៈបុរាណ ។    ម៉្យាងទៀត  អំពីបញ្ហាដើមឈើនៅតាមមាត់ស្ទឹង ដែលជាបញ្ហារាំងស្ទះនូវចរន្តទឹកហូរក្នុងស្ទឹង   និង សូមឲ្យក្រុមហ៊ុនលើកនូវគម្រោង ដាំស្មៅនៅតាមមាត់ស្ទឹងទៀតផង ។   

ដោយឡែងចំពោះដីនៅចុងស្ទឹង សូមឲ្យក្រុមហ៊ុនពង្រីកឲ្យផុត កុំឲ្យមានផលប៉ះពាល់ ព្រោះថា រាល់ផលប៉ះពាល់បានដោះស្រាយរួចហើយ ។ ក្នុងនោះដែរឯកឧត្តមក៏បានណែនាំដល់ក្រុមហ៊ុនទាំងពីរ គឺត្រូវកំណត់ទីតាំងស្ពានទៅ តាមសំណូមពររបស់ប្រជាពលរដ្ឋ ពេលសាងសង់ស្ពានថ្មីហើយ ទើបធ្វើការវាយស្ពានចាស់ចេញ ដើមី្បកុំឲ្យរាំងស្ទះការធ្វើដំណើរឆ្លង ការរបស់បងប្អូនទៀតផង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!