ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចក្រឡាហោម ណែនាំរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ មិនត្រូវមានទស្សនៈស្អប់ ឬខឹងចំពោះការរិះគន់ ឬការផ្ដល់យោបល់កែតម្រូវពីក្រុមសង្គមស៊ីវិលនោះឡើយ

6 ថ្ងៃ មុន 117 តូ សុផល

ព្រៃវែង៖  នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីនៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ពិធីបិទសន្និបាតនាថ្ងៃនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុងស្រុក អង្គភាពចំណុះឲ្យរដ្ឋបាលខេត្ត ក្រុមប្រឹក្សាឃុំសង្កាត់ ថ្នាក់ដឹកនាំប៉ុស្តិ៍នគរបាល និងតំណាងដៃគូសង្គមស៊ីវិលជាច្រើនរូប។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្ត ចំពោះការខិតខំបំពេញភារកិច្ចបានយ៉ាងល្អ បើទោះជាជួបការលំបាកខ្លះក្នុងកំឡុងពេលកំពុងសាងសង់អគារសាលាខេត្ត។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមសម្ដេចផ្ទាល់ នាឱកាសបិទ សន្និបាតនេះ សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារពេញមួយឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រៃវែង ដែលបានរួមសហការគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

សម្ដេចបានគូសបញ្ជាក់ថាពេញមួយឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខ កម្ពុជាសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយតាមរយៈកត្តាទាំងពីរនេះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យកម្ពុជាកាត់បន្ថយភាពក្រីក្របានកាន់តែច្រើន។

នៅឆ្នាំ២០១៩នេះ សម្ដេចបានទាញចំណាប់អង្គសន្និបាត ថាគឺជាឆ្នាំដំបូងនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ហើយជាមួយគ្នានេះ ក្រោយការបោះឆ្នោតឆ្នាំ២០១៨ កម្ពុជាមានស្ថានភាពអំណោយផលជាងពេលណាៗទាំងអស់ ដូច្នេះរដ្ឋបាលខេត្តទាំងមូល ត្រូវចូលរួមអនុវត្តឲ្យបាននូវផែនការគោលមួយចំនួន។

ផែនការទាំងនោះរួមមាន ការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ដោយត្រូវបន្តខិតខំរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងរក្សាឲ្យបាននូវបូរណភាពទឹកដី ប្រឆាំងដាច់ខាតនូវការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅតាមគ្រប់រូបភាព។ សម្ដេចបានចាត់ទុកការងារនេះជាភារកិច្ចស្នូលទូទាំងប្រទេស មិនមែនត្រឹមតែរដ្ឋបាលខេត្តព្រៃវែងនោះទេ។

ត្រង់ចំណុចនេះ សម្ដេចបានគូសបញ្ជាក់ថាកម្ពុជានៅតែរក្សាភាពអព្យាក្រឹត្យជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសរវាងមហាអំណាចចិន និងអាមេរិក ពីព្រោះបទពិសោធន៍ប្រវត្តិសាស្រ្ត បានបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើកម្ពុជាលម្អៀងទៅភាគីណាមួយ ដោយប្រាសចាកនយោបាយអព្យាក្រឹត្យ កម្ពុជានឹងផុងខ្លួនទៅក្នុងវិបត្តិ និងសង្គ្រាម។

សម្ដេចក៏បានបញ្ជាក់ប្រាប់អង្គសន្និបាតដែរ ថាជារៀងរាល់ពេលដែលសម្ដេច ទទួលជួបពិភាក្សាការងារជាមួយតំណាងប្រទេសជាតិមិត្តនានា សម្ដចតែងតែសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតនឹងមិនដើរចេញពីគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុក្សនោះឡើយ ពីព្រោះកម្ពុជា មានបទពិសោធន៍ឆ្អែតឆ្អន់ហើយកាលពីពេលអតីតកាល ដែលធ្លាប់ដើរផ្ទុយពីគោលការណ៍នេះ។

បន្ទាប់មកសម្ដេច បានមានប្រសាសន៍អំពីការពង្រឹងកិច្ចសហការជាមួយបណ្ដាសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅកម្ពុជា ដោយសម្ដេចបានមានប្រសាសន៍ថាក្រសួងមហាផ្ទៃ បានកំណត់ពេលវេលាជាក់លាក់ដើម្បីជួបពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលជាទៀងទាត់ ហើយតាមរយៈយន្តការនេះ យើងបានឈរនៅលើផលប្រយោជន៍ជាតិដើម្បីដោះស្រាយបញ្ហារួមគ្នា។

សម្ដេចក៏បានណែនាំរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ មិនត្រូវមានទស្សនៈស្អប់ ឬខឹងចំពោះការរិះគន់ ឬការផ្ដល់យោបល់កែតម្រូវពីក្រុមសង្គមស៊ីវិលនោះឡើយ ពីព្រោះនេះជាសិទ្ធិសេរីភាពមួយ ហើយផ្ទុយទៅវិញដើម្បីជាប្រយោជន៍ជាតិ យើងត្រូវអញ្ជើញពួកគាតមកពីគ្រោះយោបល់លើបញ្ហានោះ ដើម្បីឲ្យមានការយល់ពីគ្នាទៅវិញទៅមកក្នុងនាមជាដៃគូ។

ជាមួយគ្នានេះក្រុមសង្គមស៊ីវិលក៏ត្រូវបានសម្ដេចក្រឡាហោម អំពាវនាវឲ្យមានកិច្ចសហយការជាមួយអាជ្ញាធរដូចគ្នាដែរ តាមរយៈការគោរពគ្នាទៅវិញទៅមក ហើយសម្ដេចបានសង្កត់ធ្ងន់ថា ការមានទស្សនៈខុសគ្នាមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែត្រូវស្ដាប់ហេតុផលគ្នា ហើយរកចំណុចរួម ដោយយកច្បាប់ជាគោលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានណែនាំឲ្យទប់ស្កាត់រាល់ឧបាយកលបង្កភាពចលាចល់ និងអស្ថេរភាពនយោបាយក្នុងប្រទេស ពីព្រោះប្រសិនបើកើតមានបញ្ហានេះ ប្រទេសជាតិនឹងមិនមានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពេញលេញឡើយ ហើយត្រូវអប់រំណែនាំពលរដ្ឋឲ្យបានដឹងពីសារៈសំខាន់នៃកត្តាសុខ និងសន្តិភាពនេះ។

ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម សម្ដេចក្រឡហោម ស ខេង បានណែនាំឲ្យអង្គសន្និបាតបន្តលើកទឹកចិត្តពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងនោះសម្ដេចបានសង្ក់តធ្ងន់អំពីការលុបបំបាត់គ្រឿងញៀនគ្រប់មូលដ្ឋានខេត្តព្រៃវែង។

សម្ដេចបានមានប្រសាសន៍ថាគ្រឿងញៀនជាបុព្វហេតុនាំឲ្យមានបទល្មើសកើតឡើងច្រើនក្នុងសង្គម ហើយវាថែមទាំងបំផ្លាញធនធានមនុស្សរបស់ជាតិទៀតផង ពិសេសយុវជនដែលកំពុងពេញកម្លាំង ដូច្នេះទាំងក្រុមការងារ មន្រ្តីមូលដ្ឋាន និងពលរដ្ឋ ត្រូវរួមដៃគ្នាលុបបំបាត់គ្រឿងញៀនឲ្យបាន ពីព្រោះគ្រឿងញៀនបានទៅដល់មូលដ្ឋានហើយ។

នាឱកាសនេះដែរ សម្ដេចបានណែនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលខេត្តព្រៃវែង ត្រូវផ្ដោតការយកចិត្តទុកខ្ពស់ចំពោះការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការចរាចរណ៍ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ ពិសេសទំនិញដែលនាំចូលតាមច្រកព្រំដែនជាមួយប្រទេសជិតខាង។

បន្ទាប់មក សម្ដេចបានមានប្រសាសន៍អំពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលត្រូវធ្វើឲ្យរួចរាល់នៅឆ្នាំ២០២០ខាងមុខ រួមមានការផ្ទេរមុខងារ ធនធាន ការផ្ទេរបុគ្គលិកពីថ្នាក់ជាតិមកឲ្យថ្នាក់ក្រោមជាតិ និងការបង្កើនថវិកាអភិវឌ្ឍន៍សម្រាប់រដ្ឋបាលឃុំ និងសង្កាត់។ សម្ដេចក៏បានមានប្រសាសន៍អំពីកំណែទម្រង់មុខសាធារណៈ និងហិរញ្ញវត្ថុសាធារណៈដែរ។

ពាក់ព័ន្ធនឹងការងារកំណែទម្រង់នេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍អំពីការបណ្ដុះបណ្ដាលថ្នាក់ដឹកនាំ និងមន្រ្តីខេត្ត ដើម្បីឆ្លើយតបយន្តការកំណែទម្រង់ និងការកំណត់អំពីតម្រូវការថវិកា មធ្យោបាយ សម្ភារៈ និងយន្តការនានាសម្រាប់ការកែសម្រួលរដ្ឋបាលថ្នាក់ក្រុងស្រុក ដែលក្រសួងបាន និងកំពុងផ្ដោតការយកចិត្តទុកដាក់នោះ។

សម្ដេចក៏បានសម្ដែងការសាទរ ចំពោះវឌ្ឍនភាពជាបន្តបន្ទាប់របស់យន្តការច្រកចេញចូលតែមួយ ដោយសម្ដេចបានណែនាំបន្ថែមទៀតឲ្យមន្រ្តីជាអ្នកផ្ដល់សេវាជូនពលរដ្ឋ ត្រូវបន្តខិតខំបំពេញការងារនេះឲ្យបានកាន់តែប្រសើរថែមទៀត ពីព្រោះយន្តការនេះបានទទួលការអបអរសាទរខ្លាំងណាស់ពីសំណាក់ប្រជាពលរដ្ឋដែលបានមកសុំសេវា។

ឆ្លើយតបនឹងសំណើអភិបាលខេត្តព្រៃវែង សម្ដេចបានណែនាំឲ្យក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច ពន្លឿនការបែងចែកថវិកាលើកទឹកចិត្តមន្រ្តីច្រកចេញចូលតែមួយ ដើម្បីឲ្យមានការកំណត់ជាក់លាក់ថាតើថវិកាដែលពលរដ្ឋបង់មកនោះ នឹងត្រូវបែងចែកទៅជាថវិការដ្ឋប៉ុន្មាន និងបែងចែកសម្រាប់លើកទឹកចិត្តមន្រ្តីចំនួនប៉ុន្មាន។

ចំពោះការទទួលខុសត្រូវរបស់មន្រ្តីរាជការ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យមន្រ្តីរាជការត្រូវប្រកាន់ក្រមសីលធម៌ជាមន្រ្តីរាជការ បំពេញការងារបំរើសេវាជូនពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ពោលគឺដាច់ខាតមិនត្រូវប្រកាន់ទស្សនៈអ្នកនេះគ្នាគេ ឬអ្នកនោះគ្នាយើងក្នុងការបំពេញការងាររដ្ឋឡើយ។

ជាចុងបញ្ចប់ សម្ដេចក៏បានណែនាំឲ្យក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងការងារគ្រប់គ្រងមន្រ្តីរាជការ ត្រូវលុបបំបាត់បក្សពួក និងគ្រួសារនិយម មិនត្រូវឲ្យមានការយកពេលវេលា និងមធ្យោបាយរដ្ឋ ទៅបំរើឲ្យការងារផ្ទាល់ខ្លួន និងការងារគណបក្ស ហើយត្រូវបែងចែកឲ្យបានច្បាស់ និងទៅតាមច្បាប់ រវាងការងារគណបក្ស និងការងារដ្ឋ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!