ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូឌុបគ្នាតាមផ្លូវ ត្រូវក្រុមក្មេងស្ទាវពពាក់ពពូនគ្នា​ រញ៉េរញ៉ៃ​ពេញមុខ RAIN ក្លឹប យកដុំថ្ម​ ដេញគប់​ ផ្អើលអាវុធហត្ថជួយជូនទៅផ្ទះ!

7 ខែ មុន 37 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរស២នាក់​ ជិះម៉ូតូឌុបគ្នាតាមផ្លូវ ត្រូវបានក្រុមក្មេងស្ទាវមួយក្រុម ដែលពពាក់ពពូនគ្នា​រញ៉េរញ៉ៃ​ពេញមុខរ៉េនក្លឹប នាំគ្នាយកដុំថ្ម និងដុំឥដ្ឋ​ គប់សំដៅទៅលើបុរសទាំងពីរនាក់នោះ ទេីបបុរសទាំង២នាក់នោះ​ ផ្ដួលម៉ូតូរត់រកអោយគេជួយ​ បង្កការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌមានជ័យចេញអន្តរាគមន៍​ តែក្រុមក្មេងស្ទាវទាំងនោះជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:៤៥នាទីយប់ ថ្ងៃពុធ ទី១៣ ខែមីនា​ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខរ៉េនក្លឹប (RAIN CLUB) ស្ថិតក្នុងភូមិទួលរកា១​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរស២នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូមួយគ្រឿង ម៉ាក Honda Super CUP ស៊េរីថ្មី (ពុំទាន់មានស្លាកលេខ​) ឌុបគ្នាបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងល្បឿនធម្មតា ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែក្មេងស្ទាវមួយក្រុម មានគ្នាច្រេីននាក់ និងម៉ូតូជាច្រេីនគ្រឿង​ បាននាំគ្នាយកដុំថ្ម​ និងដុំឥដ្ឋ​ គប់សំដៅទៅលើបុរសទាំងពីរនាក់នោះ ទេីបបុរសទាំង២នាក់នោះ​ ផ្ដួលម៉ូតូរត់រកអោយគេជួយ ហេីយត្រូវបានប្រជាលរដ្ឋនៅក្បែរកន្លែងកេីតហេតុ​ ជួយផ្ដល់ប្រាប់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យដែលប្រចាំការនៅជិតនោះចេញជួយអន្តរាគមន៍។

ភ្លាមនោះក្រុមក្មេងស្ទាវទាំងនោះ​ បាននាំគ្នាជិះម៉ូតូគេចចេញពីកន្លែងកេីតហេតុ មានកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចេញអន្តរាគមន៍​ប្រដេញតាមដែរ តែតាមមិនទាន់​ ទេីបក្រុមក្មេងស្ទាវទងនោះ​ គេចខ្លួនបាត់ស្រមោលអស់ ហេីយសមត្ថកិច្ចអាវុធហត្ថក៏ត្រឡប់មកកន្លែងកើតហេតុវិញ​ ដេីម្បីសួរនាំហេតុការណ៍ពីបុរសទាំង២នាក់នោះ​ ។

បុរសទាំងពីរនាក់ខាងលេី បានរៀបរាប់ប្រាប់អោយសមត្ថកិច្ចអាវុធហត្ថបានដឹងរួចអស់ហេីយ​ អាវុធហត្ថ​ក៏បានបញ្ជាក់គាត់ថា​ ទៅដាក់ពាក្យបណ្ដឹងដែរទេ? តែពួកគាត់ក៏​បដិសេធ​ថា​ ពួកគាត់មិនចង់ប្ដឹងផ្ដល់អ្វីនោះទេ​ ព្រោះមិនចង់វែងឆ្ងាយ​ទេ​ ដោយសំណូមពរអោយកម្លាំងអាវុធហត្ថជួយជូនពួកគាត់ត្រលប់ទៅផ្ទះផង​ ព្រោះគាត់ខ្លាចពេលជិះទៅ​ ក្រុមក្មេងស្ទាវទាំងនោះ​ ស្ទាក់វាយតាមផ្លូវ​ ។

បច្ចុប្បន្នក្រោយកេីតហេតុ​ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានជួយជូនបុរសទាំង២នាក់នោះ​ ទៅដល់ផ្ទះវិញដោយសុវត្ដិភាព​ រួចត្រលប់មកល្បាតក្នុងភូមិសាស្ត្រវិញ៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ