សម្តេចក្រឡាហោម ព្រួយបារម្ភ ព្រោះផលិតផលក្លែងក្លាយ បានចរាចរណ៍លក់តាមទីផ្សាររួចទៅហើយ

8 ខែ មុន 39 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ​ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ

សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីកម្ទេចចោលផលិតផលក្លែងក្លាយ និងខុសច្បាប់ជាង៧០តោន ប្រារព្ធនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឡើងអានរបាយការណ៍សវតានៃការចុះបង្ក្រាបផលិតផលក្លែងក្លាយ និងទំនិញខូចគុណភាព ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ ជូនអង្គពិធី​ ។

ប្រតិបត្តិការចាប់ឃាត់ផលិតផលក្លែងក្លាយ និងខុសច្បាប់ ឆ្នាំ២០១៨ មាន២០ករណី ពាក់ព័ន្ធការនាំចូល ចែកចាយ ផលិតផលគ្រឿងសំអាងក្លែងក្លាយ រំលោភច្បាប់កម្មសិទ្ធិបញ្ញា ការផលិតប្រេងម៉ាស៊ីន ចែកចាយជីកសិកម្មក្លែង ក្លាយ និងខុសច្បាប់ សិប្បកម្មផលិតទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៉ីវវ សាច់ប៉ាតេ មិនអនុលោមតាមច្បាប់ និងសិប្បកម្មផលិតម្រេច និងកាហ្វេ ក្លែងក្លាយ និងខុសច្បាប់​ ។

គណៈកម្មាធិការ ក៏ទទួលបានការ សម្រេចពីតុលាការឲ្យកម្ទេចចោលនូវផលិតផលក្លែងក្លាយមួយចំនួនរួមមាន ថ្នាំពេទ្យក្លែងក្លាយ១០៦មុខ ស្មើនឹង ៤០០គីឡូក្រាម ទឹកសុទ្ធ៥៥២០កេស ស្មើនឹង៦២.៦៤០គីឡូក្រាម ជីកសិកម្ម ៧៨៥០គីឡូក្រាម ដែលសរុបជាង៧០តោន។ នេះមិនរាប់វត្ថុតាងជាច្រើនទៀតដែលមិនទាន់មានការសម្រេចឲ្យកម្ទេចពីតុលាការនៅឡើយផង។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសន្ទរកថា ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងការស្វាគមន៍លោកជំទាវអគ្គរដ្ឋទូតបារាំង និងទីម័រខាងកើត តំណាងស្ថានទូតនានា មន្រ្តីរាជការ អាជ្ញាធរ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធ ដែលបានចូលរួម និងបង្ហាញពីការចូលរួមគាំទ្រក្នុងកិច្ចការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងខុសច្បាប់​ ។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការសាទរចំពោះលទ្ធផលនៃការបង្ក្រាបផលិតផលក្លែងក្លាយ និងខុសច្បាប់នៅថ្ងៃនេះ ប៉ុន្តែសម្ដេច បានសង្កត់ធ្ងន់ថា តំណាលគ្នានេះដែរ សម្ដេចមានការបារម្ភណ៍ ដោយហេតុថានៅតែមានផលិតផលទាំងអស់នេះ ត្រូវបានគេផលិត នាំចូល និងកំពុងចរាចរណ៍ ធ្វើឲ្យបង្កផលវិបាកដល់ពលរដ្ឋ និងសង្គមជាតិ។

សម្ដេចក្រឡាហោម បានរំលឹកជូនអង្គពិធីថាផលិតផលអស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចាប់យកមកកម្ទេចចោលរាប់រយតោនមកហើយ ក្នុងរយៈពេល៤ឆ្នាំមកនេះ ដូច្នេះ សម្ដេចនៅតែព្រួយបារម្ភ ដោយសារតែផលិតអស់ទាំងនេះ អាចកំពុងស្ថិតក្នុងឃ្លាំងលួចលាក់ ហើយខ្លះទៀត ត្រូវបានចរាចរណ៍លក់តាមទីផ្សាររួចទៅហើយ។

សម្ដេចបានគូសបញ្ជាក់ថា ផលិតដែលកម្ទេសចោលនៅថ្ងៃនេះ ភាគច្រើនត្រូវបានបង្ក្រាបចេញពីឃ្លាំងលួចលាក់ ហើយសម្ដេចបានចោទជាសំណួរថាតើក្រុមជនទុច្ចរិត នឹងបន្តនាំផលិតផលទាំងអស់នេះប៉ុន្មានទៀតចូលកម្ពុជា​ ។ ដូច្នេះសម្ដេចបានស្នើឲ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងភាគីពាក់ព័ន្ធបន្តធ្វើការងារនេះដោយយកចិត្តទុកដាក់បំផុត។

ជាថ្មីទៀតសម្ដេចបានកោតសរសើរចំពោះការងារនេះ ប៉ុន្តែសម្ដេចបានចោទជាសំណួរថាតើយើងត្រូវបន្តកិនកម្ទេចផលិតទាំងនេះប៉ុន្មានលើកទៀត ពីព្រោះផលិតផលរាប់រយតោនដែលបានកម្ទេច៤លើកមកហើយនោះ យើងមិនទាន់ចាប់បានមេក្លោងប្រព្រឹត្តិបទល្មើសនេះនៅឡើយទេ។ សម្ដេចបានក្រើនរំលឹកថាយើងមិនអាចនៅតែបក់ផ្សែងក្នុងបញ្ហានេះរហូតឡើយ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាកន្លងមក កម្ពុជាមានពលរដ្ឋស្លាប់ច្រើនដោយសារតែសង្គ្រាម ស្លាប់ដោយសារតែការបង្អត់បាយ និងអំពើឃោឃៅផ្សេងៗក្នុងសម័យខ្មែរក្រហម ប៉ុន្តែសម័យក្រោយនេះ សម្ដេចបានសង្កត់ធ្ងន់ថា យើងមិនគួរឲ្យផលិតផលក្លែងក្លាយ និងខូចគុណភាព ក្លាយជាហេតុផលមួយនាំឲ្យពលរដ្ឋស្លាប់នោះឡើយ។

បន្ថែមពីនេះ សម្ដេចបានក្រើនរំលឹកថា បញ្ហានេះអាចធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ដ្បិតគេអាចវាយតម្លៃថាកម្ពុជាជាប្រទេសគ្មានច្បាប់ ឬគ្រប់គ្រងធូរលុង បណ្ដែតបណ្ដោយឲ្យទំនិញ ឬផលិតផលក្លែងក្លាយចរាចរណ៍យ៉ាងអាណាធិបតេយ្យ ម្យ៉ាងភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគបរទេស ក៏អាចវាយតម្លៃអវិជ្ជមានមកលើសង្គមកម្ពុជា ដោយសារតែបញ្ហានេះដែរ។

សម្ដេចបានមានប្រសាសន៍ថាក្រុមម្ចាស់ផលិតផល ពិតជាមិនសប្បាយចិត្តទេ នៅពេលសមត្ថកិច្ចបង្ក្រាបបាន ប៉ុន្តែសម្ដេចសង្កត់ធ្ងន់ថាយើងជាសមត្ថកិច្ច ត្រូវតែបំពេញតួនាទីនេះឲ្យបានល្អ ផ្ទុយទៅវិញ ប្រសិនបើសមត្ថកិច្ចមិនធ្វើទេ ប្រជាពលរដ្ឋនឹងបាត់ជំនឿ ហើយដាក់ការសង្ស័យមិនខានឡើយ ដូច្នេះសមត្ថកិច្ចត្រូវតែបង្ក្រាបបទល្មើសនេះ ហើយអ្នកប្រព្រឹត្តិត្រូវតែបញ្ឈប់។

ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសមួយនេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថាយើងមិនអាចពឹងផ្អែកទាំងស្រុង តែទៅលើគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយឡើយ ពោលគឺគណបញ្ជាការរាជធានី ខេត្ត ត្រូវចូលរួមគាំទ្រ និងសហការ ហើយប្រជាពលរដ្ឋ សូមចូលរួមផ្ដល់ព័ត៌មាន ឬរាយការណ៍មកសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និងបង្ក្រាប។

ជាចុងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍ឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សិក្សា និងពិនិត្យលទ្ធភាព ឈានទៅរៀបចំឲ្យមានការចុះកិច្ចសន្យាជាមួយម្ចាស់ក្រុមហ៊ុននាំចូលផលិតផល ដើម្បីឲ្យពួកគេកាន់តែមានការទទួលខុសត្រូវក្នុងការចូលរួមទប់ស្កាត់ការនាំចូលផលិតផលក្លែងក្លាយ និងខូចគុណភាព​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ