ព្រឹតិ្តការណ៍ថ្មីៗ

វិស័យសំណង់ នៅទីក្រុងព្រះសីហនុ កំពុងលូតលាស់ឈាន ទៅរកកេរ្តិ៍ឈ្មោះដាច់គេ ផ្នែកនគរូបណីយកម្ មដែលមានសំណង់ធំខ្ពស់ដាច់គេ ដូចពីអតីតកាល

1 សប្តាហ៍ មុន 61 តូ សុផល

ខេត្តព្រះសីហនុ៖ នាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងព្រះសីហនុ កំពុងមានសកម្មភាពសាងសង់សំណង់តូចធំយ៉ាងច្រើន

ដែលតួលេខគម្រោងសំណង់ធំលើសពី ៣០០០ម៉ែត្រការ៉េឡើង មានចំនួន ៧០គម្រោង ក្នុងចំនួនជាង ៣០០គម្រោង កំពុងដំណើរការសាងសង់យ៉ាងសកម្ម ក្នុងនោះក៏មានសំណង់អគារខ្ពស់ជាងគេកម្ពស់ ៤០ជាន់ មានចំនួនច្រើនគម្រោង កំពុងរីកលូតលាស់គួរឲ្យចាប់អារម្មណ៍ផងដែរ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ខេត្ត។
មន្ត្រីរូបនោះបញ្ជាក់ថា កាលពីឆ្នាំ២០០៥-២០១៥ ខេត្តនេះមានគម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ រហូតដល់ ៣៥ជាន់ មានតែ ៤៦គម្រោងប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៨តែឯង មានគម្រោងអគារធំ និងកម្ពស់ចាប់ពី ៥ជាន់ដល់ ៤០ជាន់ រហូតដល់ ៥៨គម្រោង។

ជាការពិតភូមិសាស្រ្តរបស់ខេត្តព្រះសីហនុ មានលក្ខណៈអំណោយផលពីធម្មជាតិល្អព្រមគ្នា ដូចជាមានឆ្នេរខ្សាច់ពណ៌ពងមាន់ សម្បូរដោយកោះតូច-ធំ មានជួរភ្នំសម្បូរដោយព្រៃធម្មជាតិស្រស់ត្រកាលគ្រប់រដូវរហូតរដ្ឋាបាលសម័យមុននិងបច្ចុប្បន្នយកធ្វើជាឧទ្យានជាតិ។ ភាពល្បីល្បាញរបស់ទីខេត្តនេះបានចាប់ផ្តើមមានឈ្មោះបោះសំឡេងតាំងពីពេលទីនេះបានបង្កើតជាទីក្រុងថ្មីឈ្មោះ«ព្រះសីហនុ» នាដើមទស្សវត្សរ៍ឆ្នាំ១៩៦០ មកម្ល៉េះ។ នៅដំណាក់កាលដំបូងៗ ក្រុងព្រះសីហនុ មានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺជាទីក្រុងអំណោយផលនៅជាប់មាត់សមុទ្រដ៏ស្រស់ស្អាតដោយសម្រស់ធម្មជាតិ មានសេដ្ឋកិច្ចរីកចម្រើនរស់រវើកដោយសារមានកំពង់ផែសមុទ្រទឹកជ្រៅ មានហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្នែកនគរូបនីយកម្មឆើតឆាយថ្មីៗ លេចធ្លោខ្ពស់ជាងគេនៅក្នុងតំបន់។

ក្រឡេកមើលនៅអមសងខាងផ្លូវនីមួយៗមានសំណង់ភូមិគ្រឹះតូចធំចម្រុះស្ថាបត្យកម្មខ្មែរជាច្រើនរយខ្នងបានកសាងឡើងព្រោងព្រាតសម្រាប់ការរស់នៅរបស់និគមន៍ជន និងសម្រាប់ជួលឲ្យភ្ញៀវទេសចរស្នាក់នៅលម្ហែកាយ។ ហើយសូម្បីតែអតីតព្រះមហាក្សត្រ នរោមត្តម សីហនុ ក៏ទ្រង់គាប់ព្រះទ័យជាខ្លាំងនូវបរិយាកាសបរិសុទ្ធស្រស់ត្រកាលនៅទីក្រុងដែលត្រូវបានគេដាក់យកតាមឈ្មោះរបស់ទ្រង់ផងដែរ ហើយទ្រង់ក៏បានសាងសង់រាជដំណាក់សម្រាប់សម្រាកលម្ហែព្រះកាយនៅទីក្រុងមាត់សមុទ្រនេះផងដែរ។

នាអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រុងព្រះសីហនុ មានភាពល្បីល្បាញលើសគេនៅទូទាំងតំបន់នេះ គឺបន្ទាប់ពីក្រុងព្រះសីហនុ បានស្ថាបនាសណ្ឋាគារឯករាជ្យ (សណ្ឋាគារ ៧ជាន់) រួចរាល់នៅក្នុងឆ្នាំ១៩៦៤-៦៥ ហើយកិត្តិនាមរបស់សណ្ឋាគារនេះក៏បានទទួលឥស្សរជនអន្តរជាតិល្បីៗជាច្រើនរូប រួមទាំងអតីតលោកជំទាវភរិយារបស់ប្រធានាធិបតី ចន អែហ្វ កេនឌី (John F. Kenedy) របស់សហរដ្ឋអាមេរិក ផងដែរ។

សណ្ឋាគារឯករាជ្យ ឬសណ្ឋាគារ ៧ជាន់ ក្រុងព្រះសីហនុ បានជាប់ឈ្មោះជាអគារសំណង់ធំខ្ពស់ជាគេបំផុត (គិតពីទស្សវត្សរ៍ឆ្នាំ១៩៦០-១៩៨០)នៅទូទាំងតំបន់ឆ្នេរ គឺរាប់តាំងពីឆ្នេរសមុទ្រហាឡុងបៃយ៍ ជិតទីក្រុងហាណូយ ប្រទេសវៀតណាម រហូតដល់តំន់ឆ្នេរនៃខេត្តណារ៉ាត់ធិវ៉ាត់ ប្រទេសថៃ។ គួរំឭកថា សណ្ឋាគារឯករាជ្យ ដ៏ល្បីល្បាញនេះត្រូវបានរចនាប្លង់សាងសង់ដោយស្ថាបត្យករបារាំង និងខ្មែរ ហើយការរចនាផ្ទៃខាងក្នុងដោយស្នាព្រះហស្ថសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរដោយផ្ទាល់។

សូមបញ្ជាក់ថា រាប់ចាប់ពីចុងទស្សវត្សរ៍ឆ្នាំ១៩៧០ ថយទៅក្រោយ សំណង់ធំខ្ពស់ជាងបំផុតនៅតំបន់ឆ្នេរសមុទ្រ (វៀតណាម, កម្ពុជា, ថៃ) គឺមានតែសណ្ឋាគារឯករាជ្យ ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ថាជាសំណង់ធំស្កឹមស្កៃ និងខ្ពស់ ដាច់គេនៅក្នុងតំបន់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!