ព្រឹតិ្តការណ៍ថ្មីៗ

ទឹកសុទ្ធ Evian ក្លែងក្លាយរាប់ពាន់កេស ដែលជំនាញយកទៅពិសោធន៍ រកឃើញមានមេរោគ​នោះ ក៏ត្រូវ​បំផ្លាញចោល

2 ខែ មុន 50 តូ សុផល

​ភ្នំពេញ​ ៖ បំផ្លាញចោល ទឹកសុទ្ធ Evian ក្លែងក្លាយ ថ្នាំពេទ្យ និងផលិតផល គ្រឿងឧបភោគ​ បរិភោគ​ ជាច្រើនផ្សេងទៀត

សរុបជាង៧០តោន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

មន្ដ្រីជំនាញបញ្ជាក់ថា ទឹកសុទ្ធ Evian ក្លែងក្លាយជាច្រើនពាន់កេសនេះ ត្រូវបានឈ្មួញលួចផលិតនៅក្នុងប្រទេសកម្ពុជា តែត្រូវបាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ធ្វេីការបង្ក្រាបបានកាលពីថ្មីៗកន្លងទៅ ​ហេីយនៅពេលដែលមន្ត្រីជំនាញយកទឹក Evian នេះទៅធ្វេីការពិសោធន៍ បានរកឃើញថា មានមេរោគនៅក្នុងទឹកនោះ ។

ពិធី​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ ខុសច្បាប់​ទាំងនេះ ត្រូវអនុវត្ត​តាម​ការ​បង្គាប់​របស់​តុលាការ ដែល​នឹង​ធ្វើឡើង នៅ​ទីលាន​ដីទំនេរ តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ (ហៅផ្លូវ ៦០​ម៉ែត្រ) ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដឹកនាំ​ដោយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បង្ហាញថា ផលិតផល​ក្លែងក្លាយ ខុសច្បាប់ ចំនួន ៧០តោន ដែល​នឹង​កិនកម្ទេច​នា​ព្រឹក​ថ្ងៃទី​១២​មីនា​​នេះ ត្រូវបាន​បង្ក្រាប​រឹបអូស​ពី​ជនល្មើស ដែល​ចរាចរ ស្តុក​ទុក ផលិត និង​ចែកចាយ​នាពេល​កន្លងមក​។

​សូម​រម្លឹកថា កន្លងមក យ៉ាងហោចណាស់ មាន ៣​លើក​រួចមកហើយ ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បានរៀបចំ​ពិធី​កិនកម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង​។​

​ពិធី​កម្ទេច​ផលិតផល​ខូចគុណភាព និង​ខុសច្បាប់​ទាំងនោះ រួមមាន​៖ កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​កម្ទេច​ផលិតផល​គ្រឿងសម្អាង ក្លែងក្លាយ ខុសច្បាប់ ចំនួន ៨១ តោន នៅ​ទីលាន​ចាក់សំរាម ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ប្រមាណ​ជាង ១១០​តោន នៅ​បរិវេណ​ជាប់​នឹង​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​កម្ទេច​ផលិតផល​ចំណីអាហារ​ក្លែងក្លាយ ហួស​កាលបរិច្ឆេទ និង​ខុសច្បាប់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ចំនួន​ជាង ១០០​តោន​។ ពិធី​កម្ទេចចោល​ផលិតផល​ទាំងនេះ បានធ្វើ​ឡើង នៅ​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

​សូមបញ្ជាក់ថា ផលិតផល និង​ចំណីអាហារ​ខូចគុណភាព ដែល​ត្រូវបាន​កម្ទេចចោល​រាប់រយ​តោន​ទាំងនោះ មាន​ផ្ទុក​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ឧក្រិដ្ឋជន បាន​ចរាចរ ចែកចាយ និង​ផលិត ដូចជា បារី សុរា ឱសថ​ក្លែងក្លាយ គ្រឿងសម្អាង​ក្លែងក្លាយ ទឹកសុទ្ធក្លែងក្លាយ ផលិតផល​ពី​សាច់សត្វ​ដោយ​ខុសច្បាប់ ផលិតផល​ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស ទឹកខ្មេះ ប្រេងខ្យង ជាដើម​៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!