ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាយរឿង ប្អូនថ្លៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺម្នាក់ រងការចោទថា ជាអ្នកនៅពីក្រោយខ្នង បនល្បែងស៊ីសង

7 ខែ មុន 286 តូ សុផល

កំពង់ស្ពឺ៖ បទល្មើសឆ្នោតវៀតណាម បាននិងកំពុងពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋមួយចំនួនធំ

បើទោះបីឆ្នោតជាតិ ត្រូវបានបង្កើតឡើងក៏ដោយនោះ ប៉ុន្តែឆ្នោតវៀតណាម បានចូលមកដល់មូលដ្ឋានតាមបណ្តារាជធានី-ខេត្ត ជាច្រើនឆ្នាំមកហើយ។

បើទោះបីជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផែនការជាបន្តបន្ទាប់ ឲ្យសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ចុះបង្ក្រាបក៏ដោយ ប៉ុន្តែបទល្មើសសង្គមមួយនេះ នៅតែបន្តកើតមានឡើង និងបានកើតឡើងកាន់តែខ្លាំង រហូតមានសមត្ថកិច្ចជាច្រើនពាក់ព័ន្ធ និងការចូលរួមកាងបទល្មើសខុសច្បាប់ទៀតផង។

ជាក់ស្តែងនៅមូលដ្ឋានខេត្តកំពង់ស្ពឺ និយាយជារួម និងនិយាយដោយឡែកមូលដ្ឋានស្រុកសំរោង បទល្មើសឆ្នោតវៀតណាម បាននិងកំពុងវៃលុកយ៉ាងខ្លាំង ដែលប្រសិទ្ធភាព នៃការចុះបង្ក្រាប មិនទាន់មាននៅឡើយទេ។ ទាំងនេះគឺជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍របស់សមត្ថកិច្ចតែម្តង ក្នុងនោះ ក៏មានមន្រ្តីម្នាក់មានតួនាទីខ្ពស់ ក្នុងជួរអធិការដ្ឋាននគរបាលស្រុកសំរោងផងដែរ នោះគឺលោក ហង្ស សំរេច។ លោក ហង្ស សំរេច ត្រូវបានអ្នកស្គាល់គាត់ប្រាប់ថា ត្រូវជាប្អូនថ្លៃស្នងការនគរបាលខេត្តកំពង់ស្ពឺ​លោកឧត្តមសេនីយ៍ទោ សម សាមួន។

លោក ហង្ស សំរេច មានប្អូនរបស់ខ្លួនម្នាក់ ឈ្មោះ ហៀង ដែលបានប្រើឲ្យទៅកាងបទល្មើសទាំងនេះផ្ទាល់តែម្តង ទូទាំងខេត្តកំពង់ស្ពឺ។

មន្រ្តីនគរបាលតូចតាចនៅអធិការដ្ឋាននគរបាលស្រុកសំរោងទៀង បានលួចប្រាប់អ្នកយកព័ត៌មានថា លោក ហង្ស សំរេច ដោយសារតែខ្លួនជាប្អូនថ្លៃស្នងការនគរបាលខេត្ត លោកបានយកបទល្មើស ល្បែងកន្ទុយលេខទាំងនេះ ជារបរកស៊ីមួយទៅហើយ ដោយលោកជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងមួយនេះដោយផ្ទាល់តែម្តង។

មន្រ្តីនគរបាលខាងលើនេះ បានបន្តទៀតថា មិនត្រឹមតែបទល្មើសឆ្នោតវៀតណាម និងនៅមូលដ្ឋានស្រុកសំរោងទងនោះទេ ប៉ុន្តែលោក ហង្ស សំរេច ដែលគិតថាអំណាចទាំងស្រុង នៅលើបងថ្លៃរបស់ខ្លួន ដែលជាស្នងការនោះ ក៏បានទៅជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងទៀតនៅស្រុកផ្សេងទៀតផង ដូចជា ជល់មាន់ជាដើម។

សម្រាប់បទល្មើសឆ្នោតវៀតណាម ដែលកាន់តែមានព្រោងព្រាតនៅតាមមូលដ្ឋានស្រុកសំរោងទងនោះ ត្រូវបានមន្រ្តីនគរបាល និងប្រជាពលរដ្ឋមួយចំនួនប្រាប់ផងដែរថា នៅពេលដឹងថា ទីតាំងឆ្នោតវៀតណាមទាំងឡាយណា ដែលយើងហៅថា កូនកញ្ច្រែងនោះ មិនបង់ និងកត់ប្រមូលជូនក្រុមគាត់ទេ នោះលោក ហង្ស សំរេច នឹងបញ្ចេញកម្លាំងនគរបាល របស់ខ្លួនចុះមកចុះបង្ក្រាបតែម្តង ដោយមិនទុកឲ្យមានវត្តមានទៀតឡើយ។

ការចុះបង្ក្រាបទាំងនេះ បានកើតឡើងរួចមកហើយ មើលសំបកក្រៅ ហាក់គិតថា ជាចំណាត់ការរបស់នគរបាលស្រុកសំរោងទង លើការបង្ក្រាបបទល្មើស ប៉ុន្តែជាក់ស្តែងជាការលុបបំបាត់ រាល់កូនកញ្ច្រែងទាំងឡាយណា ដែលមិនកត់ប្រមូលជូនក្រុមខ្លួនប៉ុណ្ណោះ។

 

តាមការលួចបង្ហើបពីមន្រ្តីនគរបាល និងប្រជាពលរដ្ឋខាងលើនេះ រឿងទាំងនេះស្នងការនគរបាលខេត្តកំពង់ស្ពឹ លោកឧត្តមសេនីយ៍ផ្កាយ២ សម សាមួន​ មិនអាចអត់ដឹងនោះទេ ប៉ុន្តែធ្វើដូចម្តេចបើជាប្អូនថ្លៃរបស់ខ្លួនទៅហើយនោះ និងម្យ៉ាងទៀតក៏អាចទាក់ទង នឹងផលប្រយោជន៍ផងដែរ។

សម្រាប់លោកឧត្តមសេនីយ៍ទោ សម សាមួន កាលពីពេលថ្មីៗនេះ ក៏ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយផងដែរ គឺការដោះលែងជនសង្ស័យជាមេចោរកាច់កម៉ូតូ នៅស្រុកឧដុង្គ រហូតមានរឿងជាមួយព្រះរាជអាជ្ញា និងតុលាការទៀតផង។

ជុំវិញករណីមន្រ្តីនគរបាលកាងបទល្មើសទាំងនេះ ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកសំរោងទង និងនៅមូលដ្ឋានខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួយមានចំណាត់ការ និងចាត់ឲ្យក្រុមការងារចុះស្រាវជ្រាវរក ការពិតផង ដើម្បីលុបបំបាត់រាល់បាតុភាពទាំងឡាយរបស់មន្រ្តីនគរបាលថ្នាក់ក្រោម ដែលរកស៊ី និងពាក់ព័ន្ធបទល្មើសទាំងនេះ៕ ដោយ៖ ម៉េង

អង្គភាពយើងសូម ស្វាគមន៍ រាល់ការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ