ព្រឹតិ្តការណ៍ថ្មីៗ

គ្រួសារយោធិនពិការទទួលបានអណ្តូងទឹកស្អាត ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

6 ខែ មុន 17 តូ សុផល

ខេត្តបន្ទាយមានជ័យ៖ គ្រួសារយោធិនពិការ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតនៅក្នុងឃុំស្វាយចេកស្រុកស្វាយចេក ទទួលបានអណ្តូងទឹកចំនួន១០ និងប្រជាពលរដ្ឋនៅ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យទទួលបានចំនួន២ ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី៩ ខែមីនា២០១៩នេះ ដែលជាអំណោយមូលនីធិ មាតា បិតា សម្តេចតេជោ ហ៊ុន សែន និង សម្តេកិត្តិព្រឹទ្ឋិបណ្ឌិត សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសនៅរដូវទឹកអំណត់នេះ។

ជាក់ស្តែងនៅក្នុងឱកាសនោះយើងឃើញថា ប្រជាពលរដ្ឋនៅក្នុងស្រុកទាំង២ខាងលើនេះ ពិតជាមានក្តីរំភើប សប្បាយរីករាយ លាយឡំនឹងទឹកភ្នែក ដោយទទួលបានអណ្តូងទឹកស្អាត ជាលើកទី២ ពីលោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សំរាប់ជួយសម្រួលដល់ជីវភាពគ្រួសារ។

ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អណ្តូងទឹកស្អាត ដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកខាងលើ លោកស្រីប្រធានមូលនីធិអណ្តូងទឹកស្អាត បានអោយដឹងថា ដោយមើលឃើញតំបន់នេះមានការខ្វះខាត់ទឹកស្អាតប្រើប្រាស់ ពិសេសនៅរដូវប្រាំង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត បានចាត់អោយក្រុមការងារ ធ្វើជូនលោកយាយ លោកតា និងគ្រួសារយោធិនពិការនៅទីនេះ បានប្រើប្រាស់តាមតម្រូវការ។ លោកស្រីអោយដឹងថា អ្វីដែលពិសេសនៅក្នុង ឃុំស្វាយចេក ស្រុកស្វាយចេកនេះ គឺភាគច្រើនជាអតីតយោធិន ដែលបានពលីជីវិត ការពារទឹកដីនៅតំបន់នេះ កាលពីសម័យសង្រ្គាម។ ហេតុដូច្នេះហើយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត លោកទាំងពីរតែងតែគិតគូពីសុខទុក្ខ និងជីវភាពរបស់បងប្អូនយោធិនពិការនៅទីនេះជានិច្ច ដោយមិនទុកនរណាម្នាក់ចោល។

លោកស្រីប្រធានមូលនីធិអណ្តូងទឹកស្អាតបន្តថា ដើម្បីឆ្លើយតបនិងតម្រូវការជាក់ស្តែង របស់គ្រួសារយោធិនពិការ និងប្រជាពលរដ្ឋនៅទីនេះ លោកស្រីបានចាត់អោយក្រុមការងារ ចុះមកធ្វើអណ្តូងថែមជូនជាលើកទី២តាមតម្រូវការ ដោយក្នុងនោះមានអណ្តូងលោកតា ហ៊ុន នាង លោកយាយ ឌី ប៉ុក ចំនួន៧អណ្តូង និងអណ្តូងលោកយាយ ប៊ុន ស៊ាងលី លោកតា លីន គ្រី ចំនួន៥អណ្តូង។

គ្រួសារយោធិពិការ និងប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើ បានសំដែងនូវក្ដីសប្បាយត្រេកអរជាពន់ពេក និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះម្ចាស់អណ្តូង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរ តែងគិតគូពីទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីសទី។

សូមជម្រាបថាក្នុងឱកាសនោះដែរ លោកស្រីប្រធានមូលនីធិ ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ(TYDA) មកពិនិត្យពិគ្រោះ និងផ្តល់ថ្នាំសង្កូវព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។ រីឯអ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនមកភ្នំពេញដើម្បីព្យាបាល រាល់ការចំណាយទាំងអស់គឺស្ថិតក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិតផ្ទាល់៕

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អណ្ដូងទឹកស្អាតដែលជាអំណោយដ៏ថ្លៃថ្លារបស់មាតាបិតា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ជូនប្រជាពលរដ្ឋប្រើប្រាស់ប្រមាណជិត៧០០ លោកនឹងធ្វើការប្រគល់ជាផ្លូវការជាង៥០០អណ្ដូង។ ហើយក្រុមការងារនៃមូលនិធិអណ្ដូងទឹកស្អាតនេះ នឹងបន្តសាងសង់អណ្តូងជូនប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលមួយចំនួនទៀត។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ