ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋប្តឹងឲ្យ ACU ស៊ើបអង្កេតទ្រព្យសម្បត្តិ លោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការខេត្តស្វាយរៀង

8 ខែ មុន 924 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីអង្គភាពប្រឆាំងអំពើរពុករលួយប្រកាសបើកការស៊ើបអង្កេតលើ លោក គឹម រស្មី អតីតមេបញ្ជាការ

កងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ស្រេង សុខា ស្នងការរងខេត្តកណ្តាល ដែលមានទ្រព្យច្រើនខុសធម្មតា ឥឡូវនេះបានបែកធ្លាយឯកសារពលរដ្ឋប្តឹងឲ្យអង្គភាពមួយនេះ ជួយបើកការស្រាវជ្រាវអំពីប្រភពទ្រព្យដ៏ច្រើនរបស់លោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការខេត្តស្វាយរៀង។

ពាក្យបណ្តឹងរបស់លោកស្រី ស៊ីវ សៅលីន ដែលជាអ្នករស់ក្បែរផ្ទះរបស់លោកស្រី ហង់ ប៊ុននី ជាប្រពន្ធអតីតប្រពន្ធលោក ឌិន ស៊ីវុទ្ធី បានដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ ដោយស្នើសុំឲ្យអង្គភាពនេះ បើកការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់លោក ឌិន ស៊ីវុទ្ធី ព្រោះតែឈ្មោះនេះមានទ្រព្យច្រើនខុសប្រក្រតី និងមិនបានប្រកាសទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវ។

ពាក្យបណ្តឹងចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបរាប់ថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ឈ្មោះ ឌិន ស៊ីវុទ្ធី ប្រធានតុលាការខេត្តស្វាយរៀង បានធ្វើកិច្ចព្រមព្រៀងលែងលះប្រពន្ធឈ្មោះ ហង់ ប៊ុននី និងបានដាក់ពាក្យប្តឹងសុំលែងលះប្រពន្ធទៅតុលាការខេត្តកំពង់ធំ។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ តុលាការខេត្តកំពង់ធំបានសម្រេចចេញដីកាលេខ០១ (ច) ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ សម្រេចប្រគល់ទ្រព្យសម្បត្តិរួម នៅក្នុងខេត្តកំពង់ធំទាំងអស់ទៅប្រពន្ធឈ្មោះ ហង់ ប៊ុននី។

ចំណែកទ្រព្យនៅខេត្តផ្សេងឈ្មោះ ឌិន ស៊ីវុទ្ធី បានទិញដោយដាក់ឈ្មោះ កេស គន្ធា ភេទស្រី និងឈ្មោះ ឈួន សុធារិទ្ធ ភេទប្រុស ដើម្បីបំភ័ន្តភ្នែកអង្គភាពប្រឆាំងអំពើពុករលួយ។

ពាក្យបណ្តឹងនេះក៏បានបញ្ជាក់ផងដែរថា កាលពីអំឡុងដែលលោក ឌិន ស៊ីវុទ្ធី កាន់តួនាទីជាប្រធានតុលាការខេត្តក្រចេះ បានកាងរថយន្តឈ្មួញឈើជាច្រើនដើម្បីបានលុយទិញដី ទិញផ្ទះជាច្រើនកន្លែង។

លោកស្រី ស៊ីវ សៅលីន បានសំណូមពរឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើលោក ឌិន ស៊ីវុទ្ធី ឲ្យបានច្បាស់លាស់ដើម្បីលុបបំបាត់អំពើពុករលួយពីសង្គមជាតិ៕ ដោយ៖      សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ