ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយបែកធ្លាយ ករណីជំរិត​ទារប្រាក់​ពី​មន្ត្រី ​តាម​គោលដៅ​នានា ​ លោក​វរសេនីយ៍ឯក​ សែ​ម​ គន្ធ​ ​ចេញមុខបដិសេធ

7 ខែ មុន 319 តូ សុផល

ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ សែ​ម​ គន្ធ​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​

នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​គេហទំព័រ​និង​ព័ត៌មាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៩​ថា​ ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​ជា​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោ​កមក​ លោក​បាន​ធ្វើការ​កែ​ត​ម្រួ​ល​របៀបរបប​ការងារ​ច្រើន​ ដើម្បី​ឲ្យ​មន្ត្រី​មាន​ភាព​ងាយស្រួល​ធ្វើការ​ និង​គោរព​វិន័យ​ ជា​ពិសេស​គឺ​បាន​ផ្លាស់​ប្តូរ​របៀប​ធ្វើការ​នៅ​តាម​គោលដៅ​ ពី​ការ​ដាក់​កម្លាំង​មុខ​ដដែលៗ​ជា​អចិន្ត្រៃយ៍​ ទៅ​ជា​ចល័ត​វិល​ជុំ​មួយ​ខែ​ម្តង​ ដើម្បី​លុប​បំបាត់​បញ្ហា​សតិអារម្មណ៍​របស់​មន្ត្រី​មួយ​ចំនួន​ ។​

​លោក​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​និយាយ​ឲ្យ​ដឹង​បែប​នេះ​ បន្ទាប់​ពី​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​ជាមួយនឹង​មេដឹកនាំ​អង្គភាព​នេះ​ថា​ បាន​ជំរិត​ទារប្រាក់​ពី​មន្ត្រី​តាម​គោលដៅ​នានា​ ក្នុង​មួយ​ខែ​ពី​ ១០០​ ទៅ​ ១៥០​ដុល្លារ​ ឬ​ ច្រើន​ជាង​នេះ​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​មិន​ផ្លាស់​ប្តូរ​មន្ត្រី​នោះ​ចេញពី​គោលដៅ​ខ្លាញ់​ ដែល​ត្រូវ​បាន​គេ​ធ្វើការ​ចុះ​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ព្រោងព្រាត​រួច​មក​ ។​
​លោក​វរសេនីយ៍ឯក​ សែ​ម​ គន្ធ​ បាន​ពន្យល់​ថា​ ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធាន​មក​ លោក​បាន​ធ្វើការ​កែសម្រួល​កងកម្លាំង​នៅ​តាម​គោលដៅ​ទាំងអស់​ ទាំង​មន្ត្រី​ ទាំង​ថ្នាក់ដឹកនាំ​នៅ​តាម​បណ្តា​គោលដៅ​នានា​ ដែល​ពី​មុន​ឈរជើង​ជា​អចិន្ត្រៃយ៍​ តែ​ឥឡូវ​ត្រូវ​បាន​ចល័ត​វិល​ជុំ​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយទៀត​រៀង​រាល់​មួយ​ខែ​ម្តង​ ។​ លោក​បាន​បន្ត​ថា​ គោលបំណង​នៃ​ការ​ចល័ត​កម្លាំង​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ​ក្នុង​មួយ​ខែ​ម្តងនេះ​ ត្រូវ​បាន​លោក​និយាយ​ថា​ ដើម្បី​ឲ្យ​មន្ត្រី​ទទួល​បាន​នូវ​ការ​ដកស្រង់​បទ​ពិសោធន៍​ការងារ​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ​ ធ្វើ​ឲ្យ​មន្ត្រី​នៅ​ក្នុង​អង្គភាព​ទាំងមូល​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ទូលំទូលាយ​ និង​មាន​សាមគ្គី​គ្នា​កាន់តែ​ល្អ​ ជា​ពិសេស​គឺ​លុប​បំបាត់​ក្រុម​មន្ត្រី​ដែល​បាន​សហការ​គ្នា​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នៅ​តាម​គោលដៅ​នានា​នោះ​ ។​

​លោក​បាន​បញ្ជាក់​ថា​ ការ​ចល័ត​កម្លាំង​តាម​គោលដៅ​ទាំង​នៅ​ក្នុង​រាជធានី​ និង​ជាយ​នេះ​ មិនមែន​ចល័ត​តែ​មេក្រុម​ឬ​អនុប្រធាន​ផ្នែក​នោះ​ទេ​ គឺ​ចល័ត​បំបែក​ទាំង​មន្ត្រី​នៅ​តាម​ក្រុម​ទាំងនោះ​ទៀត​ នេះ​ជា​អ្វី​ដែល​អង្គភាព​ចរាចរណ៍​បាន​ធ្វើ​កន្លង​មក​ ។​ ពេល​នេះ​គោលដៅ​ខ្លាញ់​ ឬ​មិន​ខ្លាញ់​ មិនមែន​ជា​របស់​អ្នក​ណា​ម្នាក់​ទៀត​ឡើយ​ ព្រោះ​ការងារ​របស់​មន្ត្រី​តាម​គោលដៅ​ចល័ត​វិល​ជុំ​ ។​
​លោក​ជ័យ​ សុខ​គារ​ មន្ត្រី​នគរបាល​ចរាចរ​ដែល​ធ្លាប់​ឈរជើង​នៅ​គោលដៅ​ពេទ្យ​លោកសង្ឃ​ មាន​រយៈពេល​ច្រើន​ជាង​១០​ឆ្នាំ​ បាន​ប្រាប់​គេហទំព័រ​ និង​ព័ត៌មាន​ ​នគរបាល​ជាតិ​ថា​ ពី​មុន​កម្លាំង​ធ្លាប់​នៅ​គោលដៅ​ណា​ គឺ​នៅ​គោលដៅ​នឹង​បានជា​អចិន្ត្រៃយ៍​នោះ​ ដោយសារ​អង្គភាព​មានការ​យោគយល់​ថា​ អ្នក​ណា​មានផ្ទះ​នៅ​ជិត​គោលដៅ​ណា​ឲ្យ​ឈរជើង​នៅ​គោលដៅ​នោះ​ មិនមែន​ដោយសារ​បាន​មក​ពី​ការ​បង់ប្រាក់​ប្រចាំខែ​ឲ្យ​មេនោះ​ទេ​ តែ​ឥឡូវ​មិន​អីចឹង​ទៀត​ឡើយ​ គឺ​អង្គភាព​បាន​កែសម្រួល​ដោយ​ឲ្យ​មានការ​ចល័ត​កម្លាំង​វិល​ជុំ​ ។​ ខែ​ខ្លះ​ចំ​កន្លែង​ស្រួល​ ខែ​ខ្លះ​ប៉ះ​កន្លែង​ពិបាក​នោះ​ម្តងម្នាក់​ទេ​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ចេ​វ​ ហាក់​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ផែន​ចារ​ចរណ៍​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦​ ខែមីនា​ថា​ កម្លាំង​ឈរជើង​នៅ​តាម​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ធ្វើការ​កែសម្រួល​តាំងពី​២​ទៅ​៣​ខែ​មុន​ បន្ទាប់​ពី​មានរឿង​អាស្រូវ​ស្រ​ដៀង​គ្នា​នេះ​ម្តង​រួច​មក​ហើយ​ ដោយ​ធ្វើការ​ផ្លាស់​ប្តូរ​កងកម្លាំង​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ​ពេល​ខ្លះ​៣​ថ្ងៃ​ម្តង​ ។​ ការ​ចល័ត​កម្លាំង​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ​នៅ​ពេល​នេះ​ បាន​បំបែក​ទាំង​ក្រុម​ទៀត​ផង​ ដូច្នេះ​មានរឿង​អ្វី​ដែល​អ្នក​ឈរជើង​តាម​គោលដៅ​ត្រូវ​យក​លុយ​ទៅ​ឲ្យ​អ្នក​ណាមួយ​នោះ​ ៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ