ព្រឹតិ្តការណ៍ថ្មីៗ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

3 ខែ មុន 19 តូ សុផល

ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូលរួមជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​​ពិធី​បិទ​សន្និបាត​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សន្និបាតនេះមាន​រយៈពេល ២​ថ្ងៃ​កន្លងមកហើយ របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមានការចូលរួម​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង ក៏ដូចជា ឯកអគ្គរាជទូត​ តំណាង​អចិន្ត្រៃយ៍ និង​អគ្គ​កុងស៊ុល​របស់​កម្ពុជា​។ កម្ពុជាបច្ចុប្បន្នមាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជា​មិ​ត្ដ​ចំនួន ១៧២ ប្រទេស និង​មាន​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​សរុប​ចំនួន ៦០​។​

សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស​នេះ គឺជា​កាលានុវត្តភាព​ស​ម្រា​ប់​អ្នកការទូត​កម្ពុជា ដើម្បី​ពង្រីក​ចំណេះដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ ឧទ្ទេសនាម​ដោយ​វាគ្មិន​សំខាន់ៗ លើ​បញ្ហា​ជា​សារ​វ័​ន្ត​ពាក់ព័ន្ធ​នឹង “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​” “​ការជំរុញ​ការទូត​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​” និង “​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​” ដែល​នឹង​លើកកម្ពស់​បន្ថែមទៀត​ដល់​ចំណេះដឹង​ជាក់ស្តែង ធ្វើ​ឲ្យ​ស៊ីជម្រៅ​កម្រិត​វិភាគ និង​ការយល់ដឹង​ទូលំទូលាយ​ដល់​អ្នកការទូត​កម្ពុជា ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះការអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាពេលនេះ ដែលជាក្រសួងមួយដែលសម្ដេចធ្លាប់បម្រើការងារជាតួនាទីជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដំបូងគេនៅកម្ពុជាក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយសម្តេចតែងតែបានអញ្ជើញចូលរួមក្នុងពិធីបូកសរុបការងាររបស់ក្រសួងការបរទេសជាបន្តបន្ទាប់។ សម្តេចតេជោ តែងបានយកឱកាសនេះ ដើម្បីផ្តល់នូវបទពិសោធន៍ និងអនុសាសន៍សំខាន់ជូនដល់មន្ត្រីការទូតរបស់កម្ពុជា។ សម្តេចថ្លែងបន្តថាកិច្ចការបរទេស គឺជារឿងដ៏សំខាន់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើឡើងរយៈពេលពីរថ្ងៃកន្លងមកនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការអភិវឌ្ឍទៅលើកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយបណ្ដាប្រទេសនានា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដើម្បីទទួលបានផលប្រយោជន៍រួមដល់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!