លោក ហួរ ម៉េងវ៉ាង ៖ ស្ត្រី គឺ ជាម្តាយ ជាអ្នកដឹកនាំគ្រួសារ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម និង ជាមាតានៃ ពិភពលោក

3 ខែ មុន 179 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែ មីនា អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានប្រារព្វពិធី អបអរសាទរខួបលើកទី១០៨នៃទិវាអន្តរជាតិនារី ថ្ងៃទី ៨មីនាឆ្នាំ ២០១៩។

ទិវាផ្តល់កិត្តិយសចំពោះស្នាដៃស្ត្រី និង ជាថ្ងៃដែលយើងទាំងអស់គ្នាលើកតម្កើងតម្លៃ ឋានៈ តួនាទី និងសិទ្ធិស្ត្រីកម្ពុជា។

ក្នុងការអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ថ្ងៃទី ៨មីនាឆ្នាំ ២០១៩ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ រួមនិងថ្នាក់ដឹកនាំអធិការខណ្ឌ និង លោក ហោ វាសនាអភិបាលរងខណ្ឌសែនសុខ បានជួបសំណេះសំណាលជាមួយមន្ត្រីនគរបាល ដែលជាស្ត្រី អញ្ជើញមកពីសង្កាត់ទាំង៦ក្នុងខណ្ឌសែនសុខ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានមានប្រសាសន៍ថា៖ ការជួបជុំគ្នានៅពេលនេះ គឺជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យដើម្បីរំលឹកឡើងវិញ នូវស្នាដៃដ៏មហិមារបស់ស្រ្តីនានា លើពិភពលោក ក្នុងនោះក៏មានស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូដើម្បី បុព្វហេតុស្រ្តី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ និងជាថ្ងៃដែលយើងទាំងអស់គ្នា ជាពិសេស បុរសៗ ត្រូវតែបន្តជំរុញ និងលើក តម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិ របស់ស្ត្រីកម្ពុជាយើងឲ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លាថែមទៀត។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានបន្តទៀតថាៈទិវាអន្តរជាតិនារី នៅឆ្នាំនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”។

ជាមួយគ្នានោះដែរ លោក ហោ វាសនា អភិរងបាលខណ្ឌសែនសុខ បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ដែលជាម្តាយ ជាអ្នកដឹកនាំគ្រួសារ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម និង “ជាមាតានៃ ពិភព លោក “ប្រកបដោយគុណសម្បត្តិដ៏ថ្លៃថ្លា គឺជាអាទិភាពចំបង ដែលពេលនេះកម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្ត ចំពោះស្ត្រីដែលជាកម្មការិនី និងជាពិសេស សម្រាប់អ្នកមានផ្ទៃពោះ ដោយបានផ្តល់ការឈប់សម្រាករយៈពេល៣ខែ ក្នុងរយៈពេលសម្រាលកូន និងទទួលបានប្រាក់ខែ ១២០% ទៀតផង។

ទាក់ទងនឹងវិស័យអប់រំវិញ រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងជំរុញឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានច្រើន ដើម្បីឱ្យធនធានមនុស្ស របស់យើងជាស្ត្រីភេទកាន់តែសំបូរបែបថែមទៀត។

លោកអភិបាលរងរូបនេះ បន្ថែមទៀតថា ជោគជ័យដ៏ធំធេងទាំងអស់នេះ បានឆ្លើយតបជាវិជ្ជមានទៅនឹងផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដើម្បី «កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» និងផែនការយុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួងកិច្ចការនារី៕

យោងតាម ឯកសារបញ្ជាក់ថា ទិវាសិទ្ធិនារីអន្តរជាតិ មានប្រភពមកពីពាក្យថា International Working Women’s Day ទិវាកាងារនារី អន្តរជាតិ។ ទិវានារីអន្តរជាតិ ប្រទេសជាច្រើននៅលើពិភពលោក តែងតែប្រារព្ធឡើងនៅថ្ងៃទី៨ មីនា ជារៀងរាល់ឆ្នាំ ដែលជាព្រឹត្តិការណ៍គេមិនអាចបំភ្លេចបាន ពិសេសនារី។ ការប្រារព្ធពិធីនេះក្នុងន័យតែមួយគត់គឺ ការគោរព និង ស្រលាញ់ស្រ្តី លើកកំពស់ស្រ្តីក្នុងសេដ្ឋកិច្ច កាងារ នយោបាយ និងការចូលរួមកិច្ចការក្នុងសង្តម រហូតគេបានចាត់ ទុកស្ត្រី ជាមាតារបស់ពិភពលោក។

ដើម្បីឲ្យមានការអនុវត្ត និងមានគោលនយោបាយច្បាស់លាស់ ក្នុងការគោរពលើស្ត្រីឲ្យបានត្រឹមត្រូវតាមរយៈ កត្តា នយោបាយ និងសង្តម អង្គការសហប្រជាជាតិ (UN) ក៏បានលើកតម្កើង និងការគាំទ្រយ៉ាងពេញទំហឹង លើស្ត្រីភេទ។ ឧទាហណ៍ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនក៏បានកំណត់ថា ទិវា នារីអន្តរជាតិនេះ ជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!