ព្រឹតិ្តការណ៍ថ្មីៗ

ប៉េអឹមម្នាក់ ដកកាំភ្លើងបម្រុងបាញ់ប្រពន្ធ ឪពុកក្មេក ស្ទុះមកជួយរាល កៃត្រូវខ្លួនឯង

6 ខែ មុន 400 តូ សុផល

កណ្ដាល៖  បុរសជាមន្រ្ដីប៉េអឹមម្នាក់ពុំដឹងជាខឹងប្រពន្ធរឿងហេតុអ្វី ដកកាំភ្លើងខ្លីដែលសៀតជាប់ចង្កេះ

បម្រុងរកបាញ់ប្រពន្ធ ស្រាប់តែឪពុកក្មេកឃើញទាន់ក៏ស្ទុះទៅចាប់ជ្រោងប្រតាយប្រតប់គ្នា ធ្វើឲ្យរាកៃត្រូវខ្លួនឯងចំក្រោមដើមទ្រូង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីខាងលើនេះ បានកើតឡើងវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសំរោងក្អែរ៣ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋានន្តរសក្តិវរៈសេនីយ៍ត្រី មានទីលំនៅភូមិ លេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (រងរបួសសម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា) ។ ចំណែកជនរងគ្រោះ២នាក់ ១-ឈ្មោះ ឈួន ជេស ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសំរោងក្អែរ៣ ឃុំសំរោ ងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល (ឪពុកក្មេកជនសង្ស័យ) ២-ឈ្មោះ ឈួន រ៉ានី ភេទស្រីអាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្រពន្ធជនសង្ស័យ )។ ចំណែកវត្ថុតាងដកហូតបានមាន៖ អាវុធខ្លីម៉ាកK54 ១ដើម លេខ៥៤៦៧០ ,មានគ្រាប់ចំនួន ៧ គ្រាប់ ,សំបកគ្រាប់ចំនួន១គ្រាប់ និងបង់ដែក១ ។

ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យនិងជនរងគ្រោះជាប្រពន្ធប្ដីបានស្នាក់នៅជាមួយគ្នានៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លុះមកដល់ថ្ងៃកើតហេតុ នារីរងគ្រោះជាប្រពន្ធដែលចាកចេញពីផ្ទះនៅឯភ្នំពេញ ទៅផ្ទះឪពុកម្ដាយរបស់ខ្លួននៅឯស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ ខណៈទៅដល់នារីរងគ្រោះបានបបួលបងស្រីខ្លួនចេញជិះម៉ូតូទៅក្រៅបាត់មួយសន្ទុះ ភ្លាមនោះជនសង្ស័យជាប្ដីក៏ជិះម៉ូតូពីភ្នំពេញមកផ្ទះឪពុកក្មេក រួចសួថា ប្រពន្ធខ្លួនទៅណា ភ្លាមនោះឪពុកក្មេកឆ្លើយថា ពុំដឹងទៅណាទេ បានមួយសន្ទុះក្រោយមក ក៏ស្រាប់តែឃើញនារីរងគ្រោះជិះម៉ូតូជាមួយបងស្រីខ្លួន រួចដៀលជេរប្រពន្ធខ្លួនឯង បន្ទាប់ពីជេររួច ជនសង្ស័យជាប្ដីបានដកកាំភ្លើងខ្លីរបស់ខ្លួនដែលសៀតជាប់ចង្កេះបម្រុងរកបាញ់ទៅលើនារីរងគ្រោះជាប្រពន្ធ តែត្រូវឪពុកក្មេកឃើញទាន់ក៏ស្ទះទៅជ្រោងប្រតាយប្រតប់គ្នាជាមួយកូនប្រសារ(ជនសង្ស័យ) ធ្វើឲ្យរាកៃត្រូវជនសង្ស័យចំក្រោមដើមទ្រូងរងរបួសធ្ងន់យ៉ាងដំណំ។ ក្រោយពីមានហេការណ៍កើតឡើង ជនសង្ស័យត្រូវប្រពន្ធយកទៅសង្រ្គោះនៅមន្ទីរពេទ្យកេតុមាលា រាជធានីភ្នំពេញ ។

ចំពោះករណីខាងលើនេះ នគរបាលស្រុកកៀនស្វាយកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ