ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនមនុស្ស៥នាក់ ពីបទជួញដូរគ្រឿងញៀន ៣ករណីផ្សេងគ្នា​  ដកហូតថ្នាំ ២កញ្ចប់ធំ​ ២០កញ្ចប់តូច​

3 ខែ មុន 102 តូ សុផល

រាជធានីភ្នំពេញ​ ៖ សង្កេតឃើញថា​ក្រោយពីលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដាក់បញ្ជាដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ក្រោមការដឹកនាំរបស់លោក​វរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យថ្មី បានរៀបចំផ្លាស់ប្ដូ កែប្រែ​វប្បធម៌​ចាស់(ខ្ចិល) ឬរាយការណ៍ក្នុងមុងចោល ដាក់ផែនការដឹកនាំថ្មី ត្រូវពង្រឹងអនុវត្តការងារទ្វេរដង ធ្វើយ៉ាងណា ត្រូវធ្វើការអនុវត្តឲ្យត្រូវចំណុចគោលដៅ​ ដោយកម្លាំងនគរបាលខណ្ឌមានជ័យ ត្រូវបង្កើនការចេញល្បាតពួនស្ទាក់​ ត្រៀមលក្ខណៈ​អន្តរាគមន៍ ទប់ស្កាត់បទល្មើស ចំណែកឯកម្លាំងនគរបាលបាលប៉ុស្តិ៍ទាំង៧ ត្រូវសហការជាមួយកម្លាំងខណ្ឌ​ ចូលរួមល្បាត និងបង្កើនការស្រាវជ្រាវមុខសញ្ញាផ្សេងៗ​អោយបានច្បាស់លាស់ រួចបើកការបង្ក្រាប ទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋមូលដ្ឋាន មិនមែនធ្វើជាមន្ត្រីនគរបាល​លំៗ​ មិនខ្វល់ពីសន្តិសុខ​ សុវត្ថិភាព​របស់ប្រជាពលរដ្ឋនោះទេ។

ជាក់ស្ដែងកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានបង្កើនការល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើស​ និងត្រៀមលក្ខណៈអន្តរាគមន៍ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានជាបន្តបន្ទាប់ដូចខាងក្រោម។

ករណីទី១ ​កម្លាំងល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ចេញល្បាតពួនស្ទាក់​ ទប់ស្កាត់បទល្មេីស​ ក្នុងមូលដ្ឋាន​ បានប្រទះឃើញជនសង្ស័យចំនួន២នាក់ កំពុងឈរនិយាយគ្នាតាមផ្លូវ ភ្លាមនោះជនសង្ស័យទាំងពីរ​ បានបោះចោលថ្នាំនៅជិតនោះ​ តែដោយមានការសង្ស័យកម្លាំងល្បាតក៏បានសុំធ្វើការត្រួតពិនិត្យ​ ឆែកឆេរ​រកឃើញ ក្រាមសថ្លា​ (សង្ស័យជាគ្រឿងញៀន​) ចំនួន ១៤កពា្ចប់តូច ដែលពួកគេទាំងពីរបោះចោលជិតនោះ​ ភ្លាមនោះជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុភា ហៅឆាយ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ បានស្ទុះបម្រុងរត់គេចខ្លួន​ តែត្រូវបានសមត្ថកិច្ចឃាត់បានវិញ និងម្នាក់ទៀតឈ្មោះ គង់ គា ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុម១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២​ ត្រូវកម្លាំងឃាត់ខ្លួនវាយខ្នោះទាំង២នាក់ យកមកធ្វេីការសួរនាំនៅស្នាក់ការប៉ុស្តិ៍​។

លោក​ ណេង​ សាមឿន​ នាយប៉ុស្តិ៍​ស្ទឹងមានជ័យ​២​ បានឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង០១:៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃអាទិត្យ​ ទី០៣​ ខែមីនា​ ឆ្នាំ២០១៩នេះ​ នៅចំណុចផ្លូវលំ ក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ដកហូតវត្ថុតាងមាន​ ក្រាមសថ្លា​ (សង្ស័យជាគ្រឿងញៀន​) ចំនួន ១៤កពា្ចប់តូច ។

ករណីទី២ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ សហការជាមួយ​កម្លាំងល្បាតនៃអធិការដ្ឋានខណ្ឌមានជ័យ បានចេញល្បាត​ពួនស្ទាក់​ក្នុងមូលដ្ឋាន​ បានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធទៅនឹងករណី ជួញដូរខុសច្បាប់នូវសារធាតុញៀន ដកហូតថ្នាំ២កញ្ចប់ធំ​ កាលវេលាម៉ោង០៥:០០នាទីទៀបភ្លឺ ថ្ងៃអាទិត្យ​ ទី០៣ ខែមីនា ឆ្នាំ​២០១៩ នៅចំណុចមុខហាងលក់ម៉ូតូ ជិតភោជនីយ៍ដ្ឋាន១៦៨ ផ្លូវ​ជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

បើតាមនាយប៉ុស្តិ៍ចាក់អង្រែលើ លោក អ៊ុ រតនា ក៏បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន​ ទី១-ឈ្មោះ សុខ ពៅ ហៅភ័ក្រ្ក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ១១៥៩ ផ្លូវ​ជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និងទី២.ឈ្មោះ សៅ ប៉ូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ១ ផ្លូវ​លំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ដកហូតវត្ថុតាង រួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០២កញ្ចប់ថងធំ និងទូរស័ព្ទដៃចាស់ ចំនួន០២ គ្រឿង។

ករណីទី៣​ កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀង ឧត្តម ហៅ លឿង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមី៦ ភូមិមានជ័យទី១ កំពុងឈរចែកចាយសារធាតុញៀនខុសច្បាប់ នៅចំណុចផ្លូវលំខាងលើ ទើបកម្លាំងធ្វើករឃាត់ខ្លួនតែម្ដង​ ដោយដកហូតវត្ថុតាង ម៉្សៅក្រាម ព៌ណសថ្លា​ (សង្ស័យជាគ្រឿងញៀន) ចំនួន ០៦កញ្ចប់ថង់តូច រួចឃាត់ខ្លួននាំមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍​ ។

លោក​ ម៉ៅ​ សាវឿន​ នាយប៉ុស្តិ៍​ស្ទឹងមានជ័យ​១​ បានអោយដឹងថា​ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោងនៅវេលាម៉ោង០៩:០០នាទីយប់ ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០១៩នេះ​ នៅចំណុចផ្លូវលំ ក្រុមី៦ ភូមិមានជ័យទី១​ សង្កាត់ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

បច្ចុប្បន្ន​​ជន​សង្ស័យទាំង៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ចំនួន​ ២ករណី​ និងចែកចាយ​គ្រឿងញៀន​ ១ករណី​ កំពុងត្រូវបានឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់ការទៅតាមនីតិវិធី ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!