ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់​ណាស់​!​ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោកជាំ​ បើក​រថយន្ត​បុក​ម៉ូតូរ៉ឺម៉ក​កង់​បី មុខព្រះបរមរាជវាំង ស្លាប់ភ្ញៀវបរទេស​២នាក់ និងអ្នក​បើក​រ៉ឺម៉កម្នាក់, អ្នកបើករថយន្តត្រូវបានឃាត់ខ្លួន

3 ខែ មុន 80 តូ សុផល

(ភ្នំពេញ​)​៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោកជាំ ​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន ​ទៅ​បុក​រ៉ឺម៉ក​កង់​បី​​អូស​ជាង​៥០ម៉ែត្រ ​បណ្ដាល​ឲ្យ​ជន​ជាតិ​បរទេស​២នាក់​បាន​ស្លាប់​​នៅនឹង​កន្លែង ​ចំណែក​ឯ​អ្នក​បើក​ម៉ូតូរ៉ឺម៉ក​ស្លាប់​ពេល​បញ្ជូន​ ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត​​។

ហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅម៉ោង​ជាង​២យប់​ថ្ងៃ​ទី​០២​ ខែ​មីនា ​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​កែង​ផ្លូវ​លេខ​១៨៤​ ចំណុច​មុខ​ព្រះ​បរមរាជវាំង​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ​ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ​។ 

ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ LEXUS RX330 ពណ៌​ខ្មៅ​ពាក់​ស្លាក​ភ្នំពេញ ​2AX-5853​ បើក​បរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​មុខ​ព្រះ​បរមរាជវាំង​ ស្រាប់​តែ​រថយន្ត​រេ​ចង្កូត​ងាកមក​ខាង​ឆ្វេង​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ចំ​ពេញ​មួយ​ទំហឹង​អូស​ជាង​៥០ម៉ែត្រ​ បណ្ដាល​ឲ្យ​​ជនជាតិ​​បរទេស២នាក់​​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​ចំណែក​ឯ​អ្នក​បើក​រ៉ឺម៉ក​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត​។

រី​ឯ​អ្នក​បើកបរ​រថយន្ត​បង្ក​វិញ មិន​ចេញ​ពី​កន្លែង​កើត​ហេតុ​ទេ​ តែ​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ជ័យ​ជំនះ​ ដើម្បី​ធ្វើ​ការ​សាកសួរ​នាំ​ផង​ដែរ​។

បច្ចុប្បន្ន​សព​ទាំង​៣ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ស្ទឹង​មាន​ជ័យ​ ដើម្បី​រង់ចាំសាច់​ញាតិ​មក​ទទួល​យក​ ដោយ​ឡែក​សព​ទាំង​៣ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​នោះ​ទេ​៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!