ព្រឹតិ្តការណ៍ថ្មីៗ

កូរ៉េខាងត្បូង នឹងជួយសម្រួលដល់ការចរចារវាង សហរដ្ឋអាមេរិកនិងកូរ៉េខាងជើង

2 សប្តាហ៍ មុន 35 តូ សុផល

Reuters: យោងតាមការលើកទ្បើងពីប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន (Moon Jae-in)

នៅព្រឹកថ្ងៃសុក្រ (ទី០១ មីនា) នេះបានឲ្យដឹងថា “កូរ៉េខាងត្បូងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងដើម្បីជួយសម្រួលឱ្យកិច្ចចរចាដែលមានភាពជាប់គាំងរវាងភាគីទាំងពីរអាចឈានដល់ដំណោះស្រាយដ៏ពេញលេញមួយ” ។

កាលពីជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) ដែលបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ កុម្ភៈ) ម្សិលមិញនេះនៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ មិនបានសម្រេចចេញជាកិច្ចព្រមព្រៀងណាមួយនោះទេដោយសារតែភាគីកូរ៉េខាងជើងបានទាមទារឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មដែលខ្លួនបានដាក់លើទីក្រុងព្យុងយ៉ាង។

ក្នុងជំនួបខាងលើ ភាគីទាំងពីរបានបង្ហាញពីភាពផ្ទុយគ្នាក្នុងការទទួលខុសត្រូវលើអ្វីដែលបានកើតឡើងដោយនេះបានបង្កឲ្យមានសំនួរដែលចោទសួរអំពីអនាគតនៃដំណើរការក្នុងការចរចារលុបបំបាត់អាវុធនុយក្លេអ៊ែររវាងមេដឹកនាំទាំងពីរ។

លោក Moon បានថ្លែងនៅក្នុងសុន្ទរកថាមួយក្នុងឪកាសអបអរពិធីបុណ្យជាតិមួយថា “ខ្ញុំជឿជាក់ថានេះជាផ្នែកមួយនៃដំណើរការដើម្បីឈានទៅរកជំហានបន្ទាប់នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ ពេលនេះតួនាទីរបស់យើងក្នុងការងារនេះកាន់តែមានសារៈសំខាន់ទ្បើងហើយ”។

លោកបន្តថា “រដ្ឋាភិបាលរបស់ខ្ញុំនឹងធ្វើការទំនាក់ទំនងនិងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងដើម្បីជួយឱ្យកិច្ចចរចារវាងភាគីទាំងពីរអាចឈានដល់ដំណោះស្រាយពេញលេញតាមរយៈមធ្យោបាយណាមួយ”។

ក្រៅពីនេះ លោក ម៉ូន (Moon) ក៏បានមានប្រសាសន៍ផងដែរថា “កូរ៉េខាងត្បូងនឹងពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិកលើមធ្យោបាយដើម្បីបន្តឲ្យមានភ្ញៀវទេសចរណ៍ទៅទស្សនាភ្នំ កាំហ្គាង (Kumgang) និងបើកប្រតិបត្តិការរោងចក្រឧស្សាហកម្មក្នុងទីក្រុង កេសុង (Kaesong) នៅលើទឹកដីកូរ៉េទាំងពីរទ្បើងវិញ។

គួរឲ្យដឹងថា កូរ៉េខាងត្បូងបានផ្អាកប្រតិបត្ដិការរោងចក្រឧស្សាហកម្មក្នុងទីក្រុង កេសុង (Kaesong) ដែលស្ថិតក្រោមការគ្រប់គ្រងរួមគ្នារបស់កូរ៉េទាំងពីរបន្ទាប់ពីមានការបាញ់គ្រាប់រ៉ុក្កែតក្នុងរយៈចម្ងាយឆ្ងាពីសំណាក់ទីក្រុងព្យុងយ៉ាងកាលពីឆ្នាំ២០១៦ហើយបន្ទាប់មក ទង្វើបានធ្វើឲ្យប្រទេសក្រីក្រមួយនេះបាត់បង់ប្រភពប្រាក់ចំណូលដ៏សំខាន់របស់ខ្លួនដោយសារការដាក់ទណ្ឌកម្មពីអន្តរជាតិ។

ជាមួយគ្នានេះ លោក គីម (Kim) មេដឹកនាំកូរ៉េខាងជើងក៏បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការជម្រុញវិស័យទេសចរណ៍ដែលជាផ្នែកមួយក្នុងផែនការររបស់លោកដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។

យោងតាមការលើកទ្បើងពីក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូងបានប៉ាន់ស្មានថា “កូរ៉េខាងជើងរកប្រាក់ចំណូលបាន៣០លានដុល្លារជារៀងរាល់ឆ្នាំពីវិស័យទេសចរណ៍នៅតំបន់ភ្នំ កាំហ្គាង (Kumgang) ចន្លោះពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៨មុនពេលផ្អាកដំណើរការ”។

ដោយទ្បែក លោក ម៉ូន (Moon) ក៏បានលើកទ្បើងផងដែរថា “កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងជប៉ុនក៏នឹងត្រូវធ្វើការពង្រឹងបន្ថែមទៀតផងដែរដើម្បីជាប្រយោជន៍ដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េទាំងាស្រុង”។

លោក ម៉ូន (Moon) បានបន្តដោយមិនបញ្ជាក់ពីសេចក្តីលម្អិតថា “នៅពេលដែលការឈឺចាប់របស់ជនរងគ្រោះត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានោះ កូរ៉េនិងជប៉ុននឹងក្លាយជាមិត្តយល់ចិត្តគ្នាយ៉ាងពិតប្រាកដ”។

គួររំលឹកថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងជប៉ុនបានចាប់ផ្តើមធ្លាក់ចុះចាប់តាំងពីឆ្នាំមុនពោលគឺនៅពេលដែលកូរ៉េខាងត្បូងបានបែងចែកមូលនិធិដែលមានគោលបំណងទូទាត់សំណងសម្រាប់ជនរងគ្រោះជាស្ត្រីជនជាតិកូរ៉េខាងត្បូងដែលត្រូវគេបង្ខំឱ្យធ្វើការនៅក្នុងផ្ទះបនយោធារបស់ជប៉ុនក្នុងអំឡុងសម័យសង្គ្រាមលោកលើកទីពីរ។

លើសពីនេះ តុលាការជាន់ខ្ពស់របស់កូរ៉េខាងត្បូងក៏បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនទាំងទ្បាយដែលជាប់ពាក់ព័ន្ធឲ្យធ្វើការទូទាត់សំណងដល់ប្រជាជនកូរ៉េខាងត្បូងដែលក្រុមហ៊ុនទាំងនោះបានជិះជាន់លើពលកម្មរបស់ពួកគេនៅក្នុងសម័យសង្គ្រាមផងដែរ។

-DM-ប្រភព៖ ផ្សព្វផ្សាយ អប់រំ ក្រសួងមហាផ្ទៃ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!