ព្រឹតិ្តការណ៍ថ្មីៗ

លោកត្រាំ ៖ លោក គីម គឺជាមេដឹកនាំដ៍អស្ចារ្យម្នាក់ !

6 ខែ មុន 142 តូ សុផល

ហាណូយ៖ ជំនួបថ្ងៃទី១ នៃកិច្ចប្រជុំកំពូលជាលើកទី២ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ

និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបិទបញ្ចប់ហើយនៅម៉ោង៨យប់ ថ្ងៃពុធនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន VN Express ​នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ត្រាំ និងលោក គីម បានបើកកិច្ចប្រជុំជាផ្លូវការនៅក្នុងសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) នៃទីក្រុងហាណូយ។ ថ្លែងនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើងរូបនេះ លោក ត្រាំ ចាត់ទុកថាលោក គីម គឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់។ រីឯ លោក គីមវិញក៏បានសរសើរ និងបង្ហាញពីទំនុកចិត្តផងដែរថាជំនួបជាមួយលោក ដូណាល់ ត្រាំ នឹងលេចចេញនូវលទ្ធផលផ្លែផ្កា។ លោកត្រាំ បានចាកចេញពីសណ្ឋាគារក្នុងរយៈពេល១ម៉ោង និង៤២នាទី បន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយលោក គីម។

គួរបញ្ជាក់ថា ជំនួបកំពូលជាលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅបន្តនៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ ហើយលោកត្រាំ នឹងធ្វើសេចក្ដីថ្លែងការណ៍មួយនៅល្ងាចថ្ងៃដដែល មុននឹងចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ខណៈអាច នឹងបន្តស្នាក់នៅក្នុងប្រទេសវៀតណាមរហូតដល់ថ្ងៃសៅរ៍។ ចំណែកឯ ការរំសាយអាវុធនុយក្លេអ៊ែនៅលើឧបទ្វីបកូរ៉េ និងសន្ធិសញ្ញា សន្តិភាពបញ្ចប់សង្រ្គាមកូរ៉េត្រូវបានគេរំពឹងថានឹង​នៅតែជារបៀបវារៈសំខាន់សម្រាប់​មេដឹកនាំទំាង២៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ