ព្រឹតិ្តការណ៍ថ្មីៗ

គណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ មេបញ្ជាកាកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន

7 ខែ មុន 40 តូ សុផល

ប្រទេសចិន៖ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំរវាងកងទ័ព

ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន គណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) មេបញ្ជាកាកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន។

នាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) បានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍ ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកនៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ នាយឧត្តមសេនីយ៍ បានចាត់ទុកថាប្រទេសកម្ពុជា និងប្រទេសចិនជាបងប្អូនដែលមានមិត្តភាពជាដែកថែប។ មេបញ្ជាកាកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន សង្ឃឹមថាប្រទេសទាំងពីរចិន-កម្ពុជា នឹងបន្តពង្រឹង ពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀតក្រោមយុទ្ធសាស្រ្តចង្អុលទិសរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិនដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។

លោកឧត្តមសេនីយ៍ឯក បានបន្តថា កិច្ចពិភាក្សានេះ គឺជាការរក្សាការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ពនិងប្រជាជនចិនដែលបានចូលរួមគាំទ្រយ៉ាងសកម្មនៅក្នុងដំណើរការកសាងនិងអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានស្នើសុំឲ្យភាគីចិនបន្តគាំទ្រ និងសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរសំដៅធ្វើយ៉ាងណាអនុវត្តកិច្ចប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដ៏រឹងមាំនៃប្រទេសទាំងពីរកម្ពុជា-ចិន។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនៃគណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅសាធារណរដ្ឋប្រជាមានិតចិនរយ:ពេល ៥ថ្ងៃ ចាប់ពីចាប់ពីថ្ងៃទី២៥ ខែកុម្ភះ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩។

នៅក្នុងដំណើរបំពេញទស្សនកិច្ច និងស្នាក់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិននាឱកាសនោះ ភាគីកម្ពុជានឹងជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិនរួមមាន÷
ឯកឧត្តម សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម អនុប្រធានគណ:កម្មការយោធាមជ្ឈឹមនៃកងទ័ពរំដោះប្រជាជនចិន ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ