ព្រឹតិ្តការណ៍ថ្មីៗ

តើកវីប៉ាកកាមាស ឬអាចារ្យវ័យក្មេងជានរណា?

1 ឆ្នាំ មុន 3 តូ សុផល

ក្រៅពីអាជីពជាគ្រូបង្រៀនម្នាក់បម្រើការងារនៅក្នុងសាលាឯកជនមួយកន្លែងដែលកំពុងតែមានឈ្មោះល្បីនៅក្នុង រាជធានីភ្នំពេញនោះ លោក ដួង អរុណរង្សី ក៏ជាអ្នកនិពន្ធខាងផ្នែកកំណាព្យកាព្យឃ្លោងបែបអប់រំមួយរូបដែលកំពុងតែទទួលបានការគាំ ទ្រពីសំណាក់ប្រិយមិត្រអ្នកអាននៅក្នុងសង្គមហ្វេសប៊ុក។ នៅក្នុងសង្គមខាងក្រៅ មានមនុស្សតិចតួចណាស់ ដែលបានស្គាល់ ថាគាត់ ជានរណានោះ? ប៉ុន្តែ បើនិយាយ ពីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកវិញ អ្នកណាដែលថាមិនស្គាល់ (កវីប៉ាកកាមាស ឬលោកអាចារ្យវ័យក្មេង ដួង អរុណរង្សី) នោះ ជាពិសេសប្រិយមិត្រអ្នកអាន លោកតា លោកយាយ អ៊ំ ពូមាមីង បង ប្អូន ដែលនិយមនិងស្រលាញ់ចូលចិត្តនូវសិល្បៈកំណាព្យខ្មែរយើង។ ព្រោះថារាល់ស្នាដៃកំណាព្យរបស់លោកសុទ្ធមានអត្ថន័យអប់រំ និងជួយឆ្លុះបញ្ចាំងអំពីតថភាពពិតនៃសង្គម ការអប់រំចិត្ត អប់រំសីលធម៌ ការសិក្សារៀនសូត្រ ចេះកតញ្ញូចំពោះឪពុកម្តាយ និងរួម ចំណែកលើកកម្ពស់សិល្បៈវប្បធម៌អរិយធម៌ខ្មែរផងដែរ។ តើលោក កវីប៉ាកកាមាស ជាអ្នកណាដែរ? កវីប៉ាកកាមាស ឬលោកអាចារ្យ វ័យក្មេង មានឈ្មោះ ពិតប្រាកដ ដួង អរុណរង្សី ភេទ ប្រុស អាយុ ៣២ឆ្នាំ កើតនៅក្នុង ត្រកូលគ្រួសារកសិករមួយ ដែលមាន ឪពុកឈ្មោះ ដូង សារឿន ធ្វើជាគ្រូបង្រៀន ម្តាយឈ្មោះ គីម សង្វា មានមុខរបរ ជាអ្នកលក់ដូរ។

តើប្រវត្តិនៃដំណើរជីវិតរបស់ កវីវ័យក្មេង អ្នកនិពន្ធខាងកំណាព្យកាព្យឃ្លោងនេះ មានប្រវត្តិយ៉ាងណាដែរ? លោក ដួង អរុណរង្សី ជាមនុស្សម្នាក់ដែលមានការតស៊ូព្យាយាមគ្រប់បែបយ៉ាង និងជាមនុស្សដែលស្រលាញ់ការសិក្សារៀនសូត្រខ្លាំងណាស់។ការពីវ័យកុមារភាព វ័យ ៥ឆ្នាំ លោកឪពុកបានបញ្ជូនគាត់ឲ្យចូលរៀននៅក្នុងកំឡុងឆ្នាំ ១៩៩០ នៅសាលាបឋមសិក្សា ស្រងែ ក្នុង ខេត្តកំពង់ចាម។ លោកបានរៀបរាប់ឲ្យដឹងថា ជីវិតនៅក្នុងសិក្សាពិតជាលំបាកខ្លាំងណាស់កាលនោះ ព្រោះខ្ញុំគឺជាក្មេងទូលនំលក់ តាមសាលារៀន ជីវិតជាក្មេងវត្តយួរស្រាក់តាមព្រះសង្ឃ ជាកម្មករសំណង់ ជាកម្មករតាមឡានដឹកដំឡូង ជាអ្នករត់តុតាមភោជនីយដ្ឋាន និងការងារជាច្រើនទៀតដែលគាត់ធ្វើ ព្រោះតែជីវភាពគ្រួសារមានការខ្វះខាត ។ លោកបានប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ ២០០៣ និងប្រឡងជាប់ជាគ្រូបង្រៀន នៅក្នុងឆ្នាំនោះដែរ។ លោកបានចេញបង្រៀននៅក្នុងឆ្នាំ ២០០៥ នៅឯស្រុកតំបែរ ខេត្តកំពង់ចាម។ លោកបានចាប់ផ្តើម រៀននិពន្ធកំណាព្យនៅក្នុងឆ្នាំ ១៩៩៥ តាមរយៈក្បួនមេសូត្រនៅក្នុងសៀវភៅពុម្ភ សៀវភៅច្បាប់ប្រុសច្បាប់ស្រី ច្បាប់ល្បើកថ្មីរបស់លោកតារបស់គាត់ ព្រោះគាត់ជាអ្នកចូលចិត្តអានសៀវភៅតាំងពីតូចមក។ ជាពិសេសគឺនៅតាមសៀវភៅរបស់ក្រសួងអប់រំ ដោយលោកបានបញ្ជាក់ថាលោកមិនបានឆ្លងកាត់នូវវគ្គបណ្តុះ បណ្តាលផ្នែកនិពន្ធ ពីសាលាឬពីសាស្ត្រាចារ្យណាមួយឡើយ។ លោកបានបញ្ជាក់ថា សៀវភៅដែលលោកស្រឡាញ់ និងចូលចិត្តអានជាងគេនោះ គឺជាសៀវភៅដែលនិពន្ធឡើងដោយ លោកតាភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រោះរាល់ពាក្យពេចន៍អត្ថន័យ ខ្លឹមសារសុទ្ធតែបាន ឆ្លុះបញ្ចាំង អំពីតថភាពពិតនៃសង្គម និងជាគតិអប់រំដល់មនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់។ តែគួរឲ្យសោកស្តាយឯកសារទាំងអស់នោះខ្លះត្រូវរហែក ឬសត្វល្អិតបំផ្លាញ ខ្លះក៏ត្រូវទឹកភ្លៀងទទឹកអស់។ នៅសល់តែឯកសារកំណាព្យមួយចំនួនដែលលោកបានតាក់តែងនៅក្នុងឆ្នាំ១៩៩៩ និងឆ្នាំ ២០០០ រួចយកមកចងក្រងឡើងវិញ ប៉ុណ្ណោះ។ ដោយសារសម័យបច្ចេកវិទ្យាមានភាពជឿនលឿន និងមានបណ្តាញព័ត៌មានទូលំទូលាយ ទើបលោកបានបង្កើត គណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនមួយនៅក្នុងឆ្នាំ២០១២ និងកំពុងតែប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រៅពីទំនេរពីការធ្វើការ និងការសិក្សាបន្តថ្នាក់បរិញ្ញាបត្រនៅឯមហាវិទ្យាល័យនោះ លោក ដួង អរុណរង្សី តែងតែឆ្លៀតតាក់តែងនូវកំណាព្យ អប់រំថ្មីៗដើម្បី បង្ហោះចែករំលែកទៅកាន់ប្រិយមិត្រអ្នកអាន។ ជាពិសេស លោកជាអ្នកស្រឡាញ់ខាងផ្នែកអក្សរសាស្ត្រខ្មែរ ប្រវត្តិសាស្ត្រខ្មែ និងចូលចិត្តតាមដាននូវរឿងរ៉ាវព្រឹត្តិការណ៍ផ្សេងៗដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

បន្ទាប់មក លោកតែងតែយកស្នាដៃកំណាព្យទាំងអស់នោះ មកបង្ហោះចែករំលែកចូលទៅក្នុងសង្គមហ្វេសប៊ុកដើម្បីចែកជូនប្រិយ មិត្របានអានកម្សាន្តអារម្មណ៍។ ដោយសារបែបនេះ វាបានក្លាយទៅជាទម្លាប់ដ៏ល្អមួយ ពីព្រោះនៅរាល់ពេលទំនេរ លោកតែងតែ ប្រមូលចងក្រងនូវរឿងរ៉ាវ ឬព្រឹត្តិការណ៍ផ្សេងៗមកតាក់តែងជារៀងរាល់ថ្ងៃ។ មានថ្ងៃខ្លះ លោកបានប្រាប់ថា ដោយជក់ចិត្ត ឬញៀន និងការតែងកំណាព្យពេក លោកបានតែងកំណាព្យរហូតដល់ម៉ោង១២ ឬម៉ោង១.ឬ២រំលងអាធ្រាតក៏មាន។ ការសរសេរតាក់តែងជារៀងរាល់ថ្ងៃធ្វើឲ្យស្នាដៃកំណាព្យរបស់លោកចេះតែមានច្រើនឡើងៗ រហូតដល់លោកបាន សម្រេចចិត្តរៀប ចំចង ក្រងជាសៀវភៅទុកបានចំនួន៤ក្បាល មានដូចជា«ប្រជុំកំណាព្យអប់រំ» «ប្រវត្តិសាស្ត្រកម្ពុជា» «ប្រជុំកំណាព្យអប់រំភាគ២» «ប្រវត្តិនៃការរីកចម្រើនរបស់ប៊ែលធីគ្រុប»ផងដែរ។

ហើយសៀវភៅទាំងអស់នេះ កំពុងតែមានគម្រោងបោះពុម្ភចែកចាយនៅតាមបណ្ណាគារ និងទីផ្សារនៅក្នុងឆ្នាំ ២០១៦ខាងមុខនេះ ផងដែរ។ លោក ដួង អរុណរង្សី សព្វថៃ្ង គឺជា គ្រូបង្រៀនផ្នែកចំណេះទូទៅខ្មែរនៅសាលាឯកជនមួយដែល កំពុងតែមានឈ្មោះ ល្បីល្បាញនៅក្នុងរាជធានីភ្នំពេញ។ ក្រៅពីនេះ លោកក៏ជានិស្សិតម្នាក់កំពុងសិក្សានៅសាកលវិទ្យាល័យមួយ នៅក្នុងទីក្រុងភ្នំពេញ ហើយនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេស គ្រប់គ្រងពាណិជ្ជកម្មនៅឆ្នាំនេះផងដែរ។ លោកធ្លាប់មានបទពិសោធន៍គ្រូបង្រៀន ទាំង ភាសាខ្មែរ និងភាសាអង់គ្លេសអស់រយៈកាលជាង១០ឆ្នាំមកហើយ ព្រមទាំងមានបទពិសោធន៍ជាប្រធានគ្រប់គ្រងផ្នែកចំណេះ ទូទៅ ខ្មែររយៈពេល៦ឆ្នាំ នៅសាលាឯកជនមួយកន្លែងផងដែរ។ លោក ដួង អរុណរង្សី ចេះភាសាបរទេសចំនួន ៣គឺភាសាអង់គ្លេស ភាសាចិន និងភាសាថៃ តែភាសាដែលលោកច្រើនប្រើជាប្រចាំគឺ តែពីរភាសាប៉ុណ្ណោះ គឺ ភាសាអង់គ្លេស និងភាសាចិន។ បំណងប្រាថ្នារបស់លោក គឺចង់ផ្សព្វផ្សាយបញ្ជ្រាបស្នាដៃរបស់លោក ឲ្យបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសបានទទួល ស្គាល់ ជាពិសេសសិស្សនិស្សិត និងនៅតាមសាលារៀន អង្គការ និងវត្តអារាមមួយចំនួនផងដែរ ព្រោះថា កំណាព្យក៏ជាសិល្បៈអប់រំ មួយ ដែលបុព្វបុរសខ្មែរជំនាន់មុន បានបន្សល់ទុកឲ្យបន្តទៅដល់កូនខ្មែរជំនាន់ក្រោយអភិរក្សថែរក្សាបន្តទៀតដែរ។ ជាចុងក្រោយ លោកសូមសំណូមពរ ទៅកាន់បងប្អូនយុវជនយុវតី កុមារាកុមារី ទាំងអស់ឲ្យចូលរួមចំណែកថែរក្សាការពារ នូវសិល្បៈវប្បធម៌ អរិយធម៌ខ្មែរផង និងជាពិសេស កុំចូលចិត្តយកគម្រូ ឬចម្លងតម្រាប់តាមវប្បធម៌បរទេស ពីព្រោះវា នឹងនាំឲ្យបាត់បង់នូវតម្លៃ នៃអត្តសញ្ញាណជាតិរបស់យើង ដូចពាក្យស្លោកមួយបានពោលថា«វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។ ម្យ៉ាងវិញ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់សិក្សាស្រាវជ្រាវរៀនសូត្រស្វែងរកចំណេះដឹង ដើម្បីជាបំណិនសម្រាប់ជីវិតនៅថ្ងៃ អនាគត ដើម្បីជាសសរជួយទ្រទ្រង់ចូលរួមចំណែកអភិវឌ្ឍទៅដល់សង្គមជាតិផងដែរ។ ជាពិសេសត្រូវចៀសឲ្យឆ្ងាយអំពីអំពើអបាយមុខទាំងឡាយដែលសង្គមស្អប់ខ្ពើម និងចៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះវា បំផ្លាញ ខ្លួនអ្នក គ្រួសារអ្នក និងប្រទេសជាតិរបស់អ្នកផងដែរ៕ កវីប៉ាកកាមាស ដួង អរុណរង្សី

13115429_555045284667183_2100765425_n 13329667_555045314667180_30432282_n 13335208_555044994667212_461761420_n 13349059_555045298000515_207032365_n 13349251_555045281333850_1005589796_n

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: