ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចក្រឡាហោម ស ខេង៖ ហាមដាច់ខាតប្រើកម្លាំងកងទ័ពមកអនុវត្តដីការតុលាការ ឬដោះស្រាយបញ្ហាវិវាទណាមួយ

2 ខែ មុន 84 តូ សុផល

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។

បន្ទាប់ពីអង្គសន្និបាត បានស្ដាប់របាយការណ៍ ស្ដីអំពីលទ្ធផលនៃសន្និបាតយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដែលបានដំណើរការពេញមួយថ្ងៃកាលពីថ្ងៃទី២២ ខែកុម្ភៈមក សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ តាងនាមឲ្យសម្ដេចប្រធាន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា កោតសរសើរក្រុមការងារយុវជន និងសប្បុរសជននានាដែលបានរួមសហការគ្នាបំពេញសកម្មភាព ទទួលបានលទ្ធផលយ៉ាងល្អកាលពីឆ្នាំ២០១៨។

សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យក្រុមការងារយុវជន និងសមាជិក សមាជិកការគណបក្សបក្ស រួមគ្នាបន្តទៀតក្នុងការបំពេញការងារអាទិភាពតាមការដាក់ចេញដោយសន្និបាតលើកនេះ ហើយសម្ដេចមានការជឿជាក់ថា សប្បុរសជននានាដែលធ្លាប់សហការផ្ដល់ការគាំទ្រដល់ក្រុមការងារយុវជនគណបក្សនាពេលកន្លងមក នឹងបន្តការគាំទ្រនេះជាបន្តទៀត ពិសេសពាក់ព័ន្ធនឹងការចូលរួមកិច្ចការជួយសង្គម។

សម្ដេចក្រឡាហោម ស ខេង បានរំលឹកឡើងវិញនូវប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានមានប្រសាសន៍ថា កម្ពុជាត្រូវតែផ្ដោតលើការពង្រីកទំនាក់ទំនងខាងក្រៅ និងពង្រឹងកំណែទម្រង់ផ្ទៃក្នុង ដែលមានន័យថាយើងត្រូវតែបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ទាំងវិស័យការទូត និងពាណិជ្ជកម្ម ហើយជាមួយគ្នានេះត្រូវកែទម្រង់ផ្ទៃក្នុងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

ដោយសារក្នុងអង្គសន្និបាតមានការចូលរួមពីសមាជិក សមាជិកការ ដែលមានតួនាទីជាថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ សម្ដេចក្រឡាហោម បានក្រើនរំលឹកជាថ្មីទៀតអំពីវិធានការដោះស្រាយទំនាស់នៅតាមមូលដ្ឋាន ដោយបញ្ចៀសនូវការប្រើអំពើហិង្សាពីសំណាក់កម្លាំងអាជ្ញាធរ និងត្រូវចៀសវាងដាច់ខាតតែម្ដង ការប្រើកម្លាំងកងទ័ពមកអនុវត្តដីការតុលាការ ឬដោះស្រាយបញ្ហាវិវាទណាមួយ។

ជាការកត់សំគាល់ សម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកសមាជិក សមាជិការគណបក្ស ដែលមានតួនាទីជាមន្រ្តីសាធារណៈទូទៅ ត្រូវបំពេញការងារឲ្យបានល្អ បែងចែករវាងការងារគណបក្ស និងការងាររដ្ឋឲ្យបានច្បាស់លាស់ ចៀសវាងការប្រកាន់និន្នាការនយោបាយ ចៀសឲ្យផុតពីការបង្កើតអយុត្តិធម៌សង្គម ពិសេសត្រូវគោរពស្រលាញ់ និងបំរើពលរដ្ឋ ឲ្យបានស្មើៗគ្នា និងមិនត្រូវបក្សពួកនិយមជាដាច់ខាត។

ជាមួយគ្នានេះ សម្ដេចក៏បន្តមានប្រសាសន៍ អំពីការធ្វើកំណែទម្រង់ស្ថាប័ន និងអង្គភាពរដ្ឋ ដែលសម្ដេចសំដៅដល់ការគ្រង់គ្រង និងចាត់ចែងមន្រ្តីឲ្យបំពេញការងារត្រូវទៅតាមជំនាញ និងចំណេះដឹង ចៀសវាងការតែងតាំង ឬប្រគល់តួនាទីការងារឲ្យទៅមន្រ្តីដែលចេះតែប្រើលុយ តែគ្មានជំនាញ និងចំណេះដឹងត្រូវនឹងការងារនោះ។ សម្ដេចថានេះគឺជាយុត្តិធម៌នៅក្នុងស្ថាប័ន និងអង្គភាពសាធារណៈ។

ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៅកាន់អង្គសន្និបាត អំពីការផ្ទេរសិទ្ធិ អំណាច ធនធាន ការទទួលខុសត្រូវពីរដ្ឋបាលថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ដោយសម្ដេចបានគូសបញ្ជាក់ថា កិច្ចការអាទិភាពមួយនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ ហើយរាជរដ្ឋាភិបាលនឹងដាក់កិច្ចការអាទិភាពថ្មីៗបន្ថែមទៀតដើម្បីបន្តធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។

បន្ទាប់ពីបញ្ចប់សុន្ទរកថាទៅកាន់អង្គសន្និបាត សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងជូនសមាជិក សមាជិការបក្ស ដែលបានចូលរួមសន្និបាត និងបានអញ្ជើញប្រគល់លិខិតសរសើរជូនសមាជិកសមាជិការ និងយុវជនគណបក្ស ដែលមានស្នាដៃល្អ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!