ព្រឹតិ្តការណ៍ថ្មីៗ

កុំចេះតែហ៊ាន! ព្រះរាជអាជ្ញា បង្គាប់ឲ្យនាយកដ្ឋាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេត លើឈ្មោះ គង់ ភាសិត និងបក្ខពួក បន្លំជាសមត្ថកិច្ចទៅជំរិតលុយពាណិជ្ជករ

3 ខែ មុន 1896 តូ សុផល

ភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ ដែលត្រូវក្រុមជនសង្ស័យ ចូលគំរាមជំរិតទារលុយ ដល់ក្រុមហ៊ុន ដោយអយុត្តិធម៌នោះកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើការស៊ើបអង្កេត ជាបន្ទាន់។

ដីកាបង្គាប់ឲ្យស៊ើបអង្កេតលេខ ៨៨៨ អ.យ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានបង្គាប់ឲ្យ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើឈ្មោះ គង់ ភាសិត និងបក្ខពួក ពាក់ព័ន្ធនឹងបទល្មើស បទ រំលោភលំនៅដ្ឋានដោយមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយអ្នករាជការសាធារណៈ),បទ ក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយក យោងតាមមាត្រា ២៩៩, មាត្រា ៣០០, មាត្រា ៣៦៣, មាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ។

ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងត្រូវបញ្ជូនលទ្ធផលទៅអយ្យការអមសាលាដំបូងធានីភ្នំពេញឲ្យបានឆាប់រហ័ស។

សូមជម្រាបជូនថា លោកស្រី ហ៊ឹម សុភ័ក្រ អគ្គនាយកាក្រុមហ៊ុន គ្រួសារកក់ក្តៅ បានដាក់ពាក្យបណ្តឹងចូល ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជួយរកយុត្តិធម៌ បន្ទាប់ពីមានក្រុមជនសង្ស័យមួយក្រុម បន្លំខ្លួនជាសមត្ថកិច្ច ចូលអុកឡុកក្នុងឃ្លាំងទំនិញរបស់លោកស្រីនៅក្នុងខណ្ឌសែនសុខ និងជំរិតទារប្រាក់លោកស្រី។

យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី ហ៊ឹម សុភ័ក្រ បានប្តឹងឈ្មោះ គង់ ភាសិត និងបក្ខពួក ដែលមានអាសយដ្ឋានផ្ទះលេខ៧១អា ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ រំលោភលំនៅដ្ឋានដោយមានស្ថានទម្ងន់ទោស បទ ក្លែងបន្លំជាសមត្ថកិច្ច និងបទកំហែងយក។

ដើមបណ្តឹង បញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ គង់ ភាសិត និងបក្ខពួក បានបើករថយន្ត ម៉ាក ឡង់គ្រីសឺ ព័ណ៌សកាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5688 ចុះទៅឃ្លាំងរបស់លោកស្រី ហ៊ឹម សុភ័ក្រ ដោយអះអាងថា ពួកគេ ជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សម្រុកចូលក្នុងឃ្លាំង និងបិទទ្វា និងឆែកឆេរឃ្លាំង។

ឈ្មោះ គង់ ភាសិត និងបក្ខពួក បានបង្ខំឲ្យបុគ្គលិក ក្រុមហ៊ុនទាំងអស់ចេញពី ឃ្លាំង និងទាក់ទងទៅលោកស្រី ហ៊ឹម សុភ័ក្រ មកចរចា បង់លុយសម្រួលបញ្ចប់រឿង បើមិនដូច្នេះទេ ពួកគេ [គង់ ភាសិត និងបក្ខពួក] នឹងសុំឲ្យព្រះរាជអាជ្ញា ចាប់ខ្លួនបុគ្គលិកទាំងអស់នៅក្នុងឃ្លាំង។

ក្រុមជនសង្ស័យ  ពាក់អាវយឺតព័ណ៌ក្រហម ក្រម៉ៅ ដែលជាអ្នកដឹកនាំកម្លាំង សម្រុកចូលក្នុងឃ្លាំងទំនិញ របស់លោកស្រី ហ៊ឹម សុភ័ក្រ រួចទាញទ្វាឃ្លាំងបិទ និងបញ្ជាឲ្យបុគ្គលិកក្រុមហ៊ុន ហៅទូរស័ព្ទហៅទៅ លោកស្រីហ៊ឹម សុភ័ក្រ ឲ្យមកចរចា បង់លុយ ឲ្យពួកគេដើម្បីបញ្ចប់រឿង។

បន្ទាប់ពីមេធាវី ការពារក្រុមហ៊ុន ចំនួន ២នាក់ បានចុះទៅដល់ឃ្លាំង សួររកដីកាឆែកឆេរ លិខិតបញ្ជាបេសកកម្ម និងអត្តសញ្ញាណ ពីក្រុមជនសង្ស័យ ក្រុមជនសង្ស័យមិនបានបង្ហាញអ្វីទាំងអស់ ដល់មេធាវី។

ក្រុមជនសង្ស័យ ថែមទាំងគំរាមមេធាវីវិញថា បើមិនយកលុយមកបង់តាមការទាមទាររបស់ពួកគេទេ ពួកគេនឹងបញ្ជាឲ្យព្រះរាជអាជ្ញាចុះមកចាប់នៅពេលរសៀលថ្ងៃដដែលភ្លាម។

នៅពេលក្រុមមេធាវី ទាក់ទងទៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សាកសួររឿងរ៉ាវ ព្រះរាជអាជ្ញា ប្រាប់ថា មិនដឹងរឿង និងមិនបានបញ្ជាឲ្យក្រុមជនសង្ស័យចុះទៅឃ្លាំងនោះទេ។

បន្ទាប់ពីដឹងថា បែកការរឿងកៀបស៊ីអាជីវករ ដល់ព្រះរាជអាជ្ញា ភ្លាមៗ ក្រុមជនសង្ស័យ ក៏បាននាំគ្នីគ្នា រត់ឡើងរថយន្តឡង់គ្រីសឺ យ៉ាងប្រញាប់ប្រញាល់ ដោយភ្លេចទាំងយកវិទ្យុទាក់ទង (ID) ចំនួន ១គ្រឿង ពីក្នុងឃ្លាំង ទៀតផង។

លោកស្រី ហ៊ឹម សុភ័ក្រ បានបញ្ជាក់ក្នុងពាក្យបណ្តឹងថា ក្រុមហ៊ុន លោកស្រី បានទទួលស្គាល់ដោយ ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ទើបអាចបើកអាជីវកម្ម ថែមទាំងរកស៊ីបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ប៉ុន្តែក្រុមមន្ត្រីជំនាញមួយចំនួនតែងតែចង់ធ្វើស៊ីក្រុមហ៊ុនរបស់លោកស្រី ដែលជាក្រុមហ៊ុនក្នុងស្រុក ហាក់បីដូចជាចង់បំផ្លាញក្រុមហ៊ុនលោកស្រីឲ្យ រលាយតែម្តង។

សូមបញ្ជាក់ថា ដើម្បីជំរុញឲ្យប្រជាពលរដ្ឋបង្កើតមុខរបររកស៊ី រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគោលនយោបាយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម សំដៅបង្កើតការការងារជូនពលរដ្ឋ និងបង្កើនចំណូលជាតិ តាមរយៈការបង់ពន្ធរបស់ សហគ្រិន។

ក្នុងគោលបំណងធ្វើកំណែទម្រង់ស៊ីជម្រៅ ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវ អភិក្រម ចំនួន ៥ រួមមាន៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ ដើម្បីកែប្រែទម្លាប់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ឲ្យបញ្ឈប់រាល់អំពើ ល្មើសច្បាប់ កៀបប្រជាជន និងសហគ្រិន ស៊ីដោយខុសច្បាប់តទៅទៀត៕ ដោយ៖ សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!