ព្រឹតិ្តការណ៍ថ្មីៗ

អាមេរិកនិងចិនជជែកពិភាក្សាគ្នា លើបញ្ហាធំៗ ជាច្រើនក្នុងកិច្ចព្រមព្រៀងឈានទៅរកការបញ្ចាប់សង្គ្រាមពាណិជ្ជកម្ម

1 ខែ មុន 31 តូ សុផល

Reuters: កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ កុម្ភៈ) ម្សិលមិញនេះ ក្រុមអ្នកចរចាពាណិជ្ជកម្មកំពូលៗមកពីភាគីសហរដ្ឋអាមេរិកនិងចិន

បានធ្វើការជជែកពិភាក្សាគ្នាអំពីសេចក្តីលំអិតនៃកិច្ចព្រមព្រៀងដែលមានគោលដៅឈានទៅរកការបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរដោយកិច្ចពិភាក្សានេះត្រូវបានធ្វើទ្បើងមួយសប្តាហ៍ប៉ុណ្ណោះមុនការផុតកំណត់នៃកិច្ចព្រមព្រៀងផ្អាកការកំណត់ពន្ធលើទំនិញរវាងភាគីទាំង២និងមុនការមកដល់នៃកាលបរិច្ឆេទក្នុងការកំណត់២៥ភាគរយរបស់សហរដ្ឋអាមេរិកលើទំនិញដែលនាំចូលពីប្រទេសចិនផងដែរ។

កាលពីថ្ងៃពុធ (ទី២០ កុម្ភៈ) កន្លងទៅនេះ សារព័ត៌មាន Reuters បានរាយការណ៍ថាភាគីទាំងពីរបាននឹងកំពុងចាប់ផ្ដើមរៀបចំសេចក្តីព្រាងសម្រាប់កិច្ចព្រមព្រៀងស្តីពីបញ្ហារចនាសម្ព័ន្ធដោយក្នុងនោះមានសេចក្តីព្រាងសម្រាប់អនុស្សរណៈយោគយល់ចំនួន០៦ត្រូវបានលើកទ្បើងក្នុងគោលបំណងដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ចប្រទេសចិន។

គួរឲ្យដឹងថា ប្រសិនបើភាគីទាំងពីរបរាជ័យក្នុងការឈានទៅរកកិច្ចព្រមព្រៀងមួយនៅត្រឹមថ្ងៃទី០១ ខែមីនាខាងមុខនេះនោះ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមធ្វើការកំណត់ពន្ធអត្រា២៥ភាគរយលើទំនិញនាំចូលពីប្រទេសចិនដែលមានទំហំ២០០ពាន់លានដុល្លារពោលគឺកើនទ្បើងពី១០ភាគរយបើប្រៀបធៀបនឹងអត្រាកាលពីពេលមុន។

សូមជម្រាបផងដែរថា សង្រ្គាមពន្ធដាររវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោកនេះបានធ្វើឱ្យមានការរំខានដល់ពាណិជ្ជកម្មអន្ដរជាតិនិងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបភាពយឺតយ៉ាវចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មនេះបានចាប់ផ្តើមកាលពី០៧ខែមុនមកម្លេះ។

យោងតាមប្រភពចំនួន២ដែលបានដឹងពីដំណើរការនៃកិច្ចពិភាក្សារបស់ភាគីទាំង២នាពេលកន្លងមកនេះបានឲ្យដឹងថា នៅក្នុងសប្តាហ៍នេះក្រុមអ្នកចរចាបានជួបឧបសគ្គក្នុងការយកឈ្នះលើភាពខុសគ្នាក្នុងការកំណត់វិធានការជាក់លាក់ដើម្បីដោះស្រាយនូវការទាមទារដ៏តឹងតែងរបស់សហរដ្ឋអាមេរិកចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិនដោយបញ្ហាទាំងនោះក៏រួមបញ្ចូលទាំងយន្តការក្នុងការអនុវត្តច្បាប់ដើម្បីធានាឲ្យបានថាភាគីចិនពិតជាគោរពតាមកិច្ចព្រមព្រៀងដែលបានធ្វើទ្បើងរវាងភាគីទាំងពីរបានយ៉ាងខ្ជាប់ខ្ជួន។

ក្រៅពីនេះ ប្រភពមួយផ្សេងទៀតដែលបានដឹងពីព័ត៌មានមួយចំនួននៃកិច្ចចរចានេះដែរនោះបានរៀបរាប់ថា “វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេដែលការជជែកតវ៉ាគ្នាជាច្រើនត្រូវធ្វើទ្បើងក្នុងសប្តាហ៍នេះ។ នៅពេលដែលអ្នកឈានដល់ដំណាក់កាលនៃសម្របសម្រួលគ្នាដើម្បីបំពេញនូវសេចក្តីលម្អិតនោះ កាលៈទេសៈបែបនេះគឺជាអ្វីដែលគេតែងតែហៅ “ការជជែកតវ៉ាដ៏ស្វិតស្វាញដើម្បីសម្រេចនូវគោលដៅរួមមួយ”។

ជាង៩ម៉ោងក្រោយពីកិច្ចពិភាក្សារវាងភាគីទាំងកាលពីថ្ងៃព្រហស្បតិ៍ (ទី២១ កុម្ភៈ) ម្សិលមិញនេះ មន្រ្តីមកពីភាគីចិនមិនបានឆ្លើយតបទៅនឹងសំណួរណាមួយនោះទេខណៈដែលពួកគេបានចាកចេញពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅល្ងាចថ្ងៃដដែលនោះ។

យោងរូបថតដែលត្រូចបានរាយការណ៍បានបង្ហាញថា ការពិភាក្សានេះបានចាប់ផ្តើមដោយតំណាងពាណិជ្ជកម្មអាមេរិកលោក រ៉ូប៊ើត ទ្បាយថាយសើរ (Robert Lighthizer) និងឧបនាយករដ្ឋមន្ត្រីចិន លីវ ហេ (Liu He) បានអង្គុយទល់មុខគ្នាដោយស្ងៀមស្ងាត់នៅលើតុពិភាក្សាក្នុងអាគារការិយាល័យប្រតិបត្តិ Eisenhower Executive នៅស្ថិតនៅជិតសេតវិមាន។

យ៉ាងណាមិញ នៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) នឹងជួបជាមួយអនុប្រធានាធិបតីចិនលោក លីវ ហេ (Liu He) នៅការិយាល័យរាងពងក្រពើ (Oval Office) នៅថ្ងៃសុក្រ (ទី២២ កុម្ភៈ) នេះ។

គួររំលឹកថា ប្រធានាធិបតីសហរដ្ឋអាមេរិកនិងអនុប្រធានាធិបតីចិនក៏ធ្លាប់បានជួបពិភាក្សាគ្នានៅចុងបញ្ចប់នៃកិច្ចចរចាក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចចុងក្រោយរបស់លោក លីវ (Liu) ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅចុងខែមករាកន្លងទៅនេះផងដែរ។

លោក ត្រាំ (Trump) ដែលតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយ “ជនជាតិអាមេរិចជាចំបង” ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មសកលបានលើកទ្បើងកាលពីពេលថ្មីៗនេះថា “កាលផុតកំណត់ដែលនឹងមកដល់នៅថ្ងៃទី០១ ខែមីនាខាងមុខនេះអាចនឹងត្រូវពន្យារពេលប្រសិនបើមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការពិភាក្សារវាងភាគីទាំង២”។

ប្រភពដែលបានដឹងពីព័ត៌មាននៃកិច្ចចរចារកន្លងមកនេះបានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters) ថា “អនុស្សរណៈមួយចំនួននឹងលើកទ្បើងអំពីការបង្ខំឲ្យក្រុមហ៊ុននានាផ្ទេរទិន្នន័យបច្ចេកវិទ្យានិងការលួចទិន្នន័យតាមប្រព័ន្ធអ៊ីនធើណែត, កម្មសិទ្ធិបញ្ញា, សេវាកម្មរូបិយប័ណ្ណ, កសិកម្មនិងឧបសគ្គផ្សេងៗក្នុងវិស័យពាណិជ្ជកម្ម”។

ទោះជាយ៉ាងណាក្តី ភាគីទាំងពីរនៅតែមានជំហឆ្ងាយដាច់ពីគ្នាដោយសារការទាមទាររបស់លោក ត្រាំ (Trump) ដើម្បីឲ្យប្រទេសចិនបញ្ឈប់ការអនុវត្តនានាដែលទាក់ទងនឹងបញ្ហាដែលបានលើកទ្បើងខាងលើដែលនេះអាចជាហេតុផលដែលនាំឱ្យលោក ត្រាំ (Trump) ចាប់ផ្តើមជំហានដំបូងជាមួយការកំណត់ពន្ធលើការនាំចូលរបស់ចិនក្នុងអត្រា២៥ភាគរយ។

ដើម្បីសម្របសម្រួលបញ្ហានេះ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិននឹងត្រូវធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិនទៅតាមការទាមទាររបស់សហរដ្ឋអាមេរិក។

យ៉ាងណាក្តី សហរដ្ឋអាមេរិកមិនបានបញ្ជាក់ពីការផ្តល់សម្បទានជាក់លាក់ណាមួយដល់ប្រទេសចិនវិញនោះទេដោយគ្រាន់តែលើកទ្បើងពីការលុបបំបាត់ការកំណត់ពន្ធដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ មីនាខាងមុខដែលនេះទំនងអាចជាចេតនារបស់លោក ត្រាំ (Trump) ក្នុងការដាក់បង្ខំឱ្យមានការផ្លាស់ប្តូរពីសំណាក់ភាគីចិន។ ប្រភព៖ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!