ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនចោរប្លន់ ៦នាក់  ទៅតុលាការ ចាត់ការបន្តតាមផ្លូវច្បាប់

6 ខែ មុន 76 តូ សុផល

ភ្នំពេញ៖ ក្រុមចោរប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលតែងតែធ្វើសកម្មភាព បង្កភាពអសន្តិសុខ

នៅម្តុំស្ពានក្បាលថ្នល់ (ស្ពានព្រះមុនីវង្ស) ចំនួន ៦នាក់ ពេលនេះត្រូវអស់លក្ខណ៍ និងត្រូវបញ្ជូនខ្លួនទៅឲ្យតុលាការ សម្រេចតាមផ្លូវច្បាប់។

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនក្រុមជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការសន្និដ្ឋានចោទប្រកាន់ថា បានប្រព្រឹត្ត បទល្មើស លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្លន់) យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

យោងតាមការសន្និដ្ឋានចោទប្រកាន់ពីសំណាក់នគរបាលយុត្តិធម៌នេះ ក្រុមជនសង្ស័យអាចនឹងប្រឈមការផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងរយៈពេលចន្លោះពី ៣ឆ្នាំ ទៅ១០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពួកគេ ពិតជាបានប្រព្រឹត្តប្រាកដមែន។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ក្រុមជនសង្ស័យ ទាំង៦នាក់ សុទ្ធសឹងជាយុវជន ពេញកម្លាំង រួមមាន៖ទី១ឈ្មោះ​ សុខ​វឌ្ឍន​ ហៅលីន​ ភេទប្រុស អាយុ ២១ឆ្នាំ,​ ទី២ឈ្មោះ​ ហីម​ រាជ​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​, ទី៣ឈ្មោះ​ សួ​ រិទ្ធ​ ភេទប្រុស​ អាយុ ១៧ឆ្នាំ,​ ទី៤ឈ្មោះ​ ហីម​ វុទ្ធី​ ភេទប្រុស​ អាយុ១៧ឆ្នាំ,​ ទី៥ឈ្មោះ​ ប៊ុន​ ឧត្តម​ ភេទប្រុស​ អាយុុ១៧ឆ្នាំ​ និងទី៦ឈ្មោះ​ រ៉ា​ សុខឡេង​ ភេទប្រុស​ អាយុ ១៨ឆ្នាំ​។

គួររំលឹកថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ ខាងលើកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមជនសង្ស័យ ជាមុខសញ្ញាដែលតែងតែធ្វើសកម្មភាព ប្លន់ម៉ូតូពីប្រជាពលរដ្ឋ ក្រោមរូបភាព ធ្វើជាដេញវាយជនរងគ្រោះ តាមដងផ្លូវ បំភ័ន្តភ្នែកមហាជន ឲ្យយល់ច្រឡំថា ជាសកម្មភាពក្មេងស្ទាវ កាប់ចាក់គ្នាធម្មតាៗ ប៉ុន្តែតាមការពិត ពួកគេវាយប្លង់យកម៉ូតូពីជនរងគ្រោះ។

ជាក់ស្តែងនៅមុនពេលចាប់ខ្លួន កាលពីថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០១៩​កន្លងទៅ ពួកគេបានប្រើបរូបភាព វាយប្លន់ម៉ូតូ នៅចំណុចមុខអគ្គស្នងការនគរបាលជាតិ​ ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច ដកហូតបានវត្ថុតាង ម៉ូតូចំនួន ០៥គ្រឿង ពីក្រុមជនសង្ស័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!