ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចក្រឡាហោម ដាស់តឿនមន្រ្តីទាំងអស់ កុំឲ្យជាប់ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន!

3 ខែ មុន 106 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង។

ការអញ្ជើញជាអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តស្ទឹងត្រែង បានបើកដំណើរការសន្និបាតប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការចំណុះឲ្យខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងតំណាងវិស័យមិនមែនរដ្ឋាភិបាលជិត៤០០នាក់។

អភិបាលខេត្តស្ទឹងត្រែង បានឡើងថ្លែងរបាយការណ៍អំពីវឌ្ឍនភាព និងការប្រឈមក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ និងអំពីការបែងចែកក្រុមការងារពិភាក្សាប្រធានបទ ស្ដីពីការងារភូមិឃុំមានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាប្រឈម មូលហេតុ និងដំណោះស្រាយសម្រាប់ឆ្នាំ២០១៩។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហផ្ទៃ បានអញ្ជើញឡើងថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលទៅកាន់អង្គពិធី ដោយសម្ដេចបានគូសបញ្ជាក់ពីការកែសម្រួលដែលតម្រូវឲ្យក្រសួងមហាផ្ទៃត្រូវរៀបចំធ្វើសន្និបាតជាមុន ហើយបន្ទាប់មកទើបរដ្ឋបាលរាជធានីខេត្តធ្វើជាក្រោយ។

មានមូលដ្ឋានពីរយ៉ាង ត្រូវបានសម្ដេចឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៅកាន់អង្គពិធីអំពីការផ្លាស់ប្ដូរនេះ គឺទី១ដើម្បីឲ្យរាជធានីខេត្ត យកទិសដៅដាក់ចេញដោយសន្និបាតរបស់ក្រសួងមហាផ្ទៃសម្រាប់រៀបចំសន្និបាតប្រចាំឆ្នាំ និងទី២ គឺដើម្បីឲ្យរាជធានីខេត្ត ទទួលបានខ្លឹមសារណែនាំពីសម្ដេចតេជោក្នុងឱកាសសន្និបាតក្រសួង សម្រាប់រៀបចំសន្និបាតរបស់ខ្លួន។

សម្ដេចរដ្ឋមន្រ្តីមហាផ្ទៃ ក៏បានបន្តមានប្រសាសន៍អំពីការពង្រឹងក្រុមការងារថ្នាក់ជាតិ ដោយសម្ដេចបានសង្កត់ធ្ងន់ថា ក្រុមការងារថ្នាក់ជាតិ គឺជាប្រតិបត្តិករពាំនាំនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីយកមករួមជាមួយរដ្ឋបាលរាជធានីខេត្ត សម្រាប់ចាត់តាំងអនុវត្តគ្រប់វិស័យ។

ដោយឡែក ផ្អែកលើរបាយការណ៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ដែលបានសហការគ្នាបានយ៉ាងល្អ សម្រាប់ការរក្សាសុខសន្តិសភាព សណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ពិសេសដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨។

សម្ដេចក្រឡាហោម បានទាញចំណាប់អារម្មណ៍អង្គសន្និបាតមិនត្រូវភ្លេច ឬបណ្ដែតបណ្ដោយឲ្យសភាពការណ៍មិនល្អណាមួយកើតឡើងនៅក្នុងបរិបទដែលកម្ពុជា កំពុងមានសុខសន្តិភាពដូចបច្ចុប្បន្ននេះឡើយ ដោយសម្ដចគូសបញ្ជាក់ថា ក្រុមខុសច្បាប់កំពុងប៉ុនប៉ងចូលកម្ពុជា ហើយបំផុសបំផុលរកអ្នកទទួលស្វាគមន៍ ដើម្បីបង្កើតសភាពការណ៍ប៉ះពាល់ស្ថេរភាពជាតិ។

ក្នុងឱកាសសន្និបាតនេះដែរ សម្ដចក្រឡាហោម ស ខេង ក៏បានឆ្លៀតរំលឹកអំពីការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់ជូនព័ត៌មាននានាមកអាជ្ញាធរ ដើម្បីឲ្យមានដំណោះស្រាយ ដូចជាករណ៍គ្រឿងញៀននៅតាមមូលដ្ឋាន និងបញ្ហាផ្សេងៗទៀត ដែលពលរដ្ឋជួបប្រទះ ហើយសម្ដេចបានសម្ដែងការស្វាគមន៍ និងណែនាំឲ្យថ្នាក់ដឹកនាំខេត្តកត់សំគាល់អំពីបញ្ហានេះ។

ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន សម្ដេចក្រឡាហោម បានដាស់តឿនមន្រ្តីទាំងអស់កុំឲ្យមាននរណាម្នាក់ជាប់ពាក់ព័ន្ធបញ្ហានេះឲ្យសោះ ហើយសម្ដេចបានណែនាំឲ្យរដ្ឋបាលខេត្ត បន្តកំណត់យកទីតាំងសប្បាយភាពនានា ដូចជាក្លឹបកំសាន្ត ខារ៉ាអូខេ ឬផ្ទះសំណាក់ ជាគោលដៅនៃការបោះសំអាតគ្រឿងញៀន ដោយមានកិច្ចសហការជាមួយម្ចាស់ទីតាំង។

បន្ទាប់មកសម្ដេចបានបន្តជំរុញឲ្យថ្នាក់ដឹកនាំខេត្ត បន្តរក្សាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង និងត្រូវប្រកាន់ការការពារបូរភាពទឹកដី ទប់ស្កាត់បទល្មើសតាមបន្ទាប់ព្រំដែន បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ ពិសេសពាក់ព័ន្ធនិងការចរាចរណ៍គ្រឿងញៀន និងចេញចូលកាប់ឈើពីសំណាក់ពលរដ្ឋ។

ក្នុងឱកាសនោះដែរ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅតែជាប្រធានបទសំខាន់នៃសុន្ទរកថារបស់សម្ដេចក្រឡាហោម ស ខេង ក្នុងនោះសម្ដេចបានមានប្រសាសន៍ថាចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ខាងមុខ កំណែទម្រង់នេះនឹងឈានចូលដំកាលកាន់តែស៊ីជម្រៅមួយ ដែលមានកិច្ចការអាទិភាពចំនួន៤សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចការទាំងនោះរួមមានទី១ គឺការបង្កើនការផ្ទេរមុខងារ និងធានធាន ពីថ្នាក់ជាតិមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទី២ ការផ្ទេរមន្រ្តីបុគ្គលិកក្រសួងមហាផ្ទៃជាង៦ពាន់នាក់មកជាមន្រ្តីបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទី៣ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលគ្រប់គ្រងថ្នាក់ក្រុងស្រុក និងទី៤គឺការបង្កើនធនធានហិរញ្ញវត្ថុឲ្យរដ្ឋបាលឃុំ សង្កាត់។

សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍អំពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ ដោយសម្ដេចបានជំរុញឲ្យក្រុមប្រឹក្សាអាណត្តិចាស់ ត្រូវតែបន្តបំពេញការងារឲ្យមានប្រសិទ្ធភាព រហូតដល់ពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង តាមរយៈការបោះឆ្នោតជាអសកលខាងមុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!