ព្រឹតិ្តការណ៍ថ្មីៗ

តែងតាំង លោក ជួប រតនា ជាប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ជំនួស លោក រុន ភារ៉ា

7 ខែ មុន 37 តូ សុផល

ខេត្តក្រចេះ៖ ព្រឹកថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលមានការចូលរួមប្រមាណជាចំនួន៣៥០នាក់។

បន្ទាប់ពីឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍គាំទ្រទៅលើការប្តេជ្ញាចិត្តរបស់ប្រធានមន្ទីរដែលតែងតាំងថ្មីរួចមក ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍គូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ធានាបានល្អប្រសើរ នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាឱ្យស្ថិតនៅក្នុងកម្រិតទាប សមរម្យ ព្រមទាំងពង្រឹងថែមទៀតនូវសមត្ថភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងនៅឆ្នាំ២០១៨ កន្លងទៅនេះ វិស័យទេសចរណ៍សម្រេចបានកំណើនក្នុងអត្រា ១០,៧% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦លាន ២សែននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤៣៧៥លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ១២,៧% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារដោយ ផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។

ឯកឧត្តមបន្តថា ៖ តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ឆ្នាំ ២០១២-២០២០ និងផែនការកំណែទម្រង់វិស័យទេសចរណ៍ ២០១៥-២០១៨ ក្នុងការជម្រុញចលនា ប្រឡងប្រណាំង “ទីក្រុងស្អាត – រមណីយដ្ឋានស្អាត -សេវាល្អ-បដិសណ្ឋារកិច្ចល្អ” ដើម្បីស័ក្តិសមជា “ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ” កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង៧លាននាក់ ដែលនឹងបង្កើតការងារផ្ទាល់ប្រមាណ១លាននាក់ និងចំណូលចូលជាតិប្រមាណ៥.០០០លានដុល្លារ អាមេរិក នៅឆ្នាំ២០២០ ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បានដាក់ចុះ និងបន្តអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ២០១២-២០២០ ដែលមានចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ ផ្តល់នូវភាពកក់ក្តៅ សេចក្តីពេញចិត្ត និងការចងចាំល្អៗ ដល់ទេសចរជាតិ និងអន្តរជាតិ ។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រុញដល់ប្រធានមន្ទីរដែលឡើងថ្មី ត្រូវសហការជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវថែរក្សានិងអភិរក្សនូវសត្វផ្សោត និងទប់ស្កាត់នូវការបំផ្លាញ់សត្វផ្សោតគ្រប់ឧបករណ៍ ហើយត្រូវដាក់ពាក្យស្លោកថា គ្មានសត្វផ្សោត គ្មានទេសចរណ៍ និងជួយកសាង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តឱ្យរីកចម្រើន ហើយត្រូវរក្សាអភិរក្ស នូវសំណង់ចាស់ ធ្វើការកសាងសំណង់ថ្មី សំដៅទាក់ទាញ់ភ្ញៀវគ្រប់ប្រភេទ ត្រូវពង្រឹងនិងរៀបចំនូវរាល់មធ្យោបាយដឹកអ្នកទេសចរណ៍ និងធានានូវសុខសុវត្ថិភាពទីតាំងកម្សាន្តរបស់ភ្ញៀវ.ត្រូវចេះកែច្នៃនូវសម្ភារៈឬមធ្យោបាយកម្សាន្តដល់ភ្ញៀវ ជាវាងការកម្សាន្តដដែលនិងបានជម្រុញឱ្យមានការកែច្នៃវិចខ្ចាប់បែបធម្មជាតិមកលើទំនិញ ជាការទាក់ទាញបន្ថែម.ម្យ៉ាងវិញទៀត អាជីវករត្រូវចូលរួមសហការជាមួយមន្ទីរ និងអាជ្ញាធរ ដើម្បីសេវាកម្មវិស័យទេសចរណ៍របស់យើងប្រកបដោយគុណភាព និងបដិសណ្ឋាកិច្ចល្អ.ហើយអាជ្ញាធរខេត្ត ត្រូវខិតខំគៀងគរនូវក្រុមហ៊ុនដៃគូរផ្នែកកែច្នៃផលិតផលវិចខ្ចប់ផងដែរ ៕

សូមបញ្ជាក់ លោក ជួប រតនា អត្តលេខ១៨៨១៤០០២៤០ ឋានន្តរស័ក្តិ អនុមន្រ្តីថ្នាក់លេខ៣ នៃក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ជំនួសលោក រុន ភារ៉ា ដែលទទួលភារកិច្ចថ្មី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ