ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថភ្នំពេញ ប្រារព្ធពិធីបិទអង្គប្រជុំបូកសរុបការងារឆ្នាំ២០១៨ យ៉ាងអធឹកអធម!

7 ខែ មុន 40 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធី បិទអង្គប្រជុំ បូកសរុបលទ្ធផល ការងារឆ្នាំ២០១៨

និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង គ្រប់បណ្តាកងឯកភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-ស្ថាប័ន ជុំវិញរាជធានី អភិបាលខណ្ឌទាំង១២ អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គប្រជុំបូកសរុបទាំងមូលយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីដ៏អធឹកអធមនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីប្រមូលផ្តុំកម្លាំង គ្រប់គ្រងសតិអារម្មណ៍ ធានាបាន នូវប្រសិទ្ធិភាពលើការ ដឹកនាំបញ្ជា និងការអនុវត្តការងារ សម្រេចបានជោគជ័យ អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានយក ចិត្ត ទុកដាក់ លើកត្តា០២ ជាសំខាន់គឺ កត្តាសម្ភារៈ និង កត្តាមនុស្ស។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងបន្ថែមថា យោងតាមលទ្ធផលនៃការស្រាវជ្រាវ ប្រមូលព័ត៌មាន និងការកត់ត្រា របស់មន្ត្រីជំនាញ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងរយ:ពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី ០៦.១២.២០១៧ ដល់ថ្ងៃទី០៥.១២.២០១៨ សង្កេតឃើញថា គ្រប់បទល្មើស មានការថយចុះ រីឯប្រសិទ្ធិភាពនៃការបង្ក្រាបបទល្មើស របស់អាវុធហត្ថ រាជធានីភ្នំពេញមានការកើនឡើងធៀបនឹងឆ្នាំ២០១៧។ ក្នុងរយៈពេល១ឆ្នាំកន្លងមក អាវុធហត្ថរាជធានី ភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១,៣៣១ នាក់ ក្នុងនោះបញ្ជូន ទៅតុលាការចំនួន ១,១២២នាក់ ប្រគល់ទៅឲ្យ អង្គភាពពាក់ព័ន្ធចំនួន ១០៦ នាក់ និងបានអប់រំ ឲ្យវិលទៅលំនៅដ្ឋានវិញចំនួន ១០៣ នាក់ ។
-ចាប់យកវត្ថុតាងរួមមាន :
– អាវុធវែង AK ចំនួន ០៣ ដើម, អាវុធខ្លី ចំនួន ១៣ ដើម
– រថយន្ត ចំនួន ២៧ គ្រឿង, ម៉ូតូ ចំនួន ២៩៦ គ្រឿង
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក សរុបចំនួន ១,៦២១ កញ្ចប់ធំតូច (ស្មើនឹង ៨គីឡូក្រាម ៤៩៨,៨២ ក្រាម) ព្រមទាំងថ្នាំញៀនប្រភេទចម្រុះមួយចំនួនទៀត ។

បទល្មើសដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាននិងទទួលការចាប់អារម្មណ៍ខ្លាំង គឺការបង្ក្រាបករណីចោរប្លន់ប្រដាប់អាវុធAK ទាំងសំបុកបញ្ជូនទៅតុលាការ,ការបង្ក្រាបករណីឆបោកនិងជំរិតទារប្រាក់ឆ្លងដែនតាមអ៊ិនធើណែតដែលមានជនសង្ស័យជាជនជាតិថៃ២៥នាក់, ចិនតៃវ៉ាន់០៤នាក់, ការបង្ក្រាបករណីជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន៧គីឡូក្រាម២៥៧.១ក្រាម ឃាត់ខ្លួនជនសង្ស័យ សរុប០៩នាក់ ចាប់យកអាវុធខ្លីចំនួន០២ដើម ប្រគល់ឲ្យអាវុធហត្ថ ខេត្តស្វាយរៀងចាត់ការតាមនិតិវិធីបន្ត, ការបង្ក្រាបចោរឆក់រាប់សិបករណី ព្រមទាំងការបង្ក្រាបករណី គ្រឿងញៀនចម្រុះ ស្ទើរាល់ថ្ងៃដូចភ្លៀងរលឹម។

ជាការចូលរួមក្នុងឱកាសនេះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាល រាជធានីភ្នំពេញ បានសម្តែងការ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ក៏ដូចជាស្នាដៃទាំងឡាយ ដែល កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមក និងសូម កោតសរសើរស្មារតីម្ចាស់ការខ្ពស់ របស់លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលបានដឹកនាំអង្គភាពឲ្យទទួលបានលទ្ធផលជាផ្លែផ្កា។

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានសម្តែងការគាំទ្រនិងឯកភាព ទៅលើរបាយការណ៍បូកសរុប ការវាយតម្លៃ របស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជុំវិញ សភាពការណ៍ទូទៅ ក្នុងការប្រតិបត្តិតួនាទីភារកិច្ច ក៏ដូចជាការកសាង សមិទ្ធិផលនានា ព្រមទាំងសម្តែងការកោតសសើរនិងលើកទឹកចិត្ត ឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ខិតខំបន្តទៅទៀត។ ក្រោយពេលសំណេះសំណាលផ្តាំផ្ញើត្រូវបានបញ្ចប់ លោកនាយ ឧត្តមសេនីយ៍ សៅ សុខា បានប្រកាសបិទអង្គប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់ទៅប្រកបដោយភាពអធឹកអធម រីករាយក្រៃលែង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!