ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ EBA មិនធ្វើអោយយើងស្លាប់នោះទេ ផ្ទុយទៅវិញធ្វើអោយយើងខ្លាំងរឹងមាំ

8 ខែ មុន 220 តូ សុផល

ខេត្តកំពង់ស្ពឺ ៖  លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជា ការកងទ័ពជើងគោកក្នុងពិធីសម្តែងលំហាត់សំយោគអន្តរាវុធ បញ្ចប់វគ្គរបស់និស្សិត នាយទាហានទ័ពជើងគោកជំនាន់ទី៧ នៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃសុក្រ ទី១៥ កុម្ភៈ​ ២០១៩ បានថ្លែងថា៖ រាជរដ្ឋាភិបាលបានខិតខំបម្រើជាតិ កសាងប្រទេសឲ្យរីកចម្រើនបានប៉ុណ្ណេះ សេដ្ឋកិច្ចយើងរឹងមាំបានប៉ុណ្ណេះ យើងកុំព្រួយបារម្ភ អ្វីដែលសំខាន់យើងត្រូវម្ចាស់ការការពាររឹងមាំជាតិរបស់យើង គ្មានបរទេសណាមកធ្វើសេដ្ឋកិច្ចឲ្យយើងនោះទេ មានតែយើងអ្នកធ្វើសេដ្ឋកិច្ចខ្លួនឯង គ្មាននរណាមកការពារសុខសន្តិភាពឲ្យយើងនោះទេ មានតែយើងទេជាអ្នកការពារសុខសន្តិភាព គ្មាននរណាការពារច្បាប់យើងទេ មានតែយើងកាពារច្បាប់របស់យើង។ ស្រុកខ្មែរយើងតាំងពីមានសង្គ្រាមបែកបាក់រហូតយើងខ្លាំងបានប៉ុណ្ណេះ ប្រជាពលរដ្ឋមានជីវភាពរឹងមាំប៉ុណ្ណេះ កងទ័ពរឹងមាំប៉ុណ្ណោះ យើងមិនត្រូវខ្លាចនោះទេ សំខាន់បំផុតជាតិរបស់យើងមិនអោនក្បាល យកកិត្តិយសជាតិ ឯករាជ្យជាតិលត់ជង្គង់ទៅឲ្យនរណាដើម្បីសុំអំណោយនោះទេ។ យើងរឹងមាំខ្លួនឯង ការពារជាតិខ្លួនឯង សេដ្ឋកិច្ចជាតិឯងរឹងមាំ។ EBA មិនធ្វើអោយយើងស្លាប់នោះទេប៉ុន្តែផ្ទុយទៅវិញធ្វើអោយយើងខ្លាំងរឹងមាំ ធ្វើឲ្យយើងម្ចាស់ការខ្លួនឯង កាន់តែស្គាល់ខ្លួនឯង កាន់តែពង្រឹងខ្លួនឯង ដើម្បីជាតិរស់ដោយខ្លួនឯង។

ដូច្នេះកទ័ពត្រូវមានមានមោទនភាពជាតិខ្មែរ ការពារបូរណភាពទឹកដី មានជំហរនឹងនរច្បាស់លាស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងត្រូវការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋាភិបាលស្របច្បាប់។ ខ្ញុំជឿជាក់ថាប្អូនៗមិនចង់ឃើញប្រទេសរបស់យើងហែកជាពីរជាបី កាប់សម្លាប់គ្នាផ្ទៃក្នុងដូចពីអតីតកាលនោះទេ។ ដូច្នេះ គោលដៅធំរបស់យើងត្រូវការពារសុខសន្តិភាព ការពារស្ថិរភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងសម្រាប់ខ្មែរតែមួយ។ ការពារប្រឆាំងជនណាដែលញុះញង់ទាញដើម្បីបម្រើនយោបាយណាមួយដែលអាចអោយបែកបាក់ផ្ទៃក្នុង និងប៉ុនប៉ងបំផ្លាញសុខសន្តិភាព សេចក្តីសុខប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ បន្តទៀតថា កំណែទម្រង់ និងពង្រឹងកងទ័ព គឺដើម្បីជាតិយើងខ្លាំង យើងការពារជាតិយើង គ្មាននរណាការពារយើងទេ ពេលមានសភាពការណ៍យើងត្រូវរៀនរស់ខ្លួនឯង ការពារបូរណភាពទឹកដីត្រូវមាននាយទាហានដែលមានសមត្ថភាពដឹកនាំកងទ័ពខ្មែរ ដែលនេះគឺជាការងារចាំបាច់។ ជំនាញយើង សព្វាវុធយើង ពេលខ្លះយើងប្រៀបធៀបទៅប្រទេសជិតខាង គេដើរមុនយើងខ្លះ ប៉ុន្តែកុំភ្លេចថាសម្ភារៈគ្រាន់តែជាឧបករណ៍បង្កើនប្រសិទ្ធិភាពប្រយុទ្ធទេ សំខាន់លើមនុស្ស មានឆន្ទៈ ការទុកចិត្តលើខ្លួនឯងក្នុងសមត្ថភាពប្រយុទ្ធ។ ដូច្នេះវាមិនសំខាន់លើសព្វាវុធនោះទេ វាសំខាន់លើឆន្ទៈប្រយុទ្ធ ព្រោះឆន្ទ:ធ្វើអោយយើងមានម្ចាស់ការរៀបចំប្រយុទ្ធ។

ការកសាងសមត្ថភាពនេះ គឺជាការងារចាំបាច់សំខាន់សម្រាប់កងទ័ពរបស់យើងដើម្បីបង្កើនភាពក្លាហាន និងភាពម្ចាស់ការរបស់យើងក្នុងការការពារទឹកដី ដែលនេះគឺជាភារកិច្ចសំខាន់បំផុតនៅក្នុងនាមជាកងទ័ព។ ការកសាងកម្លាំងធនធានរបស់យើង ដើម្បីពង្រឹងវិស័យការពារជាតិ ធានាសម្រាប់កម្លាំងបន្តវេនដែលជាកម្លាំងចាំបាច់ក្នុងការដឹកនាំ និងជាឆ្អឹងខ្នងនៅក្នុងវិស័យការពារជាតិ។

សមត្ថភាពទាំងអស់នេះ គឺជាសមត្ថភាពមូលដ្ឋានគ្រឹះដើម្បីចែករំលែក និងបំពេញបន្ថែមនៅពេលដែលយើងចេញទៅអនុវត្ត។ នេះគឺជាគោលការណ៍សំខាន់ណាស់សម្រាប់ការបណ្ដុះបណ្ដាលកងទ័ព ប្រកប ដោយមោទនភាព។ នៅក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណរដ្ឋាភិបាល និងកងទ័ពប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយបណ្ដុះបណ្ដាល កសាងហេដ្ឋាសម្ព័ន្ធផ្សេងៗ។ ជាពិសេសផ្តល់លទ្ធភាពឲ្យប្អូនៗបានចេញទៅបំប៉នបន្ថែមនៅប្រទេសចិនតាមជំនាញរបស់ខ្លួន និងសូមបន្តការជួយការងារនេះតទៅទៀតដោយសង្ឃឹមថាភាគីចិនជួយកាន់តែច្រើន។

សូមឲ្យប្អូនៗខិតខំតស៊ូ ប្រឹងប្រែង អត់ធ្មត់បន្តទៀតដើម្បីភាពជោគជ័យទាំងក្នុងសាលា និងនៅពេល អនាគត។ នេះគឺជាមោទនភាពណាស់ ដែលមាននាយទាហានប្រកបដោយសមត្ថភាព និងការប្រកួតប្រជែង មានឆន្ទ: និងកាន់តែមានតម្លៃសម្រាប់កងទ័ពរបស់យើង។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកទឹកចិត្ត និស្សិត នាយទាហានទ័ពជើងគោកជំនាន់ទី៧ថា ៖ ប្អូនៗតាំងពីមិនទាន់ដឹងអ្វីទាំងអស់ពីកងទ័ព ក្លាយជានាយទាហានមានចំណេះដឹង មានសមត្ថភាពជំនាញ មានវិន័យសណ្ដាប់ធ្នាប់ ដែលនេះគឺជាការអភិវឌ្ឍប្រកបដោយមោទនភាពណាស់។ សូមអបអរសាទរចំពោះលទ្ធផលរបស់ប្អូនៗនិស្សិតនាយទាហានទាំងអស់ និងសូមអបអរសាទរផងដែរចំពោះយោធាចារ្យ គណ:គ្រប់គ្រងវគ្គ គណៈគ្រប់គ្រងសាលា និងបុគ្គលិកគ្រប់ថ្នាក់ទាំងអស់ដែលបានបណ្ដុះបណ្ដាលធនធានសម្រាប់កងទ័ពរបស់យើង។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ