ព្រឹតិ្តការណ៍ថ្មីៗ

Update គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថា ភិក្ខុ ហោ សុខុន លាចាកសិក្ខាបទ ដោយខ្លួនប្រាកដមែន ដោយគ្មានការបង្ខិតបង្ខំនោះទេ

2 ខែ មុន 52 តូ សុផល

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការចាប់ផ្សឹក សង្ឃ ហោ សុខុន ចៅអធិការវត្តច្បារអំពៅ ធ្វើឲ្យមតិសាធារណជនជាច្រើន បានលើកឡើងក្នុងន័យផ្សេងៗ ជាពិសេសក្នុងផ្លូវមិនល្អ។ 

ករណីនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ភិក្ខុ ហោ សុខុន អតីតចៅអធិការវត្តច្បារអំពៅ រាជធានីភ្នំពេញ ពិតជាបានលាចាកសិក្ខាបទ ដោយខ្លួនប្រាកដមែន ដោយគ្មានការបង្ខិតបង្ខំនោះទេ។

បើតាមផេកហ្វេសប៊ុករបស់លេខាធិការដ្ឋានគណៈសង្ឃនាយក កាលពីយប់ថ្ងៃទី១៣ខែកុម្ភៈ បានបញ្ជាក់ថា “គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសជាផ្លូវការដូចខាងក្រោម៖​ ភិក្ខុ ហោ សុខុន អតីតចៅអធិការវត្តច្បារអំពៅ រាជធានីភ្នំពេញ ពិតជាបានលាចាកសិក្ខាបទ ពិតប្រាកដមែន។ 

ចំពោះការលាចាកសិក្ខាបទនេះ គឺសាមីខ្លួនបានព្រមព្រៀងដោយខ្លួនឯង ក្រោយពីបានទទួលលិខិតរបស់ គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា នាល្ងាចនេះ នៅវត្តបទុមវតី រាជធានីភ្នំពេញ”។

គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបញ្ចប់តួនាទី និងភារកិច្ចទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជទីប្រឹក្សាសម្តេចព្រះសង្ឃនាយក និងព្រះចៅអធិការវត្តពោធិព្រះបាត្រ ហៅវត្តច្បារអំពៅ ឲ្យនៅត្រឹមជាភិក្ខុធម្មតាវិញ ។ 

ការសម្រេចបញ្ចប់តួនាទីភារកិច្ចភិក្ខុ ហោ សុខុន ដោយមានការឯកភាពពី សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត និងលោកហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ។

បន្ទាប់ពីបានផ្សឹកហើយនោះ លោក ហោ សុខុន ក៏ត្រូវបានបញ្ចប់តួនាទីជាចៅអធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ ទេព វង្ស និងសង្ឃនាយក នន្ទ ង៉ែត ផងដែរ។ 

បើតាមសេចក្តីសម្រេចនេះ ព្រះមេគណមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ព្រះគ្រូអនុគណ ការិយាល័យធម្មការ និងសាសនាខណ្ឌច្បារអំពៅ និងអង្គភាពពាក់ព័ន្ធ ត្រូវបង្កើតគណៈកម្មការសង្ឃ ដើម្បីគ្រប់គ្រងវត្តនេះ ឲ្យមានប្រក្រតីភាពឡើងវិញ។

សូមបញ្ជាក់ថា ព្រះតេជគុណ ហោ សុខុន ត្រូវបានគណៈសង្ឃសម្រេចផ្សឹកនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ នេះនៅវត្តបុទុមវតី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!