ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រា​ មកសុំលុយម្ដាយ២ម៉ឺ​ន​ តែម្ដាយថាអត់​ ស្ទុះរត់ទៅយកដាវសាម៉ូរៃ បញ្ចេញក្បាច់គុន កាប់​បំផ្លាញ​ទុយោទឹក​ ដាច់អស់៦ដើម​ និងដេញកាប់ទាំងម្ចាស់ទុយោ​ ផ្អើលដល់ប៉ូលិសចាប់វាយខ្នោះ!

6 ខែ មុន 21 តូ សុផល

ខេត្តកណ្តាល​ ៖ មកពីផឹកស្រាស្រវឹង ហើយទៅសុំលុយម្តាយចំនួន ២០,០០០៛ តែម្តាយគ្មានលុយឲ្យ​ កើតចិត្តខឹងសម្បារ ស្ទុះរត់ទៅយកដាវសាម៉ូរៃ ដែលខ្លួនលាក់ទុកក្នុងព្រៃក្បែរម៉ាស៊ីនបូមទឹក មកបញ្ចេញក្បាច់គុនកាប់​បំផ្លាញ​ទុយោទឹក​ដាច់អស់៦ដើម​ លុះគេមកទាន់​នាំ​គ្នាសួរបានប៉ុន្មានម៉ាត់​ ស្រាប់តែទាញដាវសាម៉ូរៃ​ ដេញកាប់គេ រត់ចែកជើងគ្នា បង្កការភ្ញាក់ផ្អើលឡើង​ដល់កម្លាំងនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ចុះទៅអន្តរាគមន៍​ ចាប់វាយខ្នោះ​យកមកធ្វើការសាកសួរ​នៅប៉ុស្តិ៍។ 

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៤:៣០នាទីរសៀល ​ថ្ងៃអង្គារ ០៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ នៅចំណុចក្នុងភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះចំនួន ០៤នាក់ មានដូចជា ១.ឈ្មោះ ហុច ហេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (ខូចខាតទុយោទឹកចំនួន ០៥ដើម)។ ២.ឈ្មោះ សឿន ធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិឃុំកើតហេតុ (ខូចខាតទុយយោទឹកចំនួន ០១ដើម)។​ ៣.ឈ្មោះ សួង ឡា ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្ដាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល។ ៤.ឈ្មោះ សាន់ ថុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពីបទ ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ​ មានឈ្មោះ ហេង ហុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករស្ទួចផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ និងចាប់យកវត្ថុតាង ដាវសាំម៉ូរ៉ៃ​ ចំនួន ០១ដេីម​ ។ 

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារ TNN​ បានដឹង​ពីដំណើររឿងហេតុថា​ នៅមុនពេលកើតហេតុ  ជនសង្ស័យបានផឹកស្រាស្រវឹង ហើយទៅសុំលុយម្តាយចំនួន ២០,០០០៛ តែម្តាយឆ្លើយថា អញគ្មានលុយឲ្យទេ ពេលនោះជនសង្ស័យខឹងសម្បារយ៉ាងខ្លាំង បានដើរទៅយកដាវសាម៉ូរៃ ដែលខ្លួនលាក់ទុកក្នុងព្រៃក្បែរម៉ាស៊ីនបូមទឹករបស់ឈ្មោះ ហុច ហេង ដោយឃើញទុយោរាយកាត់លើដីរបស់ខ្លួនទៀតនោះ​ ជនសង្ស័យយកដាវសាម៉ូរៃកាប់ទុយោបូមទឹក បណ្តាលឲ្យខូចខាតដាច់ ចំនួន ៥ដើម និងកាប់ទុយោទឹករបស់ឈ្មោះ សឿន ធឿន បណ្តាលឲ្យខូចខាតដាច់ចំនួន ១ដើមទៀត ។ 

សមត្ថកិច្ចបន្តថា ឃើញដូចនោះ ឈ្មោះ សាន់ ថុន បានទូរស័ព្ទប្រាប់អោយឈ្មោះ ហុច ហេង និងឈ្មោះ សួង ឡា បានដឹង​ បន្ទាប់មកអ្នកទាំងពីរបានមកដល់កន្លែងកើតហេតុ រួចសួរនាំ​ ជនសង្ស័យបានប្រាប់ទៅជនរងគ្រោះទាំង ៣នាក់ ឲ្យប្រញ៉ាប់ដកទុយោទឹក ចេញពីដីរបស់ខ្លួនអោយលឿន តែជនរងគ្រោះមិនទាន់បានដកទុយោទឹកចេញផង ស្រាប់តែជនសង្ស័យទាញដាវ​សាម៉ូរ៉ៃ​ដេញកាប់ជនរងគ្រោះទាំង៣នាក់នោះ​ នាំគ្នារត់ចែកជេីងគ្នា បង្កការភ្ញាក់ផ្អើលឡេីង​ដល់កម្លាំងនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ចុះទៅអន្តរាគមន៍ រួចធ្វេីការឃាត់ខ្លួនជនសង្ស័យតែម្ដង​ ។ 

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង​ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល​ ដើម្បីចាត់ការតាមនីតិវិធី៕​ (អត្ថបទដោយ​ បង​ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!