ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត LEXUS RX330 ផ្ទុះកង់មុខខាងឆ្វេង​ រេចង្កូតទៅបុកទ្រូងផ្លូវ នៅមុខរ៉េនក្លឹប​ អស់៣ផ្ទាំង​ ខ្ទាតទៅប៉ះរថយន្ត​ NAVARA​ មួយគ្រឿង​ទៀត​ ទាំងថ្ងៃ!

2 ខែ មុន 32 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្ត្រីម្នាក់​បើករថយន្ដ​ LEXUS RX330 ផ្ទុះបែកកង់មុខខាងឆ្វេង​ ក៏រេចចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ នៅមុខរ៉េនក្លឹប​

បណ្ដាលឲ្យរបាំងថ្មខូចខាតអស់៣ផ្ទាំង​ ខ្ទាតទៅប៉ះរថយន្ត NISSAN NAVARA មួយគ្រឿង​ទៀត​ បណ្ដាលឲ្យរងការខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ចំណែកឯរថយន្តបង្ករងការខូចខាតខ្ទេចផ្នែកខាងឆ្វេងនិងខាងមុខ និងផ្ទុះកង់ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង០២:១០នាទីរសៀល​ ថ្ងៃចន្ទ​ ទី១១ ខែកុម្ភៈ​​ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខសាខាឆ្នោតឡាក់គីដ្រាហ្គនឡូតូ (ជិតរ៉េនក្លឹប) ស្ថិតលើកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា​២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ​​ TNN ដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្ដបង្ក ម៉ាក LEXUS RX330 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2V-5798 បើកបរដោយស្ត្រីម្នាក់​ រួមដំណេីរជាមួយស្ត្រីម្នាក់ទៀត បានធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនគួរសម លុះមកដល់ចំណុចកើតហេតុ​ រថយន្តបានផ្ទុះបែកកង់មុខខាងឆ្វេង ទេីបធ្វេីឲ្យរេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង ធ្វើអោយរបាំងថ្មខូចខាតអស់៣ផ្ទាំង​ ខ្ទាតទៅប៉ះរថយន្ត NISSAN NAVARA មួយគ្រឿង​ទៀត​ ដឹកឈេីនិងដែកសំណង់ ពាក់ស្លាកលេខភ្នំពេញ​ 2AK-6819 បណ្ដាលឲ្យរងការខូចខាត​ផ្នែកខាងឆ្វេង​យ៉ាងដំណំ​​ផងដែរ​ ចំណែកឯរថយន្តបង្ករងការខូចខាតខ្ទេចផ្នែកខាងឆ្វេងនិងខាងមុខខ្ទេចយ៉ាងដំណំ និងផ្ទុះកង់ខាងឆ្វេងផងដែរ។

ចំណែកម្ចាស់រថយន្ត NISSAN NAVARA បានបេីករថយន្តមកអែបខាងសិន​ ដេីម្បីរងចាំធ្វេីការដោះស្រាយគ្នា​ ព្រោះខ្លាចកកស្ទះចរាចរណ៍។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅកាន់​ផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង រួចយករថយន្ដបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីដោះស្រាយចំពោះការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋទៅតាមផ្លូវច្បាប់៕ (អត្ថបទរូបភាព​ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!