ព្រឹតិ្តការណ៍ថ្មីៗ

ដាក់គុក ឧកញ៉ា សូ សារឹម ព្រោះសហការជាមួយស្មៀនឃុំ បន្លំលួចដីពីអ្នកភូមិទៅលក់បន្ត ខណៈថ្លៃដីដើមមិនទាន់ទូទាត់សព្វគ្រប់

2 ខែ មុន 196 តូ សុផល

កំពង់ស្ពឺ៖ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រួសារអ្នកស្រី ឈុន ហេម រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានរៀបបង្គលការកូនស្រីរបស់ខ្លួន តាមគ្រោងទុក ប៉ុន្តែនៅក្នុងពិធីដ៏ប្រកប ដោយកិត្តិយសនេះ ស្វាមីរបស់អ្នកស្រី ដែលល្បីជាឧកញ៉ាក្នុងភូមិ មិនបានបង្ហាញមុខ ដើម្បីរងចាំទទួលភ្ញៀវ ឬអង្គុយក្បាលកន្ទេលសម្រាប់បំពេញសិរីសួស្តី ជ័យមង្គលដល់កូនស្រីខ្លួនឡើយ។

ប្រជាពលរដ្ឋជិតខាង បានបញ្ជាក់ថា លោកឧកញ៉ា ឈ្មោះ សូ សារឹម អាយុ៤១ឆ្នាំ អវត្តមានក្នុងមង្គលការកូននេះ ដោយសារតុលាការខេត្តកំពង់ស្ពឺចាប់គាត់ដាក់គុក ពីបទរំលោភសេចក្តីទុកចិត្ត ក្នុងសំណុំរឿងលក់ទិញដីពីប្រជាពលរដ្ឋ នៅក្នុងភូមិក្បែរគ្នា ប៉ុន្តែមិនព្រមបង់លុយឲ្យគ្រប់ មុននឹងផ្ទេរសិទ្ធិឲ្យជនទី៣ ចូលកាន់កាប់ ជាពិសេស ឈ្មោះ សូ សារឹម ដោយមានឃុបឃឹតជាមួយមន្ត្រីនៅក្នុងមូលដ្ឋាន បានបន្លំធ្វើប័ណ្ណកម្មសិទ្ធិរំលោភយកដីស្រែអ្នកភូមិម្នាក់ ដែលគាត់មិនបានយល់ព្រមលក់ទាល់តែសោះ។

អ្នកស្រី យ័ន សុផេត អាយុ៤៧ឆ្នាំ និងប្តីឈ្មោះ ចុន ឌុល រស់នៅភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩បាននិយាយប្រាប់ថា «ស្រែខ្ញុំ ទំហំជាង៥ហិកតាកន្លៈ គេបាញ់ (GPS) ដាក់ចូលក្នុងប្លង់យកទៅលក់ដែរ ខ្ញុំអត់ដែលបានលក់ឲ្យគេផង។ ឥឡូវស្រាប់តែគេថា ឈ្មោះ សូ សារឹម លក់ឲ្យគេបាត់ហើយ»។
ប្រតិកម្មនឹងករណីលោក សូ សារឹម បន្លំយកដីប្រជាពលរដ្ឋជិតខាងខ្លួន ដោយមិនទាន់ទិញ ឬមិនទូទាត់លុយគ្រប់ លោក សួន ហឿន ប្រធានភូមិរំលេច បានមានប្រសាសន៍រំឭកឡើងវិញថា «គេមកវាស់ដីប្រជាពលរដ្ឋធ្វើប្លង់រួមជាច្រើនលើក តែពលរដ្ឋមួយចំនួនហាមឃាត់ ព្រោះមិនទាន់បានលុយគ្រប់ចំនួន»។

នៅក្នុងករណីដដែលនេះ ប្រជាពលរដ្ឋទើបបានដឹងថា ដីរបស់ខ្លួនត្រូវបានឧកញ៉ា ជាអ្នករកស៊ីគក់ជេដី ឈ្មោះ សូ សារឹម ដែលត្រូវនគរបាលចាប់ខ្លួន យកទៅដាក់គុកខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿង រំលោភលើទំនុកចិត្ត កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែបែកធ្លាយព័ត៌មានពីពលរដ្ឋរងគ្រោះថា ករណីដីធ្លីរបស់ពួកគាត់ មានការជាប់ពាក់ព័ន្ធនឹងមន្ត្រីសាលាឃុំព្រះស្រែផងដែរ។

ប្រជាពលរដ្ឋបានសម្តែងការហួសចិត្ត នៅពេលពួកគាត់បានឃើញប្លង់ដីនោះ មានឈ្មោះ ហ៊ុយ សេង មានតួនាទីជាស្មៀនឃុំព្រះស្រែ ជាអ្នកកត់កំណត់ហេតុវាស់វែង និងជាអ្នករៀបចំការចូលរួមវាស់វែងដីពួកគាត់ និងរៀបចំឯកសារកសាងប័ណ្ណកម្មសិទ្ធិថ្មីឲ្យ សូ សារឹម យកទៅលក់បន្តដោយមិនបានឲ្យពួកគាត់បានដឹងសូម្បីតែបន្តិច។

ប្រជាពលរដ្ឋ៤គ្រួសារ ក្នុងចំណោម១១គ្រួសារ ជាម្ចាស់ដី ដែលបានលក់ដីជូន លោក សូ សារឹម បានប្រាប់ថា មកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានលុយថ្លៃដីគ្រប់ចំនួន ពីឈ្មោះ សូ សារឹម ឡើយ ដោយបានត្រឹមតែប្រាក់កក់ថ្លៃដីតែប៉ុណ្ណោះ ខណៈដីស្រែរបស់ពួកគាត់ ត្រូវបានធ្វើបណ័្ណកម្មសិទ្ធិដាក់ឈ្មោះអ្នកដទៃរួចទៅហើយ។

ពួកគាត់បានអះអាងថា ពួកគាត់ទើបបានដឹងរឿងលោក សូ សារឹម យកដីពួកគាត់ទៅលក់ឲ្យអ្នកទី៣ ឈ្មោះ លី ជុន នៅពេលគេដាក់គ្រឿងចក្រ មកកាយព្រំដីកាលបពីអំឡុងចុងខែមករា ឆ្នាំ២០១៩។ នៅពេលនោះ ទើបពួកគាត់បានឃើញថា ឈ្មោះ លី ជុន មានប័ណ្ណកម្មសិទ្ធិលើដីទំហំសរុប១០៣,៣៦០ ម៉ែត្រក្រឡា ដែលមានការវាស់វែង និងបង់ពន្ធប្រថាប់ត្រា ដោយមានឈ្មោះ សូ សារឹម ជាអ្នកលក់ និងបានផ្តិតមេដៃផ្ទេរសិទ្ធិជូន។

ពលរដ្ឋរងគ្រោះ៤គ្រួសារ រួមមានឈ្មោះ ឆាយ អែម ឈ្មោះ នយ ភន ឈ្មោះ នយ ណយ និងឈ្មោះ មាស ប៉ិច បានបញ្ជាក់ថា កាលបពីអំឡុងខែកក្កដា ឆ្នាំ២០១៨ ឈ្មោះ សូ សារឹម បានយល់ព្រមទិញដីស្រែរបស់ពួកគាត់ក្នុងតម្លៃចន្លោះពី២,៥០ដុល្លារ ទៅ៥,២០ដុល្លារ ក្នុងមួយម៉ែត្រក្រឡា។ ដោយមានការព្រមព្រៀងគ្នា ឈ្មោះ សូ សារឹម បានយកប្រាក់មកកក់ថ្លៃដីពួកគាត់មួយចំនួន ដោយឲ្យលុយកក់ តិចច្រើនទៅតាមទំហំដី ចន្លោះពី១ម៉ឺន ទៅជាង២ម៉ឺនដុល្លារ ព្រមទាំងបានសន្យាជាមួយពួកគាត់ថា នៅពេលពួកគាត់ រត់ប្លង់ត្រឹមភូមិឃុំរួច នឹងប្រគល់ប្រាក់ជូនគ្រប់ចំនួន ដើម្បីយកប្លង់ដី។

លុះក្រោយមកស្រាប់តែឈ្មោះ សូ សារឹម បានប្រគល់ប្រាក់គ្រប់ចំនួនឲ្យពលរដ្ឋបានតែ៧គ្រួសារប៉ុណ្ណោះ ក៏រៀបចំឲ្យមានមន្ត្រីចុះវាស់វែងធ្វើប្លង់ដីរួម ទាំងដីរបស់ពលរដ្ឋចំនួន៤គ្រួសារទៀត ដែលមិនទាន់បានលុយថ្លៃដីគ្រប់ និងមិនទាន់ទាំងបានផ្ទេរសិទ្ធិលក់នៅថ្នាក់ភូមិឃុំឲ្យទៅឈ្មោះ សូ សារឹម នៅឡើយ។ នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅពេលគ្រឿងចក្ររបស់ម្ចាស់ដី ដែលទិញបន្តពីឈ្មោះ សូ សារឹម បង្ហាញប្លង់ទើបពួកគាត់ដឹងថា ដីពួកគាត់ត្រូវ ឈ្មោះ សូ សារឹម យកទៅលក់បន្ត និងធ្វើប្លង់រួចស្រេចទៅហើយ ខណៈពួកគាត់មិនទាន់បានទទួលលុយគ្រប់ចំនួនផង។ លោកបានបញ្ជាក់បន្ថែមថា លោកក៏មានក៏ភ្ញាក់ផ្អើលដែរ នៅពេលឃើញប្លង់ដី ដែលឈ្មោះ សូ សារឹម លក់ឲ្យឈ្មោះ លី ជុន មានដីពលរដ្ឋ ដែលមិនទាន់បានលុយគ្រប់ និងដីដែលពលរដ្ឋមិនបានលក់ឲ្យបែបនេះ។

ចំណែកលោកស្មៀន ឃុំឈ្មោះ ហ៊ុយ សេង អត់ដែលបានហៅលោកជាប្រធានភូមិ ឲ្យចូលរួមដឹងឮពេលមន្ត្រីជំនាញ ចុះមកវាស់ដីពលរដ្ឋនោះទេ គេធ្វើតែគ្នាគេស្ងាត់។ ប្រធានភូមិរំលេចរូបនេះ បញ្ជាក់ថា មិនថាតែដីពលរដ្ឋ ដែលមិនទាន់បានលុយគ្រប់ទេ សូម្បីតែដីម្ចាស់គេមិនបានលក់ ក៏គេលួចធ្វើប័ណ្ណកម្មសិទ្ធិរំលោភយកដែរ រាប់ទាំងដីផ្លូវរទេះគោបុរាណ មានទំហំទទឹង១០ម៉ែត្រ ដោយគិតទាំងចំណីផ្លូវ និងប្រវែងជាង២០០ម៉ែត្រ ដែលពលរដ្ឋប្រើប្រាស់រាប់ជំនាន់មកហើយ ក៏ស្មៀនឃុំ និងមន្ត្រីជំនាញ វាស់វែងបាញ់ចូលប្លង់ឲ្យឈ្មោះ សូ សារឹម លក់ឲ្យឈ្មោះ លី ជុន អស់ហើយ។ លោក សួន ហឿន ប្រធានភូមិរំលេច បានបន្តថា ប្លង់ដីដែលទិញលក់ទាំងអស់នោះភាគច្រើន គឺប្រជាជនរស់នៅភូមិរបស់លោក ប៉ុន្តែនោះលើឯកសារទិញលក់ បែរជាមានឈ្មោះ សំ លន ជាប្រធានភូមិតារា ជាភូមិនៅក្បែរគ្នា ជាអ្នកផ្តិតមេដៃធ្វើសាក្សីឲ្យអ្នកលក់ឈ្មោះ សូ សារឹម ទៅវិញ។

ចំពោះការផ្តិតមេដៃធ្វើជាសាក្សីនេះលោក សំ លន ប្រធានភូមិតារា បានបដិសេធថា លោកអត់ដែលបានផ្តិតមេដៃ ធ្វើសាក្សីក្នុងឯកសារទិញលក់ដី រវាងឈ្មោះ សូ សារឹម និងឈ្មោះ លី ជុន នោះទេ។ លោកទទួលស្គាល់ថា ដីដែលឈ្មោះ លី ជុន ទិញពីឈ្មោះ សូ សារឹម គឺមានទីតាំងស្ថិតនៅភូមិរំលេច ដែលនៅក្នុងសកម្មភាពលក់ទិញនេះ លោកក៏មិនដែលបានទៅចូលរួមវាស់វែងដីនោះដែរ។ ដោយ៖ ឡុក សំរិត

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!