ព្រឹតិ្តការណ៍ថ្មីៗ

 ចាប់ខ្លួនឧកញ៉ាម្នាក់ នៅស្រុកឧដុង្គ តាមដីកាតុលាការ ពាក់ព័ន្ធរឿងរំលោភទំនុកចិត្ត

8 ខែ មុន 563 តូ សុផល

កំពង់ស្ពឺ៖ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបុរសម្នាក់ ដែលគេស្គាល់ថា អ្នកគក់ជេដី ដ៏ល្បីឈ្មោះក្នុងទឹកដីឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បុរសជាជនសង្ស័យមានឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិបែកថ្លាង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿងរំលោភលើទំនុកចិត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជនសង្ស័យបានប្រព្រឹត្ត កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិរំលេច និងនៅភូមិតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ សូ សារឹម ជាអ្នករកស៊ីគក់ជេដីរូបនេះ ត្រូវប្រជាពលរដ្ឋក្នុងមូលដ្ឋានអះអាងថា បានប្រកាសខ្លួនមានងារជា ឧកញ៉ា ប៉ុន្តែមិនដែលបានបង្ហាញឲ្យពលរដ្ឋឃើញ ព្រះរាជក្រឹត្យតែងតាំងងារជាឧកញ៉ារបស់បុគ្គលម្នាក់នេះទេ។ ក្រៅពីសំណុំរឿង ដែលសមត្ថកិច្ចកំពុងចាប់ខ្លួន ជនសង្ស័យក៏នៅមានរឿងទិញដីប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រះស្រែ ដោយគេចវេសមិនព្រមប្រគល់លុយឲ្យម្ចាស់ដី ហើយយកដីពលរដ្ឋទៅលក់បន្ត ជាច្រើនលើកច្រើនសារ និងមានអាជ្ញាធរមូលដ្ឋានមួយចំនួន ក៏មានការជាប់ពាក់ព័ន្ធ ក្នុងករណីទាំងអស់នេះផងដែរ។

ពាក់ព័ន្ធករណីចាប់ខ្លួនជនសង្ស័យ ជាអ្នករកស៊ីគក់ជេដី ដែលប្រកាសខ្លួនថា ជាឧកញ៉ា ឈ្មោះ សូ សារឹម សមត្ថកិច្ចបានបង្ហើបថា បច្ចុប្បន្ននគរបាលជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ ឡុក សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ