ព្រឹតិ្តការណ៍ថ្មីៗ

អតីតឧកញ៉ា ហូរ ចំរើន ​ពាក់ព័ន្ធបទល្មើសឆបោក និងចេញសែកស្អុយ, សាលដីកានឹងប្រកាសនៅសប្ដាហ៍ក្រោយ

5 ខែ មុន 152 តូ សុផល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សាលាឧទ្ធរណ៍ បានបើកសវនាការអតីតឧកញ៉ា ហូរ ចំរើន

ពាក់ព័ន្ធបទល្មើសចំនួន២ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ ព្រោះរឿងគំរាមបាញ់សម្លាប់ប្រពន្ធ នៅក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងខណ្ឌដង្កោ កាលពីពេលកន្លងទៅ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ​បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា «ទី១៖​សំណុំរឿងសភាស៊ើបសួរលេខ ៣១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងទី២៖សំណុំរឿងសភាស៊ើបសួរលេខ ៣២ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស ឆបោក»។

អង្គសវនាការនេះ មានលោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សា ​និងក្រឡាបញ្ជី លោកស្រី ប៉េស រីណា។

បើតាមអ្នកនាំពាក្យរូបនេះ ​​សំណុំរឿងទាំងពីរនេះជម្រះក្នុងពេលតែមួយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតែមួយ ប៉ុន្ដែលើកប្រកាសទៅថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ។

សូមរំលឹកថា អតីតឧកញ៉ា ហូរ ចំរើន ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ ក្នុងបទចោទ ប្រើប្រាស់អាវុធ បាញ់បោះគំរាមសម្លាប់ប្រពន្ធ ប្រព្រឹត្តនៅក្នុងភូមិគ្រឹះដ៏ស្តុកស្តម្ភរបស់ខ្លួន ក្បែរគុកព្រៃស​។ ប្រភពព័ត៌មានបាន​បង្ហើបឲ្យដឹងថា បន្ទាប់ពីត្រូវចាប់ខ្លួន បញ្ជូនទៅពន្ធនាគារព្រៃស ព្រោះរឿងបាញ់បោះនោះ អតីតឧកញ៉ារូបនេះ នៅមានបណ្តឹងឆបោកប្រាក់ ចំនួន៣ករណីទៀត ក្នុងទំហំទឹកប្រាក់លានដុល្លារ ក្នុងនោះក៏មានការជាប់ពាក់ព័ន្ធជនជាតិចិនផងដែរ។

អតីតឧកញ៉ា ហូរ ចំរើន ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធករណី បាញ់បោះជិត១០គ្រាប់ ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមព័ត៌មានដែលភ្នាក់ងារព័ត៌មាន ទទួលបាន អតីតឧកញ៉ា រូបនេះ​កំពុងតែចាយលុយជាច្រើន ដើម្បីធ្វើយ៉ាងណា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!