ព្រឹតិ្តការណ៍ថ្មីៗ

បំបែកសំណុំរឿងឃាតកម្ម នៅស្ទឹងត្រែង”កូន ប្រពន្ធ និងប្អូនថ្លៃ”ជាឃាតករ

1 ខែ មុន 214 តូ សុផល

ស្ទឹងត្រែង ៖ សមត្ថកិច្ចកនគរបាលម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសហការ

ជាមួយអធិការស្រុកសេសានស្រាវជ្រាវរកឃើញនិងលាតត្រដាងដឹងពីការពិតគឺកូន ប្រពន្ធ និងប្អូនថ្លៃ ជាឃាតករក្នុងករណីនេះ។

បើតាមលោកវរសេនីយ៍ទោ ដួង ស៊ីវុត្ថានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវកូនសម្លាប់នោះឈ្មោះថង រិទ្ធី ភេទប្រុសអាយុ ៣៦ ឆ្នាំ។ចំណែកជនដៃដល់ជាកូនមាន១ឈ្មោះ រិទ្ធី សុមន្នី ភេទប្រុស អាយុ១៩ ឆ្នាំ(កូន)២ម្ដាយឈ្មោះ ម៉េត អាប់ភេទស្រីអាយុ ៣៣ឆ្នាំ(ត្រូវជាប្រពន្ធជនរងគ្រោះ)និងទី ៣ឈ្មោះ ម៉េត គី ភេទប្រុស អាយុ២២ឆ្នាំ(ជាប្អូនថ្លៃ) ។ ជនរងគ្រោះនិងជនដៃដល់មានទីលំនៅក្នុងភូមិភ្លុកឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែង។

លោកនាយការិយាល័យបានបន្តឲ្យដឹងទៀតថានៅថ្ងៃកើតហេតុ ថ្ងៃ២ ខែកុម្ភះ ឆ្នាំ ២០១៩ ជនរងគ្រោះ ដែលជាប្ដី ជាឪពុក បានផឹកស្រាស្រវឹងហើយបានឈ្លោះនិងប្រពន្ធរួមទាំងកូន។ ហើយពេលដែលឈ្លោះគ្នានោះ ឪពុកបានយកដំបងបំរុងវាយទៅលើកូនតែកូនចាប់យកដំបងបានក៏វាយទៅលើឪពុកចំនួន ២ដំបងចំក្បាលផ្នែកខាងក្រោយនិងមួយដំបងទៀតចំស្មាធ្វើឲ្យឪពុកដេកស្ដូកស្ដឹងស្លាប់ភ្លាមៗនៅលើផ្ទះតែម្ដង។

លោកវរសេនីយ៍ទោបន្តថា តាមប្រពន្ធជនរងគ្រោះបាន សារភាពចំពោះមុខសមត្ថកិច្ចថា ក្រោយកើតហេតុជនដៃដល់ជាកូនបានយកសពឪពុកចុះទៅក្នុងទន្លេ ដោយចងសណ្ដូនជាមួយថ្មជាច្រើនដុំទម្លាក់ចូលទៅក្នុងទឹកទន្លេសេសានតែម្តង។

លោកនាយការរិយាល័យបន្តថា លុះដល់ថ្ងៃទី ៤ខែកុម្ភៈ ត្រូវបានប្រជានេសាទប្រទះឃើញសាកសពអណ្ដែតក្នុងទន្លេដែលមានខ្សែចងដុំថ្មជាច្រើនដុំ ហើយបានរាយការណ៍ទៅដល់សមត្ថកិច្ចចុះស្រាវជ្រាវនិងធ្វើកោសល្យវិច័យរកឃើញថា សាកសពត្រូវបានគេសម្លាប់ចងនិងថ្មសណ្ដូនទម្លាក់ទឹក ឡើងហើមស្អុយមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

បន្ទាប់ពីមានករណីឃាតកម្មនេះកើតឡើងអាជ្ញាធរភូមិឃុំបានចុះស្រាវជ្រាវនៅតាមភូមិក្នុងឃុំកើតហេតុសួរសមាជិកក្រុមគ្រួសារមានបាត់មនុស្សឬទេ តែក្រុមគ្រួសារដែលត្រូវបានសម្លាប់ហាក់បីដូចមិនបានរាយការណ៍ថាបាត់មនុស្សនោះទេហាក់បីដូចជាមានអាថ៍កំបាំង។

លោកវរសេនីយ៍ទោបានបញ្ជាក់បន្ថែមថាបន្ទាប់ពីមានករណីនេះកើតឡើង ហើយមិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោក ដួង ស៊ីវុត្ថា សហការជាមួយអធិការដ្ឋាននគរបាលស្រុកសេសាន ចុះស្រាវជ្រាវក្នុងករណីខាងលើនេះ ទើបដឹងថា ផ្ទះដែលជាឃាតករបាត់មនុស្សមិនបានរាយការណ៍ហើយបានចុះស្រាវជ្រាវដល់ផ្ទះជនរងគ្រោះ រកឃើញនូវវត្ថុតាងជាច្រើនដូចជាខ្សែអន្ទាក់ចងសណ្តូនថ្មទំលាក់ជនរងគ្រោះចូលទៅក្នុងទឹកជាភស្តុតាង ដែលដូចនិងខ្សែអន្ទាក់ដែលនៅផ្ទះជនរងគ្រោះ ហើយបានឃាត់ខ្លួនមនុស្សបីនាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះមានកូនប្រុស ប្រពន្ធ និងប្អូនថ្លៃ នាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកសេសាននិងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសាកសួរបន្ត។

បើតាមនាយការិយាល័យដដែលបន្តថា នៅថ្ងៃទី ៧កុម្ភះ បន្ទាប់ពីមានការសាកសួរជនដៃដល់ជាកូនមិនត្រូវបានសារភាពថាខ្លួនបានសម្លាប់ឪពុកនោះទេ តែម្ដាយ និងជាប្រពន្ធជនរងគ្រោះ បានសារភាពចំពោះសមត្ថកិច្ចថា នៅថ្ងៃកើតហេតុប្តីរបស់គាត់ឈ្លោះជាមួយគាត់និងកូន ហើយបានយកដំបងបម្រុងវវាយគាត់និងកូន។ គ្រានោះកូនក៏បានស្ទុះទៅឆក់យកដំបងពីឪពុកវាយទៅលើឪពុកចំនួន ២ ទៅ ៣ ដំបងបណ្ដាលឱ្យស្លាប់តែម្ដង ហើយយកសពជនរងគ្រោះចុះទៅក្នុងទន្លេនិងចងសណ្តូនថ្មទម្លាក់ទឹកដើម្បីបំបាត់ភស្តុតាង។

តែទោះជាយ៉ាងណាការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានសហការជាមួយអធិការដ្ឋានស្រុកសេសានបានចុះស្រាវជ្រាវដល់ផ្ទះរងគ្រោះនិងបានរកឃើញនូវវត្ថុតាងនិងអាចឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់នោះដែលជាប់ពាក់ព័ន្ធ។ ស្ត្រីជាប្រពន្ធបានសារភាពថា ប្ដីគាត់ពិតជាត្រូវបានកូនប្រុសវាយនឹងដំបងពិតប្រាកដមែន ។ ហើយក្នុងហេតុការណ៍នោះជនដៃដល់ជាកូនមិនបានសារភាពថាខ្លួនបានវាយសម្លាប់ឪពុកនោះទេ ។ ហើយក្នុងហេតុការណ៍នេះក៏មានប្អូនថ្លៃរបស់គាត់ពេលដែលឈ្លោះគ្នាក៏មានវត្តមាននៅទីនោះដែរ តែមិនបានពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ តែគាត់ជាអ្នកលាក់បាំងរឿងរ៉ាវដែលបានដឹង។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់មានកូនម្ដាយនិងប្អូនថ្លៃដែលជាប់ពាក់ព័ន្ធក្នុងករណីនេះស្ថិតក្រោមការសាកសួរពីសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី ៨នេះ ជនសង្ស័យទាំង ៣ នាក់នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!