ព្រឹតិ្តការណ៍ថ្មីៗ

ទើបចេញពី Rain ក្លឹប ត្រូវក្មេងស្ទាវមួយក្រុមទៀត យកខ្សែក្រវ៉ាត់ មកវាយ​ ទើបនាំគ្នារើស​ដុំថ្ម​​ គប់ទៅវិញប្រសាចពេញថ្នល់​ របួស៣នាក់​ នៅចាក់អង្រែក្រោម​!

7 ខែ មុន 38 តូ សុផល

រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​ យុវជន៣នាក់បានរងរបួស ក្នុងហេតុការណ៍អំពើហិង្សារវាង ក្មេងស្ទាវ២ក្រុម ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ ទេីបចេញពី រ៉េនក្លឹប ត្រូវបានក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង១០នាក់ ជិះម៉ូតូ៥គ្រឿង តាមពីក្រោយយកខ្សែក្រវ៉ាត់ដេញវាយ​គ្នា ទេីបក្រុមក្មេងស្ទាវ១២នាក់នោះ​ នាំគ្នារត់ប្រសាចពេញថ្នល់ រួចរើស​ដុំថ្ម​ ដុំឥដ្ឋ​ គប់ទៅលើក្រុមក្មេងស្ទាវដែលជិះម៉ូតូទាំងនោះ​វិញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ​ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗផងដែរ។ 

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​០២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ ស្ថិតនៅជិតសកលវិទ្យាល័យ IIC លើកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

បើសម្ដីយុវជនម្នាក់ដែលជាអ្នកកាន់ដុំថ្ម​ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា​ នៅមុនពេលកើតហេតុ​ រូបគេនិងមិត្តភ័ក្ត១១នាក់ទៀត​ បានមករាំកម្សាន្តនៅក្នុងក្លឹបមួយឈ្មោះថា “​រ៉េនក្លឹប RAIN CLUB” នៅចាក់អង្រែក្រោម​ ដែលមានចម្ងាយប្រហែល៨០០ម៉ែត្រ​ពីចំណុចកើតហេតុខាងលើ​ ហើយបានហៅស្រាបៀរផឹកស៊ី​ រាំលេងកម្សាន្ត ដោយមិនបានប៉ះពាល់អ្នកណានោះទេ​ ។ 

យុវជនខាងលើបន្តថា​ តែពេលកំពុងរាំកម្សាន្តនោះ​ មានយុវជនម្នាក់​បានលើកដៃចង្អុលមកកាន់មិត្តភ័ក្តរបស់ខ្លួន​ រួចរាំឌឺដងបន្ថែមទៀត តែរូបគេបានហាមមិនអោយមិត្តភ័ក្តចាប់អារម្មណ៍ទៅលើភាគីម្ខាងទៀតទេ​ ព្រោះគិតថាមករាំលេងសប្បាយ​ មិនមែនមកបញ្ចេញសាច់ដុំដាក់គ្នា​ នាំតែកើតមានហិង្សាវាយគ្នារញ៉េរញ៉ៃ​តែប៉ុណ្ណោះ​ ទេីបរូបគេនាំគ្នាផឹកនិងរាំកម្សាន្តរហូតអស់ស្រា​ ក៏បបួលមិត្តភ័ក្តរបស់ខ្លួន១១នាក់ទៀត ត្រលប់ទៅផ្ទះវិញ ដោយដើរ​ថ្មេីជើងទិសដៅពីត្បូងទៅជេីង​ ។  

យុវជនដដែលបន្តថា លុះពេលដើរមកជិតដល់សកលវិទ្យាល័យ IIC ដែលជាចំណុចកេីតហេតុនោះ​ ស្រាប់តែឃេីញក្មេងស្ទាវមួយក្រុមទៀត មានគ្នាជាង១០នាក់ ជិះម៉ូតូ៥គ្រឿង ជិះតាមមកពីក្រោយ រួចយកខ្សែក្រវ៉ាត់ ដេញវាយមិត្តភ័ក្តរបស់ខ្លួន៣នាក់ ដែលដើរក្រោយគេ បណ្ដាលរងរបួសម្ចាក់ត្រូវជើង​ ២នាក់របួសត្រូវដៃ​ ហូរឈាមប្រលាក់ពេញដៃផងដែរ​ ហេីយរូបគេក៏ស្រែកឆោឡោគេវាយគ្នាយេីងហេីយ​ ទេីបមិត្តភ័ក្តជាច្រើនទៀតដែលដើរមកដល់មុខ​មុននោះ នាំគ្នាស្ទុះរត់ប្រសាចពេញថ្នល់ រើស​ដុំថ្ម​ ដុំឥដ្ឋ​ គប់ទៅលើក្រុមក្មេងស្ទាវដែលជិះម៉ូតូទាំងនោះ​វិញ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរ​ រាយការណ៍​ប្រាប់កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម  ចុះអន្តរាគមន៍ភ្លាមៗផងដែរ។ 

គ្រាន់តែឃើញកម្លាំងល្បាតមកភ្លាម​ ក្រុមក្មេងស្ទាវមានគ្នាជាង១០នាក់នោះ​ ឡើងជិះម៉ូតូចេញទៅតាមផ្លូវជាតិលេខ២ ពីត្បូងទៅជើង​ បាត់ស្រមោល​អស់​ ហេីយកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ក៏សាកសួរនាំ​អ្នកណាជាដើមហេតុ​ ទើបពួកគេឆ្លើយថា​ ពួកគេត្រូវ​ ក្រុមក្មេងស្ទាវមួយក្រុមទៀត​ ជិះមកវាយពីក្រោយ​ បណ្ដាលឲ្យមានអ្នករបួស៣នាក់ផងដែរ​ ។​ ហេីយសមត្ថកិច្ចក៏បានណែនាំអោយត្រលប់ទៅផ្ទះលាងរបួសសិន​ ឬអាចដាក់ពាក្យបណ្ដឹងបាន​ ។ 

ហើយស្រាប់តែឃើញក្រុមក្មេងស្ទាវដែលជិះមករត់ទៅបាត់នោះ​ ជិះបកត្រលប់មកវិញ​ ទេីបក្រុមក្មេងស្ទាវទាំង១២នាក់នោះ​ ទាញដុំថ្ម​ ដុំឥដ្ឋ​ បម្រុងគប់សំដៅទៅលេីក្រុមក្មេងស្ទាវទាំងនោះ​ តែត្រូវបានសមត្ថកិច្ចធ្វើការ​រារាំង​មិនអោយ​ប្រព្រឹត្តិ​អំពេីបែបនេះទេ​ តែក្រុមក្មេងស្ទាវទាំង១២នាក់នោះ​ ក៏លេីក​ដុំថ្ម​ ដុំឥដ្ឋ​ បង្ហាញសមត្ថកិច្ចថា​ ពួកគេគ្រាន់តែជាអ្នករងរបួស​ ដូច្នេះហើយសុំកាន់ដុំថ្មទាំងនោះ​ នៅជាប់ដៃដើម្បីការពារខ្លួន​ ខ្លាចក្រុមក្មេងស្ទាវទាំងនោះត្រលប់មកវិញទៀត ។ 

បច្ចុប្បន្នក្រោយពីកើតហេតុ​ កម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍នគរបាល​ចាក់អង្រែក្រោម បានជិះម៉ូតូតាមក្រុមក្មេងស្ទាវទាំង១២នាក់នោះ​ រហូតដល់កន្លែងស្នាក់នៅវិញ ដោយសុវត្តិភាព​ ហើយត្រលប់មកល្បាតតាមភូមិសាស្ត្រដដែល។ 

សូមបញ្ជាក់ថា​ ចំពោះក្លឹបកំសាន្តរ៉េន(Rain) កន្លងទៅក៏មាន​ បុរសម្នាក់បានស្នើសុំដល់អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម និងខណ្ឌមានជ័យ សុំឲ្យចុះទៅពិនិត្យក្លឹបឌីស្កូរ៉េន (Rain Club) ដែលបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងជុំវិញ បរិស្ថានក្នុងការរស់នៅមិនអាចទ្រាំបាន ក្នុងមូលហេតុដែលថា ភ្ញៀវដែលបានចូលរាំលេងកម្សាន្តនៅក្នុងក្លឹបនេះ បានជុះនោមដាក់លើផ្លូវ ជញ្ជាំង និងរបងផ្ទះព្រមទាំងបន្ទោបង់ ជាពិសេសបង្កជាសំឡេងហ៊ោកញ្រៀវ បំពងសំឡេងចេញមកក្រៅ រហូតដល់ម៉ោង៣ភ្លឺ មិនអាចដេកពួនបានឡើយ ។ ហេីយការលើកឡើងស្នើសុំនេះ គឺក្នុងឱកាសវេទិកាសាធារណៈមួយ កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងរោងអ្នកតាចិន (ដើមពោធិ៍) ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ឆ្លើយតបការស្នេីសុំរបស់ប្រជាពលរដ្ឋ​ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏បានចុះទៅពិនិត្យជាក់ស្តែង ឃើញថាក្លឹបពិតជាមានការរំខាន និងគ្មានសុវតិ្ថភាពនោះទេ ។ លោកថា លោកបានធ្វើការណែនាំដល់ថៅកែក្លឹប ឲ្យធ្វេីការកែសម្រួលឡើងវិញជាបន្ទាន់ ដោយតម្រូវឲ្យម្ចាស់ទីតាំងក្លឹបនេះ កែសម្រួល​ច្រកសុវតិ្ថភាព​ឲ្យបានចំនួនពីរទ្វារ និងដាក់អំពូលភ្លើង​ស្វ័យប្រវត្តិ​ (Auto) ។ លោកថា ធ្វើបែបនេះ គឺចៀងវាងបើមានបញ្ហាអគ្គីភ័យកើតឡើង គឺមានទ្វារសុវតិ្ថភាព សម្រាប់ចេញ និងអំពូលភ្លើងស្វ័យប្រវត្តិនោះជួយបំភ្លឺផងដែរ ៕​ (អត្ថបទរូបភាព​ បងម៉េង​-Media​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ