ព្រឹតិ្តការណ៍ថ្មីៗ

ចិនសែ ៖ សែន​ជ្រូក​ខ្វៃ​រួច​ កុំ​ភ្លេច​កាត់ផ្នែក​ទាំង​៥នេះ​ទុក ព្រោះ​​អាច​​នាំ​លាភ​ដល់​អ្នកបាន!

7 ខែ មុន 193 តូ សុផល

រាជធានីភ្នំពេញ​ ៖ សល់តែរយៈប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម

ឈានចូលមកដល់ឃើញថា អាជីវករដែលជាអ្នកលក់គ្រឿងសក្ការបូជា ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ កំពុងដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការត្រៀមសំណែន និងទំនិញផ្សេងៗ ដើម្បីបំពេញតម្រូវការអតិថិជន។ ក្នុងចំណោមគ្រឿងសំណែនទាំងអស់ ជ្រូកខ្វៃជាវត្ថុសំខាន់មួយ ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ។

ក្នុងនោះដែរក៏ឃើញថា តម្លៃជ្រូកខ្វៃក៏ហាក់ឡើងថ្លៃខុសពីថ្ងៃធម្មតា ប៉ុន្ដែទោះជាយ៉ាងណាអាជីវករលក់ជ្រូកខ្វៃរំពឹងថា ឆ្នាំជ្រូកខ្វៃនឹងលក់បានច្រើនជាងឆ្នាំមុន ទោះបីជាឡើងថ្លៃជាងរាល់ឆ្នាំក្ដី។

អ្នកស្រី អន លី អាជីវករលក់ជ្រូកខ្វៃក្នុងផ្សារអូឬស្សីតូបលេខ៣៩-២៨ ឲ្យដឹងថា «ក្នុងឆ្នាំនេះបានត្រៀមជ្រូកជាច្រើនក្បាល សម្រាប់បំពេញតម្រូវការអតិថិជន ព្រោះអតិថិជននៅតែបន្ដជាវជាហូរហែរ។ ជាក់ស្ដែងការលក់ក្នុងឆ្នាំនេះ កើនឡើងជាឆ្នាំមុន ឆ្នាំនេះកើនបានប្រមាណ៥ ទៅ៦%»។

អ្នកស្រីបន្ថែមថា ពិតណាស់រាល់ពិធីបុណ្យទានទំនិញតែងតែឡើងថ្លៃ ជាក់ស្ដែងជ្រូកខ្វៃឆ្នាំនេះក៏ឡើងថ្លៃដែរ ប៉ុន្ដែតម្លៃអាចទទួលយកបាន។

អ្នកស្រីបន្ដថា «មានអតិថិជនមកពីក្រុមហ៊ុនធំៗជាច្រើន បាននាំគ្នាជាវជ្រូកពីហាងខ្ញុំ ដោយបន្ដជាវពីឆ្នាំទៅមួយឆ្នាំ ព្រោះតែពួកគាត់មានភាពជឿជាក់ ទៅលើហាងរបស់ខ្ញុំ»។

អាជីវករម្ចាក់ទៀត អ្នកស្រី ហេង លី អាជីករលក់ជ្រូកខ្វៃក្នុងផ្សារអូឬស្សីតូបលេខ៧២ ក៏បានឲ្យដឹងផងដែរថា «ឆ្នាំនេះការលក់មានភាពធម្មតាដូចឆ្នាំមុនៗដែរ ប៉ុន្ដែឆ្នាំនេះជ្រូកតម្លៃថ្លៃជាងឆ្នាំមុនបន្ដិច ដូច្នេះការលក់ ហាក់ពិបាកបន្ដិច ប៉ុន្ដែនៅតែមានអតិថិជនជាវជាធម្មតា»។

អ្នកស្រីបន្ដថា ការឡើងថ្លៃនេះ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយឆ្នាំមុនជ្រូកមួយតម្លៃ៣០ម៉ឺនរៀល តែឆ្នាំនេះវិញជ្រូកលក់បាន៣៥ម៉ឺនរៀល។ ការឡើងថ្លៃនេះបណ្ដាលមកពី មិនសូវសម្បូរជ្រូកដូចឆ្នាំមុន ហើយឆ្នាំនេះទៀតសោធជ្រូកខ្វៃលក់ គឺជា ជ្រូកក្នុងស្រុកដោយមិនមានការនាំចូលពីវៀតណាមឡើយ។

អ្នកស្រីបន្ដថា គិតត្រឹមមុនពេលចូលឆ្នាំចិន-វៀតណាមនេះ អតិថិជនបានជាវច្រើនគួរសម ដោយក្នុង១ថ្ងៃលក់បាន៣០-៤០ក្បាល ហើយបើដល់ថ្ងៃចូលឆ្នាំចិន-វៀតណាម អាចលក់បានច្រើនជាងនេះ។

សូមជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមក្នុងឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី១៥រោច ខែបុស្ស ខាងមុខនេះ។ ទោះបីជាពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ជាពិធីរបស់ជនជាតិចិនក៏ដោយ ប៉ុន្ដែពិធីនេះបានជះឥទ្ធិពលគ្រប់ដណ្ដប់លើប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាមរួមមាន៖ ប្រទេសកម្ពុជា, វៀតណាម, សង្ហឹបុរី, ឥណ្ឌូនេស៊ី និងហ្វីលីពិន ជាដើម៕

ក្នុង​​ពេល​ប្រារព្ធ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ចិន​​ម្ដង​ៗ​ បន្ទាប់​ពី​សែន​ជ្រូក​ខ្វៃ​រួច​ហើយ​​​​ គេ​សង្កេត​ឃើញ​ថា​ ម្នាក់​ៗ​​​សង្វាតជាមួយការ​​​បរិភោគ​​សាច់ជ្រូក​ខ្វៃ​​យ៉ាង​ឆ្ងាញ់ ជាមួយ​ក្រុម​គ្រួសារ​ សាច់ញាតិ​ និង ​មិត្តភ័ក្ដិ​ជា​ដើម។​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ពី​ផ្នែក​សំខាន់​ៗ​នៃ​ជ្រូក​ខ្វៃ​​ ហើយ​បានកាត់​វា​យក​ទៅ​ឆ្អើរ​ភ្លើង​អោយក្រៀមទុក​គ្រាន់ដាក់​នៅ​កន្លែង​រក​ស៊ី​។​ មូល​ហេតុ​គឺ​​​គេ​មាន​ជំនឿ​​ថា​ ​​វា​នឹង​អាច​នាំ​លាភ​ដល់​​ការ​ប្រកប​របរ​រក​ស៊ី​​ទៀត​ផង​។​

អ្នក​ស្រី​ ជា​ អ៊ីម៉េង ដែល​​ជាប់​សែស្រឡាយ​ចិន​ និង​ដឹង​ច្បាស់​ពី​​ជំនឿ​នេះ​​ត​ពី​ដូច​តា​មក បាន​ប្រាប់​ពី​កន្លែង​សំខាន់​ទាំង​៥ ត្រូវ​កាត់​ទុក។

១ ​ខួរ​ជ្រូក​ ខួរ​គឺ​តំណាង​អោយ​ប្រាជ្ញា​ ស្មារតី​ និង​​ភាព​ឈ្លាស​វៃ​។​ ​តាម​ជំនឿ​​ វា​គឺ​​ជា​របស់​ពិសេស​ជាង​គេ​ ដែល​អាច​អោយ​អ្នក​​ជួញ​ដូរ​​មាន​ភាព​វៃ​ឆ្លាត​​ និង គំនិត​ថ្មី​ៗ​ក្នុង​ការ​រក​ស៊ី​​​ឈ្នះ​គេ​​ក្នុង​ឆ្នាំ​ថ្មី​​ជា​ដើម​។​ ប៉ុន្តែ​គេ​ច្រើនតែកាត់​​មួយ​​ដុំ​​តូច​ប៉ុណ្ណោះ​​នៃ​ខួរ​ជ្រូក​ដើម្បី​រក្សា​ទុក​។

២ ត្រចៀក​ជ្រូក ​ត្រចៀក​ជ្រូក​ទាំង​ពីរគឺ​ជា​ផ្នែក​មួយ​សំខាន់​ផង​ដែរ​​ ដែល​គេ​តែង​កាត់​វា​ទុក​ ព្រោះ​គេ​ជឿ​ថា​ត្រចៀក​គឺ​ជា​​សរីរាង្គ​មួយ​ដែល​អាច​លឺ​ដំណឹង​ផ្សេង​ៗ​​ជិតរឺឆ្ងាយ ហើយ​បើ​អ្នក​រក​ស៊ី​​វិញ​គឺ​គេ​ចាំ​​ស្ដាប់​ដំណឹង​​ដែល​ភ្ញៀវ​មក​រក​ទិញ​​ជា​ដើម​​​​។​

៣ ច្រមុះជ្រូក ជា​ធម្មតា​សត្វ​ជ្រូក​​តែង​ប្រើ​ច្រមុះ​របស់​វា​ សម្រាប់​ហិតក្លិន​ និង ដើម្បីឈ្មុសឈ្មុលរកចំណីស៊ី ប្រៀប​ដូច​ជា​អ្នក​ជួញដូរដែលត្រូវខិត​ខំ​ស្វះ​​ស្វែង​រក​អតិថិជន​របស់​ខ្លួន​ដូច្នោះ​​​ដែរ​។​

៤ ក្រចក​ជើង​ទាំង​បួន ​ មិន​តែ​ប៉ុណ្ណោះ​ ​ក្រចក​ជើង​ទាំង​បួន​របស់​ជ្រូក​ ត្រូវគេជឿ​ថា​អាច​នាំអោយមុខរបររកស៊ីដើរឆ្ពោះទៅមុខ ព្រោះជ្រូក​អាចដើរទៅមុខបានក៍ដោយសារតែជើងទាំងនេះដែរ។ ម្យ៉ាងពេលដែលជ្រូកខ្វៃដេក គឺ​ជើងខាងមុខរបស់វាបត់ចូល ប្រៀបដូចជាកាយនាំទ្រព្យដល់ម្ចាស់​ផ្ទះ​អ៊ីចឹង​ដែរ​។

៥ ​​​កន្ទុយ​ជ្រូក​ សត្វជ្រូក​ប្រើ​កន្ទុយ​របស់​វា​សម្រាប់​បក់​ដេញ​រុយ​ រឺ​ សត្វ​ល្អិត​ជា​ដើម​។​

ដូច្នេះ អ្នក​រក​ស៊ី​ទុក​កន្ទុយជ្រូក​សម្រាប់​អោយ​វាដេញ​​ឧបសគ្គ​​ និង ឧបទ្រព​ចង្រៃ​​នានា​ចេញ​​ពី​ហាង​លក់​ដូរ​​របស់​ពួក​គាត់​។​​ ​សរុប​មក​​ ភាគ​ច្រើន​ម្ចាស់​ផ្ទះ​តែង​តែ​​រក្សា​ទុក​ផ្នែក​ក្បាល​ និង ​ជើង​​នៃ​ជ្រូក​ខ្វៃ​សម្រាប់​ចែក​អោយ​បង​ប្អូន​​កូន​ចៅ​​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​​ ហើយ​ចំណែក​សាច់​​វិញ​ ទើប​ពួក​គាត់​​ចែក​អោយ​ទៅ​​មិត្តភ័ក្ដិ​ និងភ្ញៀវ​ដែល​មក​​ចូល​រួម​ពិសា​អាហារ​​ជាមួយ​​គ្នា។​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ