ព្រឹតិ្តការណ៍ថ្មីៗ

ឡានទឹកជាង៣០គ្រឿង ​ដាក់ពង្រាយជា១០គោលដៅ ​សម្រាប់ចេញជួយ​អន្តរាគមន៍​លើ​គ្រោះថ្នាក់​អគ្គិភ័យ​ ដែលអាចកើតមាន ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន

10 ខែ មុន 65 តូ សុផល

រាជធានីភ្នំពេញ​ ៖ មន្ត្រី​នគរបាល​នៃ​អង្គភាព​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា បាន​ត្រៀមកម្លាំង​ជា​ច្រើន​នាក់​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជិត​២០​គ្រឿង ​ចំណែកឯកងអនុសេនាធំចល័ត ​សង្គ្រោះបន្ទាន់​៧១១ ឬហៅកាត់ថា (ក្រុមសង្រ្គោះបន្ទាន់៧១១ – RRC 711) បានត្រៀមកម្លាំង​ជា​ច្រើន​នាក់​ ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជិត​១០​គ្រឿង និងរថយន្តសង្គ្រោះបន្ទាន់៩គ្រឿង សម្រាប់​ជួយ​អន្តរាគមន៍​ទៅ​លើ​គ្រោះថ្នាក់​អគ្គិភ័យ ​ដែល​អាច​នឹង​កើត​មាន​ឡើង ​នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​  ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​៥ ​រហូត​ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ២០១៩ខាង​មុខនេះ។ 

លោក ព្រហ្ម​ យ៉​ន ប្រធាន​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា អង្គភាព​របស់​លោក​បាន​ត្រៀមកម្លាំង​ជា​ច្រើន​នាក់​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​ចំនួន​៨​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ក្នុង​១​គោលដៅ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ដើម្បី​ត្រៀមចាំ​អន្តរាគមន៍​គ្រោះ​អគ្គិភ័យ ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជាយ​ថា ហេតុ​ក្នុង​នៅ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​៥ រហូត​ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ​ខាង​មុខ ។

ជាមួយគ្នានេះ​ ឧត្តមសេនីយ៍ទោ សូយ​ ណារិទ្ធ​ មេបញ្ជាការរង​ កងពលតូចលេខ៧០ ទទួលបន្ទកកងអនុសេនាធំចល័ត ​សង្គ្រោះបន្ទាន់​៧១១ ឬហៅកាត់ថា (ក្រុមសង្រ្គោះបន្ទាន់៧១១ – RRC 711) បានដាក់កម្លាំងឈរជេីង និងរថយន្តពន្លត់អគ្គិភ័យ ១០គ្រឿង ប្រចាំការ (២៤ម៉ោងលើ២៤ម៉ោង) ចំនួន ២គោលដៅបន្ថែមទៀតដូចជា ៖ គោលដៅទី១ : នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ គោលដៅទី២ : នៅ DN ក្នុងបរិវេណអគ្គបញ្ជាការកងទ័ព ភ្នំពេញ​ និងលេខប្រចាំបញ្ជា​ 016700700​ ។

រថយន្តពន្លតអគ្គីភ័យ១៣គ្រឿង របស់ក្រុម៧១១ មានដូចជា

– រថយន្តផ្ទុកទឹកចំណុះ ២៦០០០ល = ១គ្រឿង

– រថយន្តផ្ទុកទឹកចំណុះ ១០០០០ល = ២គ្រឿង

– រថយន្តផ្ទុកទឹកចំណុះ ៨០០០ល = ២ គ្រឿង

– រថយន្តផ្ទុកទឹកចំណុះ ៣០០០ល = ២ គ្រឿង

– រថយន្តក្បាលបាញ់ទឹក = ៣ គ្រឿង ។ 

– រថយន្តពន្លត់អគ្គីភ័យ ប្រភេទជណ្តើរ ៥០ម៉ែត្រ​ =  ២ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ​ ប្រភេទជណ្តើរ ៣០ម៉ែត្រ​ = ១ គ្រឿងទៀត។ 

ចំណែកឯក្រុមសង្គ្រោះបន្ទាន់:

– រថយន្តហ្វា,ស្ទូច,កាត់ = ១គ្រឿង

– រថយន្តសង្គ្រោះបន្ទាន់ = ៨ គ្រឿង

កម្លាំង ៧៣ នាក់ ចែកជា២វេន ប្រចាំការ២៤/២៤ ម៉ោង ។ រាល់ការចេញជួយសង្គ្រោះ​របស់ក្រុមសង្គ្រោះបន្ទាន់៧១១ (ទាំងសង្គ្រោះបន្ទាន់ ទាំងអគ្គិភ័យ) គឺមិនគិតថ្លៃសេវាកម្មអ្វីទាំងអស់។ 

លោក​ ព្រហ្ម​ យ៉ន​ ​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០១៩​នេះ​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​តូច​ទាំង​ធំ​ចំនួន​១០​ករណី ហើយ​ខណៈ​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​សរុប​ចំនួន​៩៦​ករណី ។ ដោយឡែក​ក្នុង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​២៩ មក​រា ឆ្នាំ​២០១៩ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​៦​ករណី​នៅ​ខេត្តបន្ទាយមានជ័យ​កំពង់ធំ ព្រៃវែង កោះកុង និង​ខេត្តកណ្តាល ។

អគ្គិភ័យ​នេះ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង​ឆេះ​តូប​ផ្សារ​អស់​៤​ទៅ​៥​តូប និង​បំផ្លាញ​ទ្រព្យសម្បត្តិ​១​ចំនួន​ធំ​ដូច​ជា ស្រូវ សម្លៀក​បំពាក់ គ្រឿង​អ​ល័​ង្កា​រ គ្រឿង​សង្ហា​រឹម ម៉ូតូ ប្រាក់​ដុល្លារ ប្រាក់​រៀល ប្លង់​ដី រួម​ជាមួយ​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត ។ ប៉ុន្តែ​អគ្គិភ័យ​នេះ​មិន​បាន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ​នោះ​ទេ ៕​ (អត្ថបទដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់