ព្រឹតិ្តការណ៍ថ្មីៗ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥

8 ខែ មុន 16 តូ សុផល

ភ្នំពេញ៖ ថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩

នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង) ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង តំណាងមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្រុមហ៊ុនILSUNG-CIENCOI, ក្រុមហ៊ុនOBAYASHI Corporation និង តំណាង ក្រុមហ៊ុនTEKKEN-IKEE Joint Venture។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក ហើយការស្ថាបនាត្រូវបាន បែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាលនេះ មានប្រវែងសរុប ១១០,៩០គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់ បាត់ដំបង ទទឹងប្រវែង២៣ម៉ែត្រ ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់សរុបចំនួន២៤៣,៧៤លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ៤២ខែ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា៖ កំណាត់ផ្លូវជាតិនេះជាផ្លូវអាស៊ានហាយវេលេខ១ អាច បង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនម៉ៅការសាងសង់ដាក់ផ្លាកសញ្ញាសុវត្ថិ ភាពឱ្យបានត្រឹមត្រូវនៅតាមការដ្ឋានសាងសង់ផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ ចំពោះអ្នកធ្វើដំណើរ និងបានសំណូមឱ្យក្រុមហ៊ុនទាំងបី ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងក្រុមហ៊ុន ប្រឹក្សាយោបល់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាព និងសុវត្ថិភាពនៃការសាងសង់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលផ្តល់កម្ចីឥណទានសម្បទាន និងជំនួយបច្ចេកទេស តាមរយៈទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវដ៏សំខាន់នេះ សំដៅរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ