ព្រឹតិ្តការណ៍ថ្មីៗ

បាញ់ដូចគ្នា តែវាសនាខុសគ្នា? ឧកញ៉ា ហូរ ចំរើន និង មេប៉ុស្តិ៍ជ្រោយស្តៅ !

3 សប្តាហ៍ មុន 283 តូ សុផល

ភ្នំពេញ៖ គេនៅចាំបានថា ក្នុងពេលកន្លងទៅតុលាការរាជធានីភ្នំពេញ ធ្លាប់បានកាត់ទោស មនុស្សមានបុណ្យស័ក្តិ ពាក់រហូតផ្កាយ ឲ្យជាប់គុកជាច្រើននាក់ដែរពាក់ព័ន្ធករណីបាញ់បោះសេរី បំភ័យប្រជាជន និងប្រពន្ធកូន។

នៅក្នុងចំណោមជនជាប់ចោទ ដែលជាមន្ត្រីមានលុយ និងស័ក្តិយសធំទាំងអស់នោះ អតីតឧត្តមសេនីយ៍ ផ្កាយ ៣យោធា មានងារជា ឧកញ៉ា ឈ្មោះ ហូរ ចំរើន ក៏ត្រូវតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់គុក១ឆ្នាំកន្លះ ព្រោះរឿងបាញ់បោះដោយគ្មានបទបញ្ជា បំភ័យប្រពន្ធកូន និងក្រុមគ្រួសារដែរ។

ដោយឡែក រឿងដែលមហាជន កំពុងតែងឿងឆ្ងល់ ហើយជាពិសេស គឺពលរដ្ឋរស់នៅក្នុងឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង រួមទាំងមេឃុំផង ដែលធ្លាប់ដេកខ្វល់ ព្រោះលោកនាយប៉ុស្តិ៍ ចេះតែបាញ់បន្ទាប់ពីផឹកស្រាឆ្ងាញ់រួចនោះ ម្តេចក៏មិនជាប់គុកផង? ឬច្បាប់នៅក្រុងភ្នំពេញ និងខេត្តបាត់ដំបង អនុវត្តខុសគ្នា ក្រោមដំបូងសន្តិភាព នៃប្រទេសតែមួយ?

ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ សៅ សាម៉ុន ស្នងការរងទទួលបន្ទុក បុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញលិខិតបង្គាប់ការមួយសន្លឹកសម្រេចផ្អាកការងារ របស់លោក ហែម សុផុន ដែលជានាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ ជាបណ្តោះអាសន្ន ដោយសារតែបានប្រព្រឹត្តខុសពីវិន័យកងកម្លាំងនគរបាលជាតិ ដោយផ្ទុះអាវុធដោយគ្មានការអនុញ្ញាត ដែលភាសារបស់ពលរដ្ឋសាមញ្ញ និយមហៅថា ការបាញ់បោះសេរី។

បើយោងតាមលិខិតមួយច្បាប់ខាងលើនេះ បានបញ្ជាក់ជូនសាធារណៈជនយ៉ាងច្បាស់ថា លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ ពិតជាបានប្រព្រឹត្តកំហុសប្រាកដមែន។

ផ្ទុយទៅវិញ បើយោងតាមការបញ្ជាក់ តាមទូរស័ព្ទ របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យ  ដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ថា លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំជ្រោយស្តៅ មិនបានផ្ទុះអាវុធអ្វីទេ គឺកាំភ្លើងរបស់លោកនាយកប៉ុស្តិ៍រាលកៃតែប៉ុណ្ណោះ។

លោកស្នងការអះអាងថា ការនិយាយ និងចុះផ្សាយថា លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋាលនគរបាលឃុំជ្រោយស្តៅ បាញ់បោះសេរី នៅពេលស្រវឹងស្រា និងបាញ់គំរាមពលរដ្ឋ ឬគំរាមលោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្តៅ ជារឿងមិនពិតឡើយ។

លោកឧត្តមសេនីយ៍ ស្នងការថា លោកកំពុងឲ្យមន្ត្រីជំនាញ ចុះទៅស្រាវជ្រាវរឿងនេះហើយ គឺរកឃើញថា ជារឿងគំនុំនៅមូលដ្ឋានតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណី លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋាលនគរបាលឃុំជ្រោយស្តៅ បាញ់បោះសេរី ត្រូវលោក ថាច់ សុខា ជានាយរងប៉ុស្តិ៍ធ្វើកំណត់ហេតុកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា៖

-កាលពីវេលាម៉ោង២២ និង១០នាទី យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ លោក ហែម សុផុន បានប្រើប្រាស់កាំភ្លើងខ្លីផ្ទាល់ខ្លួនបាញ់គំរាមប្រពន្ធឈ្មោះ សឿន វណ្ណនី ចំនួន ០៣គ្រាប់ តែពុំត្រូវ។

-កាលពីវេលាម៉ោង២០យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ហែម សុផុន ផឹកស៊ីស្រវឹង ខឹងប្រពន្ធ ជិះរថយន្តទៅឈប់មុខផ្ទះឈ្មោះ ចាន់ ហម ឈប់កាក់ឡានតាក់ស៊ី ដោយដកកាំភ្លើងខ្លី១ដើម និងកាំភ្លើង AK ១ដើម បំរ៉ុងបាញ់ តែត្រូវពលរដ្ឋឃាត់តទាន់។

-កាលពីវេលាម៉ោង៦ និង៤០នាទីយប់ ក្នុងឆ្នាំ២០១៧ លោក ហែម សុផុន បន្ទាប់ពីផឹកស្រវឹងជាមួយស្មៀនឃុំ ជ្រោយស្តៅ បានដកកាំភ្លើងខ្លីម៉ាកK៥៩ គំរាមបាញ់តៃកុងឡានតាក់ស៊ី។

ទោះជាយ៉ាងណា កំណត់ហេតុរបស់លោក ថាច់ សុខា ជានាយរងប៉ុស្តិ៍ មិនបាននិយាយអំពីការផ្ទុះអាវុធរបស់លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋាលនគរបាលឃុំជ្រោយស្តៅ កាលពីវេលាម៉ោង៨ និង១៨នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្តៅ ស្ថិតនៅក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង នោះទេ។

លោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្តៅ បានប្រាប់តាមទូរស័ព្ទ នៅព្រឹកនេះថា ពលរដ្ឋចង់ឃើញ ការអនុវត្តច្បាប់លើលោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋាលនគរបាលឃុំជ្រោយស្តៅ ឲ្យបានម៉ឺងម៉ាត់ និងស្របតាម អភិក្រមទី៥ ដែលសម្តេចតេជោ បានដាក់ចេញឲ្យមន្ត្រីអនុវត្ត គឺវះកាត់។

លោកមេឃុំថា អំពើបាញ់បោះសេរីរបស់លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋាលនគរបាលឃុំជ្រោយស្តៅ ត្រូវពលរដ្ឋក្នុងមូលដ្ឋានបានដឹង បានឮ តាំងពីលោកមិនទាន់មកកាន់តំណែងជាមេឃុំ ហើយក៏មិនមាននរណាអាចចាត់ការលោកនាយប៉ុស្តិ៍ ដែលចូលចិត្តបាញ់នេះបានដែរ ប៉ុន្តែនៅពេលលោកឡើងជាមេឃុំ លោកត្រូវតែអនុវត្តឲ្យបាននៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីឡើងកាន់តំណែងជាមេឃុំ ជ្រោយស្តៅ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ លោកបានខិតខំ លុបបំបាត់រាល់អំពើអសកម្មរបស់មន្ត្រីក្រោមឱវាទរបស់លោក ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ឲ្យបានល្អប្រសើរ។

ផ្ទុយទៅវិញ លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ បែរជាឲ្យមន្ត្រីថ្នាក់ក្រោម មកចរចាសុំលោកជាមេឃុំ បើកបនល្បែងបញ្ជល់មាន់ ដែលជាអំពើខុសច្បាប់ ដូច្នេះលោកមិនអនុញ្ញាតឡើយ។

លោកមេឃុំបានអះអាងទៀតថា លក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលលនគរបាលឃុំជ្រោយស្តៅ ជាមនុស្សស្រលាញ់កាំភ្លើងណាស់ ហើយឲ្យតែផឹកស្រវឹង គឺបាញ់ៗ អត់ញញើតច្បាប់ទេ។

ដោយសារតែអំពើខុសច្បាប់របស់លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ ធ្វើឲ្យពលរដ្ឋ និងមន្ត្រីក្នុងមូលដ្ឋាន មិនអាចទទួលយកបាន ទើបកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាឃុំជ្រោយស្តៅ បានប្រជុំសម្រេចស្នើសុំទៅថ្នាក់លើ ឲ្យដកតំណែងលោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ ចេញតែម្តងទៅ។

ទាក់ទឹននឹងសំណុំរឿងបាញ់បោះសេរី បំភ័យប្រជាជន ពីសំណាក់លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ បានសុំការបញ្ជាក់ពីនីតិវិធីច្បាប់ពី លោក នួន សាន្ត ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងដែរ តែលោកបានប្រាប់តាមទូរស័ព្ទវិញថា សូមទៅសួរអ្នកនាំពាក្យ។

ចំណែកលោកព្រះរាជអាជ្ញារង សេង ផានិត អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង មិនអាចសុំការបញ្ជាក់បានទេ នៅព្រឹកនេះ ព្រោះទូរស័ព្ទលោក ហៅចូលហើយ គ្មានអ្នកទទួល។

មហាជនកំពុងរងចាំមើលថា តើអំពើបាញ់បោះសេរី មិនញញើតច្បាប់របស់ លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅនេះ អាចត្រូវថ្នាក់លើ មើលឃើញ និងអនុវត្តច្បាប់ ចាប់ញាត់គុក ដូចជនបង្កផ្សេងៗ ដែរឬទេ?៕ ដោយ៖ ឡុក សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!