ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងប៉ុស្តិ៍នគរបាលព្រែកថ្មី ធ្វើការស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន​ ឃាត់ខ្លួន​បាន២នាក់ ដកហូតថ្នាំ​២៨កញ្ចប់តូចធំ​ និងវត្ថុតាំងមួយចំនួនទៀត!

7 ខែ មុន 31 តូ សុផល

 រាជធានីភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនិង​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតគ្រឿងញៀនជិត៣០កញ្ចប់ធំតូច រួមទាំងឧបករណ៍ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។ 

ករណីបង្ក្រាបខាងលើនេះធ្វើឡើង​កាលពីវេលាម៉ោង០៩:០០នាទីយប់ ថ្ងៃពុធ​ ០៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។ 

ជនសង្ស័យចំនួន០២នាក់រួមមាន ១-ឈ្មោះភាង កុសល ហៅចេក ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ 

២-ឈ្មោះស្រេង ប៊ុនថេន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទាំង០២នាក់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ 

សមត្ថកិច្ចក៏បានដកហូតបានវត្ថុតាងមាន ៖ ក្រាមពណ៍សថ្លា(សង្ស័យគ្រឿងញៀន) សរុប២៨កញ្ចប់ (២៥កញ្ចប់តូច និង០៣កញ្ចប់ធំល្មម)។​ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០១កំប្លេរ។ ទូរសព្ទ័ដៃ​ ០១គ្រឿងម៉ាក Nokia ពណ៍ខៀវ។ ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

លោក​អនុសេនីយ៍ឯក ម៉ៅ​ ស៊ីវ៉ន នាយប៉ុស្តិ៍នគរបាលព្រែកថ្មី បានឲ្យ​ដឹងថា​ នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលព្រែកថ្មី​ សហលារជាមួយកម្លាំងអធិការនគរបាលខណ្ឌច្បារអំពៅ​ បានធ្វើការស្រាវជ្រាវដឹងថានៅចំណុចកើតហេតុខាងលើ មានជនសង្ស័យធ្វើសកម្មភាពជួញដូរ និងចែកចាយថ្នាំញៀន បន្ទាប់មកសមត្ថិកិច្ចបានចុះប្រតិបត្តិការ​ឆ្មក់ចូលចំណុចកើតហេតុ​ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ​ នៅប៉ុស្តិ៍នគរបាលព្រែកថ្មី។ 

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ​ រួមទាំងវត្ថុតាង​ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីអនុវត្តតាមនិតិវិធី៕​ (អត្ថបទរូបភាព​ បងម៉េង​-Media​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ