ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូលឿនពេក​ វ៉ាក់អើចាប់ហ្វ្រាំងបោកទៅបុករថយន្ត Land Cruiser បើកឆ្លងផ្លូវចេញពីបុរីវីឡាថោន បណ្ដាលឲ្យរបួសធ្ងន់ នៅផ្លូវ៣០ម៉ែត្រ​ ក្រោយវិទ្យាល័យចាក់អង្រែ!

4 ខែ មុន 34 តូ សុផល

រាជធានីភ្នំពេញ ៖ យុវជនជាសិស្សសាលាម្នាក់ រងរបួសធ្ងន់សន្លប់ស្តូកស្តឹងបាត់ស្មារតី ត្រូវបានម្ចាស់រថយន្តរួមនិងសមត្ថកិច្ចហៅរថយន្តសង្គ្រោះ

មកដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យសួគ៌ា ក្រោយពីជិះម៉ូតូម៉ាក Scoopy តែម្នាក់ឯង លឿនពេក វ៉ាក់អើរថយន្តស៊េរីទំនើប Land Cruiser បើកចេញពីច្រកចូលបុរីវីឡាថោន “Town” ឆ្លងផ្លូវ ពេញទំហឹងចំកង់ខាងមុខចំហៀងក្បាលរថយន្តផ្នែកខាងឆ្វេង បណ្តាលឲ្យដួលបោកទាំងម៉ូតូនិងមនុស្ស សន្លប់ស្តូកស្តឹងនៅលើដងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:២៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខច្រកចូលបុរីឡាថោន (Town) ជិតសកលវិទ្យាល័យអន្តរជាតិ ISPP តាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងភូមិទួលរកា​១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនជាសិស្សសាលាម្នាក់ បានជិះម៉ូតូម៉ាក Scoopy ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1BA-2090 តែម្នាក់ឯង តាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចមុខក្លោងទ្វារបុរីវីឡាថោន ក៏បានវ៉ាក់អើ ហើយដោយសារល្បឿនលឿនជនរងគ្រោះបានចាប់ហ្វ្រាំងក៏ជ្រុលទៅបុកនឹងរថយន្តស៊េរីទំនើបម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-5199 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ពីជើងមកត្បូងចេញពីច្រកចូលបុរីវីឡាថោន (Town) ឆ្លងផ្លូវទើបតែបានបន្តិច ស្រាប់តែត្រូវម៉ូតូសិស្សសាលាខាងលើបុកចំកង់រថយន្តក្បាលខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដួលបោកទាំងមនុស្សនិងម៉ូតូទៅលើថ្នល់ រងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅហ្នឹងកន្លែង ហើយភ្លាមៗអ្នកបើកបររថយន្តស៊េរីទំនើប Land Cruiser មិនបានរត់ឬគេចវៀសទៅណានោះទេ គឺបានឈប់នៅកន្លែងកើតហេតុ​ទទួលខុសត្រូវផងដែរ។ បន្តិចក្រោយមកជនរងគ្រោះ​ ត្រូវបានបញ្ជូនតាមរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជន សួគ៌ា មកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។

ចំណែកភាគីខាងរថយន្តមានមនោសញ្ចេតនា បានយល់ព្រមជួយចេញសងចំនួន១០០០ដុល្លារ ដើម្បីបញ្ចប់រឿង និងទុកសម្រាប់ព្យាបាលជនរងគ្រោះ តែភាគីក្រុមគ្រួសារខាងយុវជនជាសិស្សសាលាដែលជាអ្នកបើកម៉ូតូ មិនទាន់សម្រេចបែបណានោះទេ ព្រោះរង់ចាំមើលសភាពរបួសជនរងគ្រោះសិន ។

បច្ចុប្បន្ន​បុរសអ្នកបើករថយន្តចិត្តធម៌បានប្រគល់សោររថយន្តដែលមានតម្លៃរាប់ម៉ឺនដុល្លារឲ្យទៅសមត្ថកិច្ច ដើម្បីវាស់វែងយករថយន្តរបស់គាត់ និងម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយផងដែរ៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!