អាណត្តិ លោក ឃួង ស្រេង ជាចៅហ្វាយក្រុង ប្រឹងសង្គ្រោះចិញ្ចើផ្លូវ និង…?

4 ខែ មុន 48 តូ សុផល

រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំរដ្ឋបាលរាជធានី់ភ្នំពេញបានចេញសេចក្តីណែនាំ​ ឱ្យប្រជាពលរដ្ឋម្ចាស់លំនៅស្ថាន ម្ចាស់អាជីវកម្ម

ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រង មន្ទីរពេទ្យ គ្រឹះស្ថានអប់រំសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការសម្រួល​ និងរៀបចំទីតាំងរបស់ខ្លួន​ ឲ្យបានត្រឹមត្រូវស្របតាមខ្លឹមសារណែនាំខាងលើនេះ។

នៅសាលារាជធានីភ្នំពេញ​ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ គណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ​និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ឱ្យមានប្រសិទ្ធភាព កិច្ចប្រជុំនេះក្រោមអធិបតីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងករណីប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឹះស្ថានអប់រំ អគារសាធារណៈវិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងឡាយណា មិនចូលរួមអនុវត្តតាមសេចក្តីខ្លឹមសារ នៃសេចក្តីណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការរដ្ឋបាល រួមមានបិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារះ រុះរើសំណង់ -ល-។ ក្នុងករណីចាំបាច់ ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន។

ជាមួយគ្នានោះដែរឯកឧត្តម​ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះរថយន្តដឹកទំនិញធុនធំ រថយន្តកុងតឺន័រ រថយន្តបាញ់បេតុង និងរថយន្តក្រឡុកស៊ីម៉ងត៍ ត្រូវចេញចូលរាជធានីភ្នំពេញ ដោយគោរពតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ និងចៀសវាងការប្រើប្រាស់ទ្រូងផ្លូវ ក្នុងការលើកដាក់ផ្ទេរទំនិញ បាញ់បេតុង ឬ ឈប់សំចតដោយអនាធិបតេយ្យ។

ក្នុងករណីបម្រើឱ្យការងារសំណង់ម្ចាស់ការដ្ឋានត្រូវណែនាំដល់អ្នកបើកបររថយន្តបាញ់បេតុងនិងរថយន្តក្រឡុកស៊ីម៉ង់ត៍ ត្រូវចត រថយន្តរបស់ខ្លួនឲ្យមានសណ្ដាប់ធ្នាប់ដាក់ស្លាកសញ្ញាសំគាល់ការដ្ឋាននិងត្រូវរៀបចំកម្លាំងដើម្បីជួយសម្រួលចរាចរណ៍។

ក្នុងកិច្ចប្រជុំឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោយពីដាក់ចេញនូវសេចក្តីណែនាំលេខ 0 0 7/ 17 សណនចុះថ្ងៃទី 8 ខែសីហា ឆ្នាំ២០១៧ ស្ដីពី ការដោះស្រាយចរាចរ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ក្នុងនោះផ្លូវសំខាន់ចំនួន ១១ខ្សែ ដើម្បីធ្វើជាគំរូសម្រាប់អនុវត្តវិធានការរួម។

រដ្ឋបាលរាជធានីភ្នំពេញកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ និងភាគីពាក់ព័ន្ធទាំងអស់បានយល់ដឹងអំពី ព្រំដែននៃកម្មសិទ្ធិ និងជាប្រយោជន៍សាធារណៈ ដោយបានកែប្រែទម្លាប់ និងឥរិយាបទ នៃការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ហើយបានចូលរួមជាមួយអាជ្ញាធរ​ មានសមត្ថកិច្ចក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ គឺបានទទួលការគាំទ្រ​ ពីមហាជនដ៏ច្រើនលើសលប់។

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន​ ជាពិសេសខណ្ឌ សង្កាត់ ត្រូវរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងនោះរដ្ឋបាលខណ្ឌទាំង១២ សមត្ថកិច្ចស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថរាជធានី រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញមន្ទីរដែនដីរៀបចំនគររូបនីយកម្មសំណង់ និងសូរិយោដីរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ជាសេនាធិការរបស់សាលារាជធានីភ្នំពេញ​ ដើម្បីអនុវត្តវិធានការនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ហើយស្រមតាម សេចក្តីណែនាំនេះ។

ជាមួយគ្នានោះឯកឧត្តម​ ឃួង ស្រេង បានកំណត់ថា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ការប្រើប្រាស់ចិញ្ចើមផ្លូវនិងទ្រូងផ្លូវ ការធ្វើរោងបុណ្យ និងកម្មវិធីផ្សេងៗ ម្ចាស់កម្មវិធីត្រូវលើកសំណើរសុំអាជ្ញាធរមូលដ្ឋានដោយភ្ជាប់នូវកិច្ចសន្យា និងគំរូទីតាំង ដើម្បីពិនិត្យ​និងសម្រេចលើសំណើរទៅនឹងកម្រិតប្រើប្រាស់ចាំបាច់ មិនឲ្យលើស ១/២នៃទ្រូងផ្លូវ និងត្រូវរៀបចំកម្លាំងសមស្រប ដើម្បីជួយសម្រួលចរាចរណ៍៕ (អត្ថបទដោយ​ បងម៉េង​-Media)​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!