ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនធុនធ្ងន់កែច្នៃដឹកទំនិញចេញចូលក្រុងព្រះសីហនុ

9 ខែ មុន 29 តូ សុផល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី ២៣ ខែមករា គ.ស២០១៩ នៅផ្លូវមុខរ៉ារថភ្លើង ក្រុងព្រះសីហនុ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកលោក ណុប ហេង អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារត្រួតពិនិត្យរថយន្តធំៗចូលក្រុង និងជាប្រធានមន្ទីរសាធារណៈការខេត្ដព្រះសីហនុ បាននាំមន្ត្រីជំនាញពាក់ពន្ធ័ បន្ដចុះអនុវត្តការងារតនៅចំណុចមុខកំពុងផែស្វយត័ក្រុងព្រះសីហនុ ដែលជាកន្លែងរថយន្តធំៗទាំងនោះតែឈប់ចតស្ទីររាល់ថ្ងៃ។ជាក់ស្តែងក្នុងប្រតិបត្តិការនេះ ក្រុមការងារបាន ឃាត់ឡានដឹកធន់ធ្ងន់កែច្នៃ ឡានអត់មានស្លាកលេខ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡានបានចំនួន ២១គ្រឿង។

លោក ណុប ហេង និយាយថា ក្រុមការងារចុះធ្វើការថ្ងៃនេះ គឺត្រូតពិនិត្យលក្ខណៈបច្ចេកទេសកែច្នៃរថយន្ដ (ឡាន) ឡានគ្មានស្លាកលេខសម្គាល់យាន និងត្រួតពិនិត្យប័ណ្ណបើកបរក្លែងក្លាយ។ ក្រុមការងារនឹងបន្ដធ្វើរហូតដូចភ្លៀងរលឹមនៅតាមបណ្ដាទីតាំងផ្សេងៗទៀតនៅក្រុង/ខេត្ដព្រះសីហនុ។ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡានកែច្នៃនេះ ឬឡានអត់ស្លាកលេខសម្គាល់ និងប័ណ្ណបើកបរក្លែងក្លាយនេះ គឺមានសារៈសំខាន់ណាស់សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបញ្ចៀសនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដូចជាការផ្ទុកលើសចំណុះ ចុះចំណោតចាប់ហ្វ្រាំងមិនជាប់ (ស៊ី) ដោយសាផ្ទុកលើសខុសលក្ខណៈបច្ចេកទេសនេះ។

លោកវរសេនីយ៍ទោ សំរឹទ្ធ លន់ មន្ត្រីនគរបាលការិយាល័យសណ្ដាប់ធ្នាប់ ចរាចរណ៍ផ្លូវគោកខេត្ដព្រះសីហនុ និយាយថា សម្រាប់ឆ្នាំ២០១៨ នេះ កម្លាំងសមត្ថកិច្ចជំនាញរកឃើញអ្នកកាន់ប័ណ្ណបើកបរក្លែងក្លាយប្រមាណ ១០% ហើយដកហូតទុកស្រាវជ្រាវរកអ្នកធ្វើ រួចឲ្យធ្វើកិច្ចសន្យាឲ្យពួកគាត់ទៅធ្វើថ្មីឲ្យស្របច្បាប់។ ករណីណែនាំ និងធ្វើកិច្ចសន្យា ហើយនៅមិនរាងចាលទេនោះ សមត្ថកិច្ច នឹងបន្ដកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា សម្រាប់ជាលទ្ធផលថ្ងៃនេះ ក្រុមការងារបានធ្វើការឃាត់រថយន្ដ (ឡាន) ដឹកកែច្នៃ និងរថយន្ដអត់ស្លាកលេខសម្គាល់បានចំនួន ២១គ្រឿង ដែលមានទ្រុងលើស ២ ទៅ ៣តឹក (៣០ សង់ទីម៉ែត្រ) និងរថយន្ដអត់ស្លាកលេខ ហើយធ្វើការណែនាំឲ្យកាត់ទ្រុងចេញឲ្យបានត្រឹមត្រូវតាមឈៀក (ត្រួតពិនិត្យបច្ចេកទេស) ដែលបានកម្រឹតតាមច្បាប់កំណត់។ ករណីមិនរាងចាល ក្រោយពីបានធ្វើការណែនាំ ឬកិច្ចសន្យាហើយ នៅតែមិនព្រមធ្វើតាមនោះ សមត្ថកិច្ចជំនាញនឹងធ្វើការកាត់ និងដកយកមករក្សាទុកនៅមន្ទីរសាធារណៈការ និងដឹកជញ្ជួន អាចនឹងកសាងសំណុំរឿងទៅតុលាការក្នុងករណីធ្ងន់ធ្ងរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ