ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលក្រុងព្រះសីហនុ   ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ ( ទឹកស្អុយ ) ចំនួន ៤ទីតាំង និងស្ថានីយចម្រោះទឹកស្អុយ ១ទីតាំង

9 ខែ មុន 34 តូ សុផល

ខេត្តព្រះសីហនុ៖ នា ព្រឹក ២២ មករា ២០១៩ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ   លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ លោក ទេព ស៊ីណូរ៉ា ប្រធានស្តីទីមន្ទីរបរិស្ថាន មន្ត្រីក្រុង និងចៅសង្កាត់៣-៤ បានចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ ( ទឹកស្អុយ ) ចំនួន ៤ទីតាំង និងស្ថានីយចម្រោះទឹកស្អុយ ១ទីតាំង ដែលមានទីតាំងដូចខាងក្រោម៖

ទី១ ស្ថានីយ៍បូមទឹកស្អុយទី១ អាចស្តុកទឹកស្អុយទំហំ ៧០០ម៉ែត្រគីប ក្នុងមួយថ្ងៃ នៅឆ្នេរឯករាជ្យក្បែរសណ្ឋាគារ ប៊្លូបេ ស្ថិតក្នុងសង្កាត់លេខ៣។

ទី២ ស្ថានីយ៍បូមទឹកស្អុយទី២ អាចស្តុកទឹកស្អុយទំហំ ៦០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ស្ថិតនៅអូរសម្អាត ទាល់មុខគុជអាស៊ី ស្ថិតនៅសង្កាត់លេខ៤។

ទី៣  ស្ថានីយ៍បូមទឹកស្អុយទី៣ អាចស្តុកទឹកស្អុយទំហំ ១.០០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ស្ថិតនៅអូរសម្អាត ចន្លោះពីសណ្ឋាគារសុខា ជាប់បរិវេណសណ្ឋាគារសុខា និងសណ្ឋាគារស៊ីហ៊ូ​ ស្ថិតនៅសង្កាត់លេខ៤។

ទី៤  ស្ថានីយ៍បូមទឹកស្អុយទី៤ អាចស្តុកទឹកស្អុយទំហំ ៨០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ស្ថិតនៅឆ្នេរអូរឈើទាល ចន្លោះឆ្នេរអូរឈើទាល និងឆ្នេរអារីស្តុន ស្ថិតនៅសង្កាត់លេខ៤។

អភិបាលក្រុង បញ្ជាក់ថា ស្ថានីយ៍ច្រោះសម្អាតទឹកកាកសំណល់ក្រុងព្រះសីហនុ មានទំហំផ្ទៃដី១៦ហិចតា និងអាចច្រោះសម្អាតទឹកកាកសំណល់ ២០.០០០ម៉ែត្រគីប ក្នុងមួយថ្ងៃ។

ការកសាងស្ថានីយ៍ទាំង ៤ទីតាំងខាងលើ ម្ចាស់គម្រោងគឺគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរកម្ពុជា ដែលមានរដ្ឋមន្ត្រី ចំនួន ៣ក្រសួង និងសហការគាំទ្រដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរកម្ពុជា មានសមាសភាពដូចខាងក្រោម៖

ទី១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា។

ទី២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និងជាអនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា។

ទី៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន និងជាអនុប្រធានទី២ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា។

ទី៤ ឯកឧត្តម យន្ត មីន អភិបាលខេត្ត និងជាសមាជិកគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា។

ការកសាងស្ថានីយ៍បូមទឹកស្អុយទាំង ៤ទីតាំងខាងលើ ក៏មានការចង្អុលបង្ហាញ និងការគាំទ្រថវិកា ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថវិកាមួយផ្នែកក៏បានតាមរយៈឯកឧត្តម ជា សុផារ៉ា ប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរកម្ពុជា ដែលបានអំពាវនាវវិស័យឯកជនជាតិ-អន្តរជាតិ។

ដោយឡែកក្រុមហ៊ុនដែលកសាងស្ថានីយ៍ទាំង ៤ទីតាំងខាងលើ គឺថ្នាក់ជាតិ ដែលមានឯកឧត្តម ជា សុផារ៉ា ជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរកម្ពុជា ជាអ្នកជ្រើសរើស និងណែនាំទាំងអស់។

ចំពោះថ្នាក់ក្រោមជាតិ អាជ្ញាធរខេត្ត ក្រុង និងមន្ទីរទាំងខាងលើ គ្រាន់តែសហការ ចូលរួមជាមួយថ្នាក់ជាតិ និងជំនាញ ដើម្បីពន្លឿងការសាងសង់ និងដោះស្រាយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាផ្សេងៗ ដែលថ្នាក់ជាតិ ចង្អុរបង្ហាញប៉ុណ្ណោះ ពីព្រោះគម្រោងនេះ ការចំណាយហួសសមត្ថភាពខេត្ត ក្រុង និងមន្ទីរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ