ព្រឹតិ្តការណ៍ថ្មីៗ

សម្រេច​ឃុំខ្លួន​ អតីត​សកម្មជន​ក្រុមប្រឆាំង គង់​ ម៉ាស់​ ពាក់ព័ន្ធ​ការ​​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​

9 ខែ មុន 57 តូ សុផល

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៩​នេះ​ លោក​ចៅក្រម​ ម៉ុង​ មុនី​សោភា​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​

ជនជាប់ចោទ​ឈ្មោះ​ គង់​ ម៉ាស់​ ដែល​សកម្មជន​បក្ស​ប្រឆាំង​ អតីត​សកម្មជន​ក្រុមប្រឆាំង​ម្នាក់​ ត្រូវ​បាន​លោក​ អ៊ុ​ សុភ​ក្តី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ បាន​ចោទប្រកាន់​ចំនួន​២​បទល្មើស​ ពាក់ព័ន្ធ​ការ​ប្រមាថ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ញុះញង់​បង្កចលាចល​ក្នុង​សង្គម​ ។​
​យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ក្រោយ​ឃាត់ខ្លួន​ជន​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​ធ្វើការ​សាកសួរ​ តាម​ការ​ស្រាវជ្រាវ​ វត្ថុ​តាង​ក្នុង​កុំព្យូទ័រ​ គឺ​មាន​ឯកសារ​សំខាន់ៗ​ជា​ច្រើន​ដែល​ទាក់ទង​នឹង​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ តាម​បញ្ជា​របស់​បុគ្គល​ សម​ រង្សី​ ។​
​លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា​ ជនសង្ស័យ​រូប​នេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បទ​ប្រមាថ​»​ តាម​មាត្រា​៤៩៥​ និង​មាត្រា​៥០២​ នៃ​ក្រមព្រហ្មទណ្ឌ​ ។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ លោក​ កែវ​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​បុគ្គល​ គង់​ ម៉ាស់​ បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ​ ៖ ​ធ្វើ​សកម្មភាព​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​ និង​ញុះញង់​ដោយ​ប្រើ​ខ្សែអាត់​វី​ដេ​អូ​ផ្សព្វផ្សាយ​នា​ពេល​កន្លង​មក​ តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ក្នុង​គោលបំណង​ឲ្យ​សាធារណជន​ និង​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ស្អប់ខ្ពើម​បង្ក​ជា​ភាព​ចលាចល​ អសន្ដិសុខ​ក្នុង​ប្រទេស​ ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ