ព្រឹតិ្តការណ៍ថ្មីៗ

ដកមេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ​ច្រកទ្វារប៉ោយប៉ែត លោកស៊ឹម សំអាត ចេញ ដាក់ លោក ខឹម​ ចិត្រា ចូល

9 ខែ មុន 86 តូ សុផល

បន្ទាយមានជ័យ​ ៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែងនាយប៉ុស្តិ៍​នគរបាលអន្តោរប្រវេសន៍​

ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែតថ្មី​ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅរសៀល​ថ្ងៃទី​១៧​ ខែមករា ឆ្នាំ​២០១៩​។

តាមការសម្រេចលោក​វរសេនីយ៍ទោ ខឹម​ ចិត្រា​ ត្រូវបានតែងតាំងជានាយប៉ុស្តិ៍​នគរបាល​អន្តោរប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ជំនួសលោក​វរសេនីយ៍​ទោ​ ស៊ឹម​ សំអាត​ ជាអនុប្រធាន​នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​វិញ​។

ពិធីដែរធ្វើឡើងក្រោម​វត្តមាន នាយឧត្ដមសេនីយ៍ ​ឃុន​ សំបូរ​ អគ្គនាយករង​នគរបាល​អន្តោប្រវេសន៍​ និងលោក ​ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្ត​បន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោក​ ជឺ​ សុខ​ ប្រធាន​សាលាដំបូងខេត្ត​, លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត​ ព្រមទាំងមន្ត្រី​នគរបាល​ មន្ត្រី​គយ​ មន្ត្រី​កាំកុង​ត្រូល​ និងនគរបាល​ការពារ​ព្រំដែន​ជាច្រើននាក់ផងដែរ។

ក្រោយ​ប្រកាស​ចូលកាន់​តំណែង លោក​វរសេនីយ៍ទោ ខឹម​ ចិត្រា​ បាន​ប្តេជ្ញាចិត្ត​ នឹង​ខិតខំ​បម្រើ​ការងារ​ជូន​អង្គភាព​ឲ្យ​បានល្អ​ប្រសើរ ដោយ​បន្ត​សហ​ប្រតិបត្តិការ​ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន ​គ្រប់​ប្រភេទ​ក្នុង​តំបន់​គ្រប់គ្រង ពិសេស​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត។

នាយឧត្ដមសេនីយ៍​ ឃុន​ សំបូរ​ បានថ្លែងក្រើនរំឭក​ ដល់នាយប៉ុស្តិ៍​នគរបាលច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ដែលចូលកាន់​តំណែងថ្មី ត្រូវខិតខំ​ពង្រឹង​ការងារ​ក្នុង​អង្គភាព​ឲ្យបានល្អ ត្រូវ​ចេះ​រឹតចំណង​សាមគ្គីភាព​ឲ្យ​បាន​ទូលំទូលាយ ពិសេស​ត្រូវ​ចេះ​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​ និង​អង្គភាព​ជំនាញ​នានា ដើម្បី​អនុវត្តន៍​ការងារ​ទទួលបាន​ជោគជ័យ ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​។ ជាង​នេះទៀត ភារកិច្ច​របស់​មន្ត្រីនគរបាលច្រកទ្វារព្រំដែន គឺ​ការទទួលខុសត្រូវ​គ្រប់បែបយ៉ាង ​ពីសន្តិសុខសណ្តាប់ធ្នាប់ក្នុង​តំបន់​ នៃ​ខ្សែបន្ទាត់​ព្រំដែន​ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ